អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​កំពុង​នាំគ្នា​ជួញដូរ​គ្រឿងញៀន​ចំនួន​៣នាក់

អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​កំពុង​នាំគ្នា​ជួញដូរ​គ្រឿងញៀន​ចំនួន​៣នាក់



បន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​១២​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦ កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់​ការ​៥៦៨​ និង​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​មួយ​ក្រុម​បាន​ធ្វើ​ការ​ចុះ​ល្បាត​ក្នុង​ភូមិ​សាស្ត្រ​ទីប្រជុំជន​ក្រុង​ប៉ោយប៉ែត​​ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​ម្នាក់​កំពុង​ជួញដូរ​គ្រឿងញៀន​មានឈ្មោះ ខ្នុ​យ ស្នាក់នៅ​ក្រុង​ប៉ោយប៉ែត​ អាវុធហត្ថ​ឆែក​ក្នុង​ខ្លួន​ជនសង្ស័យ​បាន​រក​ឃើញ​គ្រឿងញៀន​ប្រភេទ​ខេ​ទឹកកក​មួយ​កូន​ថង់​តូច​។

ក្រោយពី​ធ្វើការ​សាកសួរ​ឈ្មោះ ខ្នុ​យ រួចមក​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់​បន្ថែម​ទៀត ១/​ឈ្មោះ ទី ប៉ោ និង​២/​ឈ្មោះ ឃឹម សៅ​លិញ ទាំង​២​នាក់​នេះ​ រស់​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អ្នក​ទាំង​២​នាក់​ត្រូវ​អាវុធហត្ថ​ឆែកឆេរ​ក្នុង​ខ្លួន​បាន​រក​ឃើញ​ថ្នាំញៀន​ប្រភេទ​ខេ​ទឹកកក​៤​កូន​ថង់​តូច​ទៀត សរុប​ប្រភេទ​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​៦​ថង់​តូច​ស្មើ​នឹង​៧.៧​ក្រាម ​និង​កេ​ត​តា​មីន (​ខេ​ហិត​)២​កូន​ថង់​តូច​ស្មើ​នឹង​១.៧៥​ក្រាម និង​ថ្នាំ​ក្រវី​១​គ្រាប់ ជនសង្ស័យ​ទាំង​៣​នាក់​ក្រោយពី​អាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​ហើយ​នោះ​ ត្រូវបាន​បញ្ជូនមក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ដើម្បី​ធ្វើការ​សាកសួរ​។

លោក​វរសេនីយ៍​ឯក ស ប៊ុន​សឿង  មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ទទួលបន្ទុក​ផ្នែក​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​បាន​ឆ្លើយ​សារភាព​នៅមុខ​អាវុធហត្ថ​ថា ពួក​ខ្លួន​ទាំង​៣​នាក់​ ពិតជា​បាន​ទិញ​គ្រឿងញៀន​ទាំងអស់​នោះ​យក​មក​ទុក​ក្នុង​បន្ទប់​ទុក​សម្រាប់​លក់​ឲ្យ​ភ្ញៀវ​ដែល​រក​ទិញ​។

លោក​វរសេនីយ៍​ឯក ស ប៊ុន​សឿង បាន​បញ្ជាក់​ទៀត​ថា ក្រោយពី​បាន​ចម្លើយ​សារភាព​ពី​ជនសង្ស័យ​ទាំង​៣​នាក់ ​នោះ​រួចមក​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕

អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​កំពុង​នាំគ្នា​ជួញដូរ​គ្រឿងញៀន​ចំនួន​៣នាក់