រីសត​ មួយ​កន្លែង​​​ ក្នុង​ដី​ព្រៃ​របស់​រដ្ឋ​ កំពុង​ធ្វើ​ការ​សាងសង់​​ ដោយ​មាន​ការ​បិទបាំង

រីសត​ មួយ​កន្លែង​​​ ក្នុង​ដី​ព្រៃ​របស់​រដ្ឋ​ កំពុង​ធ្វើ​ការ​សាងសង់​​ ដោយ​មាន​ការ​បិទបាំង



មណ្ឌលគិរី ​៖ ​ដី​ព្រៃ​របស់​រដ្ឋ​ចំនួន​១០០​ហិកតា​ ស្ថិត​ក្នុង​ភូមិ​ជ្រៃ​សែន​ នៅ​ជាប់​ព្រំប្រទល់​គ្នា​រវាង​សង្កាត់​រមនា​ និង​សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោរម្យ ​ជាប់​ជាមួយ​ដី​ព្រៃ​រមណីយដ្ឋាន​ទឹកធ្លាក់​មនោ​រម្យ ​ហៅ​ដំណាក់​ស្ដេច​ ត្រូវ​បាន​លោក​ហ៊ាង ឆៃលី ហៅ​ឆៃលី ​ភេទ​ប្រុស​អាយុ​ ជាង​៤០​ឆ្នាំ ​ជា​អ្នក​ប្រាក់​ស្ដុកស្ដម្ភ​ម្នាក់​ រស់នៅ​ភូមិ​ចំបក់ ​សង្កាត់​ស្ពាន​មានជ័យ​ក្រុង​សែន​មនោ​រម្យ ​ទៅ​ទន្ទ្រាន​ដើម្បី​សាងសង់​រី​សត យ៉ាង​អនាធិបតេយ្យ​ តែ​ខាង​អាជ្ញាធរ​ខេត្ត​ក្រុង ​និង​ជំនាញ​ពាក់ព័ន្ធ​កំពុង​មើល​រំលង។

ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​មណ្ឌលគិរី​ស្នើ​ឲ្យ​រដ្ឋបាល​សាលាខេត្ត​មណ្ឌលគិរី​ និង​អង្គភាព​ពាក់ព័ន្ធ​ជួយ​ស្រាវជ្រាវ​ពិនិត្យ​ទីតាំង​ខាង​លើ​នោះ​ផង​ ដើម្បី​ធានា ថែរក្សា​ឲ្យបាន​នូវ​ធនធានធម្មជាតិ​ ដី ព្រៃឈើ និង​ឈាន​ទៅ​រក​ធ្វើការ​វាស់វែង​ឲ្យ​បាន​ច្បាស់លាស់​​អំពី​ទំហំ​ផ្ទៃដី​ និង​ព្រៃឈើ​ក្នុង​បរិវេណ​ទឹកធ្លាក់​មួយ​នេះ​ ជៀសវាង​ការ​រុករាន​ទន្ទ្រាន​យក​ដី ព្រៃឈើ ពី​សំណាក់​អ្នក​មាន​ទ្រព្យ​ខាង​លើ​ធ្វើឲ្យ​ទីតាំង​រមណីយដ្ឋាន​នោះ​ចេះតែ​រួម​តូច​ទៅ​ៗ​ ក្រោម​ការ​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​ខិលខូច​មួយ​ចំនួន​ធ្វើ​ការ​បិទបាំង​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។

លោក​ភី ងូ​ក ចៅសង្កាត់​រមនា​ប្រាប់​ឲ្យ​ដឹង​ថា ចំពោះ​ទីតាំង​ដី​ព្រៃ​របស់​លោក​ហ៊ាង ឆៃលី​ ដែល​កំពុង​សាងសង់​រី​សត​នោះ​ វា​ជា​ដី​ព្រៃ​ពិតមែន ហើយ​លោក​ផ្ទាល់​មិនបាន​ដឹង​ថា​តើ​លោក ហ៊ាង ឆៃលី ​ទិញ​ពី​អ្នកណា​នោះ​ទេ គ្រាន់តែ​បាន​ដឹង​តៗ​គ្នា​ថា​ដី​ព្រៃ​នេះ​ លោក​ឆៃលី​ យក​ម៉ាស៊ីន​ត្រង់សឺន័រ​កាត់​ឈើ​ដូរ​ជាមួយ​បងប្អូន​ជនជាតិ​ព្នង​ជា​ថ្នូរ​បាន​ដី​ព្រៃ​ខាងលើ​នោះ។ ដោយឡែក​រូបលោក​​​ពុំ​បាន​ដឹង​អ្វី​ទាំងអស់។

