​ឃាត់​ខ្លួន​ក្មេង​ប្រុស​ស្ទាវ​២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន

​ឃាត់​ខ្លួន​ក្មេង​ប្រុស​ស្ទាវ​២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន



ភ្នំពេញ ៖ ក្មេង​ស្ទាវ​ប្រុសៗ​២​នាក់ ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ​ចាប់ខ្លួន​ពី​បទ​រក្សា​ទុក​ថ្នាំញៀន​លួចលាក់​ខុសច្បាប់ ខណៈ​ពេល​ពួកគេ​កំពុង​ធ្វើ​ដំណើរ​តាមផ្លូវ​លេខ​១០០៣ ក្នុង​ភូមិ​បា​យ៉ាប​ ក្រុម​ទី​៥ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ នា​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។

ក្រុម​ក្មេង​ស្ទាវ​ទាំង​២​នាក់​នោះ ១/​ឈ្មោះ ភោគ វិសាល អាយុ​២០​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅផ្ទះ​ជួល លេខ​១ ក្នុង​ភូមិ​សែន​សុខ​ទី​៧ ផ្លូវ​លេខ​២៣០ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ។​
២/ឈ្មោះ​ ខេង វ​ណ្ណះ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជាង​ផ្សារ​ដែក ស្នាក់នៅ​ផ្ទះ​ជួល​ជាមួយ​​គ្នា​ខាង​លើ។ ប៉ូលិស​និយាយ​ថា ការ​ចាប់​ខ្លួន​ជនជាប់ចោទ​ទាំង​២​នាក់​ខាង​លើ​ធ្វើ​ឡើង​ខណៈ​ពេល​ដែល​កង​កម្លាំង​សមត្ថកិច្ច​កំពុង​ជិះ​ម៉ូតូ​យាមល្បាត​ក្នុង​ភូមិសាស្ត្រ​បាន​ប្រទះ​ឃើញ​ពួកគេ ទាំង​២​នាក់​កំពុង​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ធូ​ឌេ​ តាម​បណ្ដោយ​ផ្លូវ​លេខ​១០០៣ ដោយមាន​ការសង្ស័យ​ក៏បាន​ឃាត់​សុំ​ឆែកឆេរ​រក​ឃើញ​ថ្នាំញៀន​១​កញ្ចប់​តូច​ទើប​ឃាត់ខ្លួន​នាំ​យក​មក​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី និង​បាន​បន្ត​បញ្ជូន​មក​ដាក់​ឃុំខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ។

ពួកគេ​បាន​ប្រាប់​ប៉ូលិស​ថា ថ្នាំញៀន​ពួកគេ​បាន​ទិញ​នៅ​ម្តុំ​មុខ​ពេទ្យ​លោកសង្ឃ ដើម្បី​យក​មក​​ប្រើប្រាស់​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ មិនមែន​យក​ទៅ​ជួញដូរ​លក់​ឲ្យ​គេ​នោះ​ទេ តែ​ខណៈ​ពេល​កំពុងតែ​ធ្វើ​ដំណើរ​ក៏​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​តែម្ដង៕