បុរស​ជប៉ុន​បើក​ហួស​ល្បឿន​កំណត់ រង​របួសធ្ងន់

ខេត្តសៀមរាប ៖ បុរស​ជនជាតិ​ជប៉ុន​២​នាក់​បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ដល់​ចំណុច​ផ្លូវ​កោង​មិន​ប្រយ័ត្ន ជ្រុល​ចង្កូត​ទៅ​ប៉ះ​នឹង​បង្គោល​ដែល​រាំង​តាម​ផ្លូវ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ទាំង​២​នាក់​តែ​ម្តង​។ ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯង​នេះ កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​ទឹក​លិច ឃុំ​បឹង​មាលា ស្រុក​ស្វាយ​លើ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦៤​។

លោក​វរសេនីយ៍ត្រី ស៊ុន អេ​ង អធិការ​នគរបាល​ស្តីទី​ស្រុក​ស្វាយ​លើ បានឱ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែមីនា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បណ្ដាល​មក​ពី​ជនជាតិ​ជប៉ុន​បើកបរ​ក្នុង​ល្បឿន​លឿន​ហួសកំណត់ នៅ​លើ​កំណាត់​ផ្លូវ​កោង ហើយ​បត់​ចង្កូត​មិន​ទាន់ ក៏​ជ្រុល​ទៅ​ប៉ះ​នឹង​ប​ង្កោ​ល​រាំង​បណ្ដាល​ឱ្យ​ម៉ូតូ​ដួល​តែ​ម្តង​។

លោក​អធិការ​នគរបាល​បាន​បន្ត​ថា ជនជាតិ​ជប៉ុន​ទាំង​២​នាក់ មាន ១-​ឈ្មោះ ធូ គូ​ដា​តាស់​ស៊ូ​យ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ហ៊ា​ត តូ​វី​សូ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​។ ចំណែក​ម៉ូតូ​ដែល​ជនជាតិ​ជប៉ុន​ទាំង​២​នាក់​នោះ​បើកបរ​ម៉ាក អ៊ែ​ប្លែក ពាក់​ស្លាក​លេខ បាត់ដំបង 1F- 4707  បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើត​មក​ត្បូង​។ ជន​រង​គ្រោះ​ទាំង​២​នាក់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​ឯកជន​រស្មី​អង្គរ ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ​។ ចំណែក​ម៉ូតូ​ត្រូវ​បាន​កម្លាំង​ជំនាញ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ​៕