សម្លម្ជូរក្រអៅឈូក

ថ្ងៃនេះ​យើងសូម​ធ្វើការ​បង្ហាញ​ពីវិធី​ធ្វើ​ម្ហូប​មួយ​មុខ​ទៀត គឺ​ សម្លម្ជូរ​ក្រអៅឈូក។ ដូច្នេះ​សូម​អនុវត្ត​ជាមួយយើងខ្ញុំទាំង​អស់គ្នា​ដូច​ខាង​ក្រោម៖

+ គ្រឿងផ្សំ
– ត្រីឆ្លាំង ៣០០ក្រាមកាត់ជាកង់ៗ
– បង្គា ៣-៤បកសំបកយកក្បាលចេញ
– ក្រអៅឈូក ២ដុំកាត់កង់ប្រវែងជិត៣ថ្នាំងដៃ
– ទឹកអំពិលទុំ ២ស្លាបព្រាបាយ
– កាពិ ១ស្លាបព្រាកាហ្វេ
– អំបិល ១ចិប
– ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
– ស្ករត្នោត ១ស្លាបព្រាកាហ្វេ
– ទឹកត្រី ១ស្លាបព្រាកាហ្វេ
– ស្លឹកក្រូចសើច ៣-៤សន្លឹក
– ផ្លែក្រូចសើច ២ចំណិត
– ខ្ទឹមស ៣កំពឹស
– ខ្ទឹមក្រហម ១ដុំហាន់ដើម្បីស្រួលបុក
– ម្ទេសឆ្អើរ ២-៣ផ្លែចិញ្ច្រាំ
– ម្ទេសស្រស់ ដាក់តាមការចូលចិត្ត

+ វិធីធ្វើ
១. ជាដំបូងត្រូវដាក់ដាំឆ្នាំងសម្លសិន នៅពេលដែលកំពុងតែដាំនោះ អ្នកត្រូវយកត្បាល់មកបុក ម្ទេសឆ្អើរ, ខ្ទឹមស, ខ្ទឹមក្រហម, កាពិ និងស្ករសត្នោត​បញ្ចូលគ្នា​ឲ្យ​សព្វ ប៉ុន្តែកុំឲ្យម៉ត់។

២. នៅពេលដែលទឹកពុះដាក់បង់ត្រីចូលគ្របទុកមួយពុះទៀតចាំដាក់គ្រឿងដែលបានបុកចូលដែរ រួចហើយផ្សំគ្រឿងបន្ថែមមាន អំបិល, ប៊ីចេង, ទឹកត្រី និងទឹកអំពិលទុំ។

៣. ដាក់ក្រអៅឈូកចូលទុកមួយភ្លេតសិន បន្ទាប់មកដាក់បង្គានិងផ្លែក្រូចសើច (ដាក់យកខ្លិន) ទុកឲ្យសម្លរពុះ។

៤. បន្ទាប់ពីសម្លបានពុះហើយត្រូវស្រង់ផ្លែក្រូចសើចចេញ រួចក៍ដាក់ស្លឹកក្រូចសើចចូលវិញជាការស្រេច៕

ប្រភព៖ khmerwonder