អតីត​មេព្រៃ​ម្នាក់​ត្រូវ​បាន​តុលាការ​ខេត្ត​សៀមរាប​ស​ម្រេច​ដាក់​ពន្ធនាគារ​ និង ​សំណង​រដ្ឋប្បវេណី​១៥​លាន​រៀល

អតីត​មេព្រៃ​ម្នាក់​ត្រូវ​បាន​តុលាការ​ខេត្ត​សៀមរាប​ស​ម្រេច​ដាក់​ពន្ធនាគារ​ និង ​សំណង​រដ្ឋប្បវេណី​១៥​លាន​រៀល



សៀមរាប ៖ នៅ​ទីបំផុត​លោក ថោង សុ​ខៃ​អតីត​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រែ​ណូយ​ត្រូវ​បាន​តុលាការ​ខេត្តសៀមរាប​ បើកសវនាការ​ជំនុំជម្រះ​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​ និង​សំណង​រដ្ឋប្បវេណី​ចំនួន​១៥​លាន​រៀល ​នៅ​ក្នុង​សំណុំ​រឿង​ “​អំពើ​ហិង្សា​ទៅលើ​សហព័ទ្ធ ​និង​គំរាម​សម្លាប់​”មក​លើ​ភរិយា​របស់​ខ្លួន​កាលពី​អំឡុង​ឆ្នាំ​២០១០​ដល់​២០១៥។

នៅ​ក្នុង​សវនាការ​នោះ​ធ្វើឡើង​នៅ​រសៀល ​ថ្ងៃ​ទី​១៥ ​ខែ​មីនា ​ឆ្នាំ​២០១៦​ ដោយមាន​លោក​ចៅក្រម កូយ សៅ ប្រធាន​អង្គ​ជំនុំ​ជម្រះ​,​លោក​ជួន សុ​បញ្ញា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត និង​លោក យ៉េន ដា ក្រឡាបញ្ជី។

លោក​ចៅក្រម កូយ សៅ បាន​មាន​ប្រសាសន៍​ប្រាប់​កម្ពុ​ជាថ្មី​នៅ​រសៀល​ ថ្ងៃ​ទី​១៧​ខែ​មីនាថា នៅ​ក្នុង​សំណុំ​រឿង​នេះ​គឺ ​តុលាការ​សម្រេច​ចោទ​ពី​បទ​”​ហិង្សា​ទៅលើ​សហព័ទ្ធ​”​រីឯ​ការ​ចោទ​ពី​គំរាម​ថា នឹង​សម្លាប់​នោះ​ គឺ​ត្រូវ​បាន​លើកលែង​ដោយសារ​តុលាការ​ស្រាវជ្រាវ​ទៅ​មិន​ឃើញ​មាន​បទល្មើស​ហ្នឹង​ តែ​ឃើញ​មាន​បទល្មើស​ខាងលើ​ ដោយសារ​ការសាកសួរ​ម​កលើ​សាក្សី​ផង ​ឃើញ​ថា​មាន​ហិង្សា​ទៅ​សហព័ទ្ធ​អញ្ចឹង​មែន​។

លោក​បន្ត​ថា ហិង្សា​ទៅលើ​សហព័ទ្ធ​នោះ​គឺ​ត្រូវ​ជាប់ពន្ធនាគារ​ចាប់ពី​២​ឆ្នាំទៅ​៥​ឆ្នាំ តែ​ដោយ​តុលាការ​ពិចារណា​ទៅ​ក៏​សម្រេច​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​២​ឆ្នាំ​ និង​សំណង​រដ្ឋប្បវេណី​ចំនួន​១៥​លាន​រៀល​។

លោក​បញ្ជាក់​ថា ក្រៅពីនោះ​តុលាការ​ច្រានចោល ដោយសារ​រក​អង្គហេតុ​មិន​ឃើញ​។   ចំណែក​ស្ត្រី​ដើម​បណ្តឹង​ដែល​ជា​អតីត​ភរិយា​របស់​ទណ្ឌិត ថោង សុ​ខៃ នោះ បាន​សម្តែង​ការ​រីករាយ​និង​យល់ស្រប​ចំពោះ​ការ​កាត់ក្តី​របស់​តុលាការ​ខេត្តសៀមរាប​ដែល​បាន​កាត់​ក្តី​យ៉ាង​សុក្រឹត​យុត្តិធម៌​នេះ​ឲ្យ​គ្រួសារ​របស់​គាត់​៕