លោក​ឆុំ សូ​រី ចៅសង្កាត់​មនោ​រម្យ​ឲ្យ​ដឹង​ថា ​ទីតាំង​លោក​ហ៊ាង ឆៃលី​ កំពុង​សាងសង់​រី​សត​នោះ​គឺ​ស្ថិតនៅ​ដី​ព្រៃ​សង្កាត់​រមនា។ ដោយឡែក​ផ្ទៃដី​ព្រៃ​របស់​រដ្ឋ​នៅ​ទីតាំង​នោះ​ លោក​បាន​បញ្ជាក់​ប្រាប់​ថា​ តាម​ការ​អះអាង​របស់​លោក ហ៊ាង ឆៃលី ​និង​ការ​ចុច ជី​ភី​អេស អាច​មាន​១០០​ហិកតា​មែន ហើយ​ផ្ទៃដី​ដែល​លោក​ឆៃលី​កំពុង​សាងសង់​រីសត​ បាន​​ប៉ះពាល់​ដី​ព្រៃ​រមណីយដ្ឋាន​ទឹកធ្លាក់​មនោ​រម្យ ហៅ​ដំណាក់​ស្ដេច​ជាច្រើន​ហិកតា​ទៀត​ផង។

លោក​ឡុង វិ បុល​ អភិបាល​ក្រុង​សែន​មនោ​រម្យ​ឲ្យ​ដឹង​ថា លោក​ពុំបាន​ដឹង​ថា​តើ ​ផ្ទៃ​ដី​ព្រៃ​ក្នុង​បរិវេណ​រមណីយដ្ឋាន​ទឹកធ្លាក់​មនោ​រម្យ​ហៅ​ដំណាក់​ស្ដេច​នោះ​មាន​ផ្ទៃដី​ប៉ុន្មាន​ហិកតា​នោះ​ទេ ទាល់តែ​ខាង​មន្ទីរ​ទេសចរណ៍​ទើប​អាច​ដឹង។

លោក ង៉ិ​ន សុ​វិមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ បាន​ប្រាប់​ថា មន្ទីរ​របស់​លោក​មាន​នៅ​ក្នុង​របាយការណ៍​ពី​ចំនួន​ផ្ទៃដី​រមណីយដ្ឋាន​នេះ​ តែ​ថ្ងៃនេះ​លោក​មិន​នៅ​ក្នុង​ខេត្ត​នេះ​ទេ។ លោក​បាន​បញ្ជាក់​ប្រាប់​ថា ក្រោយមក​ផ្ទៃដី​នេះ​ត្រូវ​បាន​កាត់ចេញ​មួយ​ចំនួន​ឲ្យទៅ​ប្រជាពលរដ្ឋ។

មហាជន​ជាច្រើន​នៅ​ខេត្ត​មណ្ឌលគិរី​បាន​នាំគ្នា​កំពុង​ទទឹង​រង់​ចាំ​មើល ថា​តើ​លោក ស្វាយ សំ​អ៊ាង​ អភិបាលខេត្ត​ឡើង​កាន់​ដំណែង​ថ្មី​​ មាន​វិធានការ​ក្នុង​ការ​ស្រាវជ្រាវ​ពិនិត្យមើល​លើ​ករណី​មួយ​នេះ​ឲ្យបាន​ត្រឹមត្រូវ​ឬទេ​?​ ហើយ​បើ​សិន​ជា​ការ​សាងសង់ រី​សត របស់​លោក​ហ៊ាង ឆៃលី​ប្រឈម​ទៅ​រក​ការ​ខុសច្បាប់​មែន​ តើ​អភិបាលខេត្ត​ថ្មី​ នឹង​ចាត់​វិធានការណ៍​តាមច្បាប់​ដែរ​ឬ​អត់​?៕

រីសត​ មួយ​កន្លែង​​​ ក្នុង​ដី​ព្រៃ​របស់​រដ្ឋ​ កំពុង​ធ្វើ​ការ​សាងសង់​​ ដោយ​មាន​ការ​បិទបាំង

រីសត​ មួយ​កន្លែង​​​ ក្នុង​ដី​ព្រៃ​របស់​រដ្ឋ​ កំពុង​ធ្វើ​ការ​សាងសង់​​ ដោយ​មាន​ការ​បិទបាំង