សម្តេច​តេ​ជោ​ ៖ ​រដ្ឋមន្ត្រី​ប្រហែល​៨​ទៅ​៩ រូប​នឹង​ត្រូវ​ផ្លាស់ប្ដូរ

សម្តេច​តេ​ជោ​ ៖ ​រដ្ឋមន្ត្រី​ប្រហែល​៨​ទៅ​៩ រូប​នឹង​ត្រូវ​ផ្លាស់ប្ដូរ



ភ្នំពេញ ​៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ទម្លាយ​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ប្រហែល​៨​ទៅ​៩ រូប​នឹងត្រូវ​ផ្លាស់ប្តូរ​ ដោយ​សម្តេច​បាន​ចាត់ទុក​ថា​ការ​ផ្លាស់ប្តូរ​នេះ​ដើម្បី​ធានា​”​ប្រសិទ្ធភាព​ការងារ​”​មិនមែន​ជា​ការ ”​កម្ចាត់​ចោល​”​នោះ​ទេ។ គួរ​កត់​សម្គាល់​ថា​នេះ​ជា​លើកដំបូង​នៅ​ក្នុង​អាណត្តិ​រាជរដ្ឋាភិបាល​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន ដែល​បានធ្វើ​ការ​រុះរើ​គណៈរដ្ឋមន្ត្រី​នៅ ​ពាក់​កណ្តាល​អាណត្តិ ដែល​ជា​ការបង្ហាញ​នូវ​អភិបាលកិច្ច​របស់​រាជ​រដ្ឋាភិបាល។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦ នេះ​នៅក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ន័​រ​តុ​ន​ ដែល​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សន្និសីទ​និង ពិព័រណ៍​កោះ​ពេជ្រ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ​៖ «​ការ​កែសម្រួល​គណៈរដ្ឋមន្ត្រី ដែល​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​៤​ ខែ​មេសា ​ឆ្នាំ​២០១៦ ខាងមុខនេះ​គឺ​ដើម្បី​ប្រសិទ្ធភាព​ការងារ​។ មិន​មែនមាន​រដ្ឋមន្ត្រី​អាក្រក់​ទាំងអស់​ទេ ប៉ុន្តែ​មាន​រដ្ឋមន្ត្រី​ស្ទក់​ស្រពន់​មួយចំនួន​ដែល​ត្រូវ​ផ្លាស់ប្ដូរ​សម្រួល​ដើម្បី​ឲ្យ​ការងារ​ប្រទេសជាតិ​កាន់តែ មាន​ប្រសិទ្ធភាព​ខ្ពស់​»​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា​ សម្តេច​មិនទាន់​អាច​ទម្លាយ​ថា​តើ​រដ្ឋមន្ត្រី​ណា​នឹងត្រូវ​ផ្លាស់ប្ដូរ​នោះទេ តែ​សម្តេច​ថា​មាន​ប្រហែល​ពី ៨ ទៅ ៩ រូប។ តែ​សម្តេច​មិនអាច​បញ្ជាក់ថា​តើ​រដ្ឋមន្ត្រី​ទាំងនោះ​នឹងត្រូវ​បញ្ចប់​មុខតំណែង ឬ ផ្លាស់ប្តូរ​ទៅ​ដឹកនាំ​ក្រសួង​ផ្សេង​នោះ​ទេ។ សម្តេច​បញ្ជាក់ថា​ ដោយសារ​រដ្ឋមន្ត្រី​មួយ​ចំនួន​បានដឹង​ពី​ការផ្លាស់ប្តូរ​ក៏បាន​ដាក់​ពាក្យសុំ​លាឈប់​ផងដែរ និង​មួយចំនួន​បាន សុំ​ផ្ទេរ​ទៅកាន់​ស្ថាប័ន​ផ្សេង​ដូចជា​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ជាដើម។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា ​៖ “​នេះ​ជាការ​ពង្រឹង​នូវ​ប្រសិទ្ធភាព​ការងារ។ មិនមែន​រដ្ឋមន្ត្រី​ទាំងនោះ​ជា​មនុស្ស​ត្រូវ​កម្ចាត់​ចោល​ទេ​” ។ សម្តេច​បានស្នើ​រដ្ឋមន្ត្រី​ដែល​បានដឹងខ្លួន​ថា​ទទួល​ការផ្លាស់ប្តូរ បន្តការងារ​រហូតដល់​មាន​ព្រះរាជក្រឹត្យ​ពី​ព្រះមហាក្សត្រ​តែងតាំង។ សម្តេច​បញ្ជាក់ថា​ដំណើរការ​នេះ​គឺ​រង់ចាំ​រដ្ឋសភា​បោះឆ្នោត​ ហើយ​មាន​ព្រះរាជក្រឹត្យ​តែងតាំង ​និង​ពិធី​ផ្លាស់ប្តូរ ​និង​តែងតាំង​រដ្ឋមន្ត្រី​ថ្មី​។​

