ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាស​រក្សា​តំណែង​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដែល​ទៅ​ចូលរួម​ជាមួយ​ញឹក​ប៊ុនឆៃ​

ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាស​រក្សា​តំណែង​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដែល​ទៅ​ចូលរួម​ជាមួយ​ញឹក​ប៊ុនឆៃ​



ភ្នំពេញ ​៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាសថា សមាជិក សមាជិកា គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែលជា​សមាជិក​រាជរដ្ឋាភិបាល ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​ត្រូវបាន​រក្សា​តំណែង​នៅ​ដដែល​ បើទោះបីជា ពួកគេ​ស្ថិតនៅ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ឬ ស្ថិតនៅ​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ក៏ដោយ លើកលែងតែ​អ្នក​ដែល​ចេញពី​គណបក្ស​ទាំងពីរ​នេះ និង ត្រូវ បណ្តេញចេញ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើការ​បញ្ជាក់​បែបនេះ​នៅក្នុង​ពិធី​ចែក​សញ្ញាប័ត្រ បរិញ្ញាបត្រ និង បរិញ្ញាបត្រ​ជាន់ខ្ពស់ ដល់​និស្សិត​សកលវិទ្យាល័យ​ន័​រ​តុ​ន នា​ព្រឹក​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០១៦ ​នៅ​កោះ​ពេជ្រ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ប្រកាស​ថា​ មន្ត្រី​ក្នុង​រាជរដ្ឋាភិបាល ​ដែល​ធ្លាប់​នៅ​ជាមួយ​គណបក្ស ហ្វុនស៊ិនប៉ិច​ទៅតាម លោក ញឹក ប៊ុនឆៃ បង្កើត​បក្ស​ថ្មី​នោះ​នឹង​មិន​មាន​ការ​ដក​តំណែង​នោះ​ទេ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា​ ដោយសារ​ព្រះអង្គម្ចាស់​ នរោត្តម ​រណឫទ្ធិ បាន​ផ្ញើ​លិខិត​មក​សម្តេច​ជូនដំណឹង​ពី​តំណែង​មន្ត្រី​ ដែល​ទៅតាម​លោក ញឹក ប៊ុនឆៃ​ ​​សម្តេច​ដឹងថា​សម្តេចក្រុមព្រះ ចង់បាន​អ្វី​នោះ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ថា ​ក្នុងនាម​រាជរដ្ឋាភិបាល​សូម​រក្សា​តំណែង​ពួកគេ​ឲ្យ​នៅ​ដដែល។ មិន​អាច​បណ្តេញ​ចេញ​បានទេ តែបើ​ពួកគេ​ទៅ​ចូលរួម​ជាមួយ​បក្ស​ប្រឆាំង​ និង​បក្ស​​ផ្សេង​ទៀត ដេញចេញ ២៤ ម៉ោង។

ជាមួយនេះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ធ្វើការ​ស្តីបន្ទោស​ចំពោះ​គណបក្ស​រាជានិយម​មួយ​នេះ​ថា មិន​ឃើញ​ខិតខំ​ប្រមូល​កម្លាំង​បក្ស​ទេ គិតតែ​ពី​ឈ្លោះ​គ្នា​ថែមទៀត។ សម្តេច​បន្តថា​អត់​មួយ​កៅអី ហើយ​មិន​ខំប្រឹង​ទេ គិតតែ​ពុះ​ជើង​កៅអី​ចែកគ្នា​ទៀត។

សម្តេច​ក៏បាន​រំលឹកថា ​សម្តេច​បាន​ខិតខំ​បង្រួបបង្រួម​គណបក្ស​នេះ ២ ដង​រួចមកហើយ​តែ​នៅតែ​មិនអាច​នៅ​ជាមួយគ្នា​បាន​ លើកចុងក្រោយ​នៅ​ខែ​មករា ឆ្នាំ ២០១៥​នៅផ្ទះ​របស់​សម្តេច​តែម្តង​ធ្វើ​ឲ្យ​សម្តេច អត់ងងុយ​ពេញ​មួយ​យប់ តែ​បាន​១​ឆ្នាំ មកដល់​ខែមករា ឆ្នាំ ២០១៦ បែក​គ្នា​ជាថ្មីទៀត​ដែល​មិនអាច​ផ្សះផ្សារ​​បាន​ទៀត​ទេ។

សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹង​ផង​ដែរ ​ថា សមាជិក សមាជិកា គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​កំពុង​ធ្វើការ ជា​សមាជិក​រាជរដ្ឋាភិបាល​មាន​ប្រមាណ​ជាង ១០០ នាក់ សុទ្ធតែ​ជា​មន្ត្រី​ជាន់ខ្ពស់ ហើយ​អ្នកខ្លះ​ដល់​ឃើញ មេ​ទាស់​គ្នា​ខ្លាំង​ពេក​ ក៏​មក​សុំ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​មាន ​គណបក្ស​ប្រជាជន​ទទួលយក។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើង​ផងដែរ​ទាក់ទង​ជាមួយ​ការចោទប្រកាន់​របស់​ពួក​មេបក្ស ប្រឆាំង​ដែល​បាន​ចោទថា​ចំនួន Like របស់​សម្តេច​ដោយសារ​តែ​យកលុយ​ទៅ​ទិញ​ឥណ្ឌា​ឲ្យ​ជួយ Like។

សម្តេច​បាន​មានប្រសាសន៍ថា​៖ “​ថ្មីៗ​នេះ​ក៏មាន​ការ​ចោទ​មកលើ​ខ្ញុំ​ថា​បាន​ទិញ Likes ឲ្យចូល​ចិត្ត Facebook ខ្ញុំ ។ ខ្ញុំ​ពិតជា​មិនដឹងថា​មាន​អ្នក Likes មកពីណា​ខ្លះ​ទេ។ នេះ​ជា​មោទនភាព​របស់ខ្ញុំ​ដែលមាន​បរទេស​ស្រឡាញ់​គាំទ្រ​នាយករដ្ឋមន្ត្រី​ខ្មែរ។ ចាញ់ហើយ​មិន​ព្រម​ចាញ់​នេះ​ជា​ចរិត​បក្សប្រឆាំង​។ ពីមុន​ជេរ​គណៈកម្មការ​បោះឆ្នោត​តិច​ទៀត​គឺ​ទៅ​ជេរ Facebook ហើយ​!”។

សម្តេច​បន្តថា “​ខ្ញុំ​លេង Facebook គឺ​ដើម្បី​ដោះស្រាយ​ការងារ​ជូន​ប្រជាពលរដ្ឋ គឺ​មិនមែន​ដើម្បី​ប្រកួត​យក​ប្រជាប្រិយភាព​ទេ សូម​យល់​ឲ្យ​ច្បាស់ ! ហើយ​កន្លងមក​គឺ​បាន​ដោះស្រាយ​បញ្ហា​ជូន​ជនរួមជាតិ​ច្រើន តែ​បក្ស​ប្រឆាំង​មិនដែល​ឃើញ​អំពើ​ល្អ​បែបនេះ​ទេ​”៕

ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាស​រក្សា​តំណែង​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដែល​ទៅ​ចូលរួម​ជាមួយ​ញឹក​ប៊ុនឆៃ​