ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ គាត ឈន់ ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ការងារ​អភិវឌ្ឍន៍​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​

ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ គាត ឈន់ ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ការងារ​អភិវឌ្ឍន៍​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​



ភ្នំពេញ ៖ ឯកឧត្ដម​គតិ​សេដ្ឋា​បណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ទីស្ដីការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ការងារ​អភិវឌ្ឍន៍​វិស័យ​មីក្រូហិរញ្ញវត្ថុ ដើម្បី​ពិនិត្យ​លើ​ឯកសារ​បច្ចុប្បន្ន​កម្ម​គោលនយោបាយ និង​យុទ្ធសាស្ត្រ​វិស័យ​មីក្រូហិរញ្ញវត្ថុ ដែល​ពី​នេះ​ក៏​មាន​វត្តមាន​របស់​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារ​ជាតិ នៃ​កម្ពុជា លោក លោកស្រី​ ជា​រដ្ឋលេខាធិការ តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួង​អភិវឌ្ឍន៍​ជនបទ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី ធនាគារ​អភិវឌ្ឍន៍​ជនបទ សមាគម​ធនាគារ​កម្ពុជា សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​សរុប​ជាង​៣០​នាក់។

សូម​បញ្ជាក់​ថា គណៈកម្មាធិការ​ដឹកនាំ​ការងារ​អភិវឌ្ឍ​វិស័យ​មីក្រូហិរញ្ញវត្ថុ (​គ​.​ម​.​ហ​.) ត្រូវបាន​បង្កើត ឡើង​ដោយ​អនុក្រឹត្យ​លេខ​៥៦ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៥ និង​សេចក្តី​សម្រេច​តែងតាំង សមាសភាព​គណៈកម្មាធិការ​ដឹក​នាំ​ការងារ​អភិវឌ្ឍន៍​វិស័យ​មីក្រូហិរញ្ញវត្ថុ​លេខ​៨១ សសរ ចុះ​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៥។ គណៈកម្មាធិការ​ដឹកនាំ​ការងារ​អភិវឌ្ឍន៍​វិស័យ​មីក្រូហិរញ្ញវត្ថុ គ​.​ម​.​ហ​. មាន​តួនាទី​ និង​ភារកិច្ច​សំខាន់​ក្នុង​ការ​ពិនិត្យ​ និង​អនុម័ត​គោលនយោបាយ និង​យុទ្ធសាស្ត្រ​វិស័យ​មីក្រូហិរញ្ញវត្ថុ​របស់​រាជរដ្ឋាភិបាល ព្រមទាំង​សម្របសម្រួល​ និង​តាមដាន​វឌ្ឍនភាព នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​សម្រាប់​រាយការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា។

កិច្ចប្រជុំ​នៅ​ថ្ងៃ​នេះ ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​ការធ្វើ បច្ចុប្បន្ន​កម្ម​នៃ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​វិស័យ​មីក្រូហិរញ្ញវត្ថុ​ឆ្នាំ​២០០៧ ទៅជា​គោលនយោបាយ និង​យុទ្ធសាស្ត្រ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៦-២០២៥​។

ឯកសារ​នេះ ​នឹង​ត្រូវ​ធ្វើ​បច្ចុប្បន្ន​កម្ម បន្ទាប់ពី​ឯកសារ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​២០១១-២០២០ បាន​និង​កំពុង​ពិនិត្យ​កែសម្រួល​ឡើងវិញ ដើម្បីឲ្យ​ឯកសារ​ទាំងនេះ​មាន​លក្ខណៈ​បំពេញបន្ថែមឲ្យ​គ្នា និង​ឆ្លើយតប​ទៅនឹង​តថភាព​ជាក់ស្ដែង​របស់​សេដ្ឋកិច្ច​សង្គម។ ឯកសារ​នេះ​ក៏​នឹង​ទទួលយក​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី​ប្រកាស​បើក​សន្និសីទ​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា នា​ថ្ងៃ​ទី​១៤-១៥ ខែ​មីនា ឆ្នាំ​២០១៦ នៅ​វិមាន​សន្តិភាព។

កិច្ច​ប្រជុំ​បាន​ប្រមែប្រមូល​ធាតុ​ចូល​សំខាន់ៗ​ពី​សមាជិក​អង្គប្រជុំ ព្រមទាំង​អនុសាសន៍​ និង​សំណូមពរ​ដែល​ទទួល​បាន​ពី​សន្និសីទ​ការ​អភិវឌ្ឍ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា នា​ថ្ងៃ​ទី​១៤-១៥ ខែ​មីនា ឆ្នាំ​២០១៦ កន្លងមក​ថ្មីៗ។

ការ​រៀបចំ​កែលំអ​គោលនយោបាយ ​និង​យុទ្ធសាស្ត្រ​វិស័យ​មីក្រូហិរញ្ញវត្ថុ គឺ​មាន​គោលបំណង ឆ្លើយតប​នឹង​ការ​អភិវឌ្ឍ​បរិយាបន្ន​ហិរញ្ញវត្ថុ ដោយ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​គ្រួសារ ដែល​មាន​ចំណូល​ទាប​អាច​ទទួល​បាន​សេវា​មីក្រូហិរញ្ញវត្ថុ មានតម្លៃ​សមស្រប ដែល​ជា​ការចូលរួម​ចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ។

អង្គប្រជុំ​បានសម្រេច​បង្កើត​ក្រុមការងារ​អាដហុក ដែល​ដឹកនាំ​ដោយ​លោក​ទេសាភិបាល​ធនាគារ​ជាតិ ​នៃ​កម្ពុជា និង​មាន​សមាជិក​ពាក់ព័ន្ធ​មួយចំនួនទៀត ដើម្បី​រៀបចំ​ជា​សេចក្ដីព្រាង​គោលនយោបាយ និង​យុទ្ធសាស្ត្រ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នេះ និង​ដាក់​នូវ​កិច្ចប្រជុំ​ពិភាក្សា ពិនិត្យ អនុម័ត​ក្នុង​កិច្ចប្រជុំ គ​.​ម​.​ហ​.​លើក​ក្រោយ​ទៀត​៕
ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ គាត ឈន់ ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ការងារ​អភិវឌ្ឍន៍​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​