មន្ត្រី​នាំពាក្យ​នៃ​រដ្ឋសភា លោក ឡេង ប៉េងឡុង កាលពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹង​ថា​ រាជរដ្ឋាភិបាល​បានដាក់​សំណើ​ទៅកាន់​រដ្ឋសភា​ដើម្បី​ស្នើ​ដោះដូរ​គណៈរដ្ឋមន្ត្រី ដោយ​លោក​ថា​សំណើ​នេះ​នឹងត្រូវ​ពិនិត្យ​បន្ទាប់ពី​ប្រធានរដ្ឋសភា​វិលត្រឡប់​ពី​ប្រទេស​អូស្ត្រាលី​វិញ។ ទោះយ៉ាងណា​លោក​បដិសេធ​ផ្តល់ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ចំនួន​រដ្ឋមន្ត្រី​ដែល​ត្រូវ​ផ្លាស់ប្តូរ។

សម្ដេច​នាយក​រដ្ឋមន្ត្រី​ក៏បាន​ឲ្យ​ដឹង​ទៀត​ថា ​៖ អភិបាលខេត្ត​ចំនួន ៤ នឹងត្រូវ​បញ្ចប់​តួនាទី​មុនពេល​ចូលនិវត្តន៍ និង​មុនពេល​សភា​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ដល់​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី។ ព្រោះ​អភិបាលខេត្ត​ដែល​ត្រូវ​បញ្ចប់​មុន​អាយុ​ចូលនិវត្តន៍​នេះ នឹងដាក់​បញ្ចូល​ក្នុង​ជួរ​រដ្ឋាភិបាល​វិញ ដោយមាន​តំណែង​ជា​រដ្ឋលេខាធិការ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ថែមថា ​អភិបាលខេត្ត​ចំនួន ៤ ដែល​ត្រូវ​បញ្ចប់​ការងារ​មុន​អាណត្តិ​នេះ​មាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​, លោក អ៊ូ សំ​អួន អភិបាលខេត្ត​កំពង់ស្ពឺ​,​ លោក ខូ​យ ឃុន​ហ៊ួ​រ អភិបាលខេត្ត​កំពត​ និង​លោក ជៀង អំ អភិបាលខេត្ត​ស្វាយរៀង​ ដោយសារ​ពួកគេ​ជិត​ដល់​អាយុ​ដែល​ត្រូវ​ចូលនិវត្តន៍។

សម្តេច​តេ​ជោ​បាន​ថ្លែង​ថា​ ៖​ ការ​ដាក់បញ្ចូល​ពួកគេ​មក​ជួរ​រដ្ឋាភិបាល​ដោយសារតែ​អភិបាលខេត្ត​អាច​មាន​លទ្ធភាព​ធ្វើ​នាយករដ្ឋមន្ត្រី​បាន។ សម្តេច​បន្តថា «​អ្នកខ្លះ​ធ្វើ​រដ្ឋមន្ត្រី​បាន តែ​មិន​អាចធ្វើ​ចៅហ្វាយខេត្ត​បានទេ ព្រោះ​ចៅហ្វាយខេត្ត​អាច​ធ្វើ​ការងារ​គ្រប់គ្រង​បាន​លើ​គ្រប់​វិស័យ​នៅក្នុង​ខេត្ត​ទាំងមូល​គ្រាន់តែ​កិច្ច​ការទូត​គាត់​មិន​អាច​ធ្វើបាន ដូចនេះ​ចៅហ្វាយខេត្ត​អាចធ្វើ​ការ​បាន​ច្រើន​ដឹង​រឿង​ច្រើន​ហើយ​អាចធ្វើ​នាយករដ្ឋមន្ត្រី​បាន​»​។

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី ២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាសថា​ លោក​កំពុងតែ​ពិចារណា​ដោះដូរ​គណៈរដ្ឋមន្ត្រី​រប​ស់​លោក​នៅក្នុង​ឆ្នាំ​២០១៦​នេះ ដោយ​លោក​បាន​លើកឡើង​ចំៗ​ថា​មាន​រដ្ឋមន្ត្រី​យ៉ាងតិច​ចំនួន​ពីរ​ក្រសួង​ដែល​អសកម្ម នឹង​ការងារ​ជាងគេ​គឺ​រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក និង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ដែល​ទើបតែ​ចូលកាន់​អំណាច​នៅ​អាណត្តិ​ទី​៥​នេះ​គឺ​លោក អ៊ុក រ៉ាប៊ុន៕

​ ​