សម្ដេច​តេជោ ​​បញ្ជាក់​ថា នឹង​ប្រើប្រាស់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​រឿងអាស្រូវ​ស្នេហា​ របស់​លោក​កឹម សុខា

សម្ដេច​តេជោ ​​បញ្ជាក់​ថា នឹង​ប្រើប្រាស់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​រឿងអាស្រូវ​ស្នេហា​ របស់​លោក​កឹម សុខា



ភ្នំពេញ​ ៖​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​ឲ្យ​ដឹង​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​រាជរដ្ឋាភិបាល​កម្ពុជា​ នឹង​ប្រើប្រាស់​វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​រឿងអាស្រូវ​ស្នេហា របស់​លោក​កឹម សុខា (​បើទោះបី​សម្តេច​មិនបាន​និយាយ​ឲ្យ​ចំ​ឈ្មោះ​ ក៏​គេ​ដឹង​ថា​បុគ្គល​នោះ​គឺ​លោក​កឹម សុខា ដែលមាន​ស្នេហា​លួចលាក់​ជាមួយ​ស្រីក្មេង​ម្នាក់ ឈ្មោះ​មុំ​) បើ​សិន​ណា​ប៉ះពាល់​ដល់​​ ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​រាជរដ្ឋាភិបាល​កម្ពុជា។ជាមួយនេះ​សម្តេច​ក៏បាន​លើកឡើង​ផងដែរ​ថា​យុទ្ធ​៣ មិន​របស់លោក កឹម សុខា វា​បាន​ហួស​សម័យ​ហើយ មិនអាច​លាក់កំបាំង​បានទេ។ សម្តេច​បាន​ថ្លែង​បែបនេះ​នៅក្នុង​ពី​ពិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ​ន័​រ​តុ​ន ចំនួន ៤០៧៣ នាក់ នៅ​ព្រឹក​ថ្ងៃទី ១៧ ខែ​មីនា ឆ្នាំ​២០១៦ នៅ​កោះ​ពេជ្រ។

បើទោះបី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ថ្លែង​មិនបាន​បញ្ជាក់​ចំ​ឈ្មោះ​ក្តី​តែ គេ​អាច​ដឹង​បាន​ថា​គឺ​សំដៅ​ចំពោះ​លោក កឹម សុខា អនុប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ជាប់​ពាក់ព័ន្ធ​ពី រឿងអាស្រូវ​ស្នេហា​នេះ​ជាមួយ​នឹង​កញ្ញា​ស្រីមុំ។ បើតាម​សម្តេច​ ស្រីមុំ​ពិតជា​បាន​ទៅធ្វើ​លិខិតឆ្លងដែន និង​បានធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ជាមួយ​លោក កឹម សុខា នៅ​ថ្ងៃ​ដើម ខែ​កុម្ភៈ ឆ្នាំ​២០១៦ នេះ​មែន។

ជាមួយនេះ​សម្ដេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ឲ្យ​ដឹងថា ​៖ “ យុទ្ធសាស្ត្រ ៣ មិន របស់​គណបក្ស​សង្គ្រោះ​ជាតិ​គ្មាន​ប្រសិទ្ធិ​ទេ ព្រោះ​កាលពី​អតីត​រដ្ឋ​កម្ពុជា​ធ្លាប់ប្រើ​យុទ្ធសាស្ត្រ​បី​មិន មួយ​រាយការណ៍ ដើម្បី​ប្រឆាំង​នឹង​ការវិល​ត្រឡប់មកវិញ​នៃ​របប​ប្រល័យពូជសាសន៍​ប៉ុលពត។ ក៏ប៉ុន្តែ​បី​មិន មួយ​រាយការណ៍​នៅ​ក្នុង​រឿងអាស្រូវ​ផ្លូវភេទ មិនអាច​លាក់បាំង​បានទេ គឺ​ប្រើ​វា​លែង​បាន​ហើយ។ សម្តេច​បាន​បញ្ជាក់​ថា ​ចំពោះ​រឿងអាស្រូវ​ផ្លូវភេទ​របស់ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​មិន​អាច​លាក់បាំង​ការពិត​នោះ​ទេ​ ហើយ​ប្រាប់​អ្នកដទៃ​កុំ​ឲ្យ​ច្រឡើសបើស​លើ​រឿងនេះ​” ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា ៖«​កុហក​គេ​ថា​អត់​មាន​ប៉ាស្ព័រ តែ​កន្លែង​ប៉ាស្ព័រ​ថា​មាន​ធ្វើ ថា​អត់​ដែល​ទៅ​ថៃ​ តែ​ជិះ​យន្តហោះ​បាងកក​អ៊ែរ​ឡាញ ពេល​ឆែក​ទៅ​មាន​បញ្ជាក់​ពេលវេលា​ម៉ោង​នេះ​ថ្ងៃនេះ។ ខ្ញុំ​មាន​ទាំង​រូប​ដើរកាត់​ព្រលានយន្តហោះ​ថៃ គេ​បញ្ជូនមក​នៅក្នុង​ទូរស័ព្ទ​ខ្ញុំ ដេក​នៅ​សណ្ឋាគារ​ណា​ក៏មាន​»​។

សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ព្រមាន​ថា ​៖ ​ករណី​រឿងអាស្រូវ​នេះ​ហាក់ដូចជា​ភ្លើង​ឆេះ​ឆ្ងាយ​ដែល​កំពុង ខិតជិត​ដល់​ជើង​របស់​រដ្ឋាភិបាល​ហើយ។ សម្តេច​បន្ថែមថា ​៖«​ភ្លើង​នៅ​ឆ្ងាយ ហើយ​ឥឡូវនេះ​ឆេះ​ដល់​ជើង​រដ្ឋាភិបាល​ហើយ​ដែល​ត្រូវ​រើ​។ គ្រាន់តែ​សុំ​ទៅ​អ្នកគាំទ្រ​ផ្កាប់មុខ​ហួសហេតុ​ពេក​ កុំ​មក​ប៉ះ​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា តែ​ដល់​ហើយ​វា​នឹង​ទៅជា​រឿង​ធ្ងន់ធ្ងរ​ហើយ។ ប៉ុន្ដែ​ឥឡូវ​តុលាការ​បាន​បញ្ជា​ទៅ​ប៉ូលិស​ពិនិត្យ​ស៊ើបអង្កេត​ហើយ​»​។

គួរ​បញ្ជាក់​ថា ​កន្លងមក​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ពី​គោលដៅ​របស់​គណបក្ស​ខ្លួន​ដោយ​បាន​កំណត់​គោលដៅ​ថា​គឺ​“​ដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត​ដើម្បី​នាំមក​នូវ​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ដោយ​«​មិន​ឆ្លើយ មិន​ឆ្លង និង មិន​ឈ្លោះ​» ។ ការបញ្ជាក់​ជំហរ​គោលដៅ​របស់​គណ​បក្ស​ខ្លួន​ពេលនេះ​ធ្វើឡើង​ក្រោយ​មាន​នារី​វ័យក្មេង​ម្នាក់​បាន​បង្ហោះ​សារ​ជា​សំឡេង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​អះអាងថា​ជា​សំឡេង​សន្ទនា​រវាង​នាង​ជាមួយ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ។ នៅក្នុង​សារ​សំឡេង​ត្រូវបាន​នារី​ម្នាក់​នោះ​អះអាងថា​នាង​មាន​ទំនាក់ទំនង​ជាមួយ​លោក កឹម សុខា រហូតដល់​មានកូន​ទៀតផង​។

​គួរ​បញ្ជាក់ថា​សំឡេង​ខ្សែអាត់​ដែល​ត្រូវបាន​ចេញផ្សាយ​ជា​បន្តបន្ទាប់​បាន​ផ្ទុះឡើង​ចេញពី​គណនី​ហ្វេ​ស​ប៊ុ​ក​អនាមិក​មួយ​ដែលមាន​ឈ្មោះ «Mon Srey» ដែល​ថត​ពី​ការសន្ទនា​ស្នេហា​របស់​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់។ សំឡេង​បុរស​ត្រូវបាន​គេ​ចោទប្រកាន់ថា​ជា​សំឡេង​របស់លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ៕

សម្ដេច​តេជោ ​​បញ្ជាក់​ថា នឹង​ប្រើប្រាស់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​រឿងអាស្រូវ​ស្នេហា​ របស់​លោក​កឹម សុខា