សម្ដេច​តេ​ជោ ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​លើក​ទី​១​ នៅ​ប្រទេស​ចិន ​រយៈពេល​៣​ថ្ងៃ​

សម្ដេច​តេ​ជោ ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​លើក​ទី​១​ នៅ​ប្រទេស​ចិន ​រយៈពេល​៣​ថ្ងៃ​



ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​លើក​ទី​១ នៅ​ខេត្ត​ហៃ​ណាន សាធារណរដ្ឋ​ប្រជា​មានិត​ចិន រយៈពេល​៣​ថ្ងៃ នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​ចុះ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។

តាម​ក្រសួងការបរទេស​បញ្ជាក់​ថា តាន​ការ​អញ្ជើញ​របស់​លោក ​លី ខឺ​ឈាង (Li Keqiang) នាយករដ្ឋមន្ត្រី ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​លោក​ ហ្ស៊ូ វេន​ហ្ស៊ុ​ង (ZHOU Wenzhong) អគ្គ​លេខាធិការ ​នៃ​វេទិកា​បូ​អាវ​សម្រាប់​អាស៊ី សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​មួយ​អញ្ជើញ​ទៅ​ចូលរួម “​កិច្ច​ប្រជុំ​កំពូល​មេគង្គ​” ដែល​នឹង​ប្រព្រឹត្តទៅ​ពី​ថ្ងៃ​ទី​២២-២៤ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ទីក្រុង​សាន​យ៉ាង និង​ទីក្រុង​បូ​អាវ ក្នុង​ខេត្ត​ហៃ​ណាន​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

គណៈប្រតិភូ​អម​ដំណើរ​រួមមាន លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​សមាជិក​រាជរដ្ឋាភិបាល​ជា​ច្រើន​នាក់​ទៀត ហើយ​នៅ​ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​លើក​ទី​១​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នឹង​ថ្លែង​សន្ទរកថា ក្រោម​មូលបទ “​ការ​ចែក​រំលែក​ទន្លេ​-​ការ​ចែក​រំលែក​អនាគត​”។

ក្រសួងការបរទេស​បញ្ជាក់​ដែរ​ថា នៅ​ក្នុង​កិច្ចប្រជុំ​នោះ សម្ដេច​តេ​ជោ រួម​ជា​មួយ​ប្រមុខ​រដ្ឋា​ភិ​បាល​បណ្ដា​ប្រទេស​មេគង្គ និង​ចិន​អនុម័ត​នូវ​ឯកសារ​ចំនួន​៣​រួមមាន ទី​១-​សេចក្ដីថ្លែងការណ៍​ទីក្រុង​សាន​យ៉ា នៃ​កិច្ចប្រជុំ​កំពូល សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​១។ ទី​២-​សេចក្ដីប្រកាស​រួម​ស្ដីពី​កិច្ច​សហ​ប្រតិបត្តិការ សមត្ថភាព​ផលិតកម្ម នៃ​បណ្ឌា​ប្រទេស​មេគង្គ​-​ឡាន​ឆាង។ ទី​៣-​គម្រោង​ឆាប់​ទទួល​បាន​ផល​ភ្លាមៗ នៃ​កិច្ច​សហ​ប្រតិបត្តិការ មេគង្គ​-​ឡាន​ឆាង។​

ក្រសួងការបរទេស​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា សម្ដេច​តេ​ជោ ហ៊ុន សែន នឹង​ថ្លែង​សន្ទរកថា​នៅ​ក្នុង​ពិធី​បើក​វេទិកា​ពេញអង្គ​របស់​សន្និសីទ​ប្រចាំ​ឆ្នាំ​២០១៦ នៃ​វេទិកា​បូ​អាវ​សម្រាប់​អាស៊ី​ ក្រោម​មូលបទ “​អនាគត​ថ្មី​របស់​អាស៊ី​ ៖ កម្លាំង​ចលក​ថ្មី ចក្ខុវិស័យ​ថ្មី​”​។ ក្នុង​ទស្សនកិច្ច​រយៈ​ពេល​៣​ថ្ងៃ​ នៅ​ប្រទេស​ចិន​នោះ​ដែរ សម្ដេច​តេ​ជោ ហ៊ុន សែន គ្រោង​នឹង​ជួបពិភាក្សា​ការងារ​ទ្វេភាគី ជា​មួយ​នាយករដ្ឋមន្ត្រី​ចិន លី ខឺ​ឈាង និង​ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី លោក អាំ​រកា ឌី​ដ្វូ​រ​កូ​វី​ច ផងដែរ​។​

សូម​បញ្ជាក់​ថា វេទិកា​អូ​អាវ​សម្រាប់​អាស៊ី គឺជា​វេទិកា​សំខាន់​បំផុត​សម្រាប់​ទ្វីប​អាស៊ី ពីព្រោះ​ចាប់​តាំងពី​ការ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០១​មក​ វេទិកា​នេះ​បាន​ដើរតួ​យ៉ាងសកម្ម​ក្នុង​ការ​រៀបចំ​វេទិកា​សន្ទនា​សម្រាប់​វិស័យ​សាធារណៈ ឯកជន និង​បណ្ឌិត​សភា ដើម្បី​ពិភាក្សា និង​ផ្លាស់ប្ដូរ​ទស្សនៈ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច សង្គម បរិស្ថាន និង​បញ្ហា​បន្ទាន់​ផ្សេងទៀត៕