ចូលរួម​ប្រារព្ធ​ទិវា​«​មួយ​ម៉ោង​សម្រាប់​ភពផែនដី​»​ទាំងអស់គ្នា​នៅ​ថ្ងៃទី​១៩​ខែមីនា​

​ប្រទេស​កម្ពុជា នឹងចូលរួម​ប្រារព្ធ​ទិវា «​មួយ​ម៉ោង​សម្រាប់​ភពផែនដី​» នៅ​ថ្ងៃទី​១៩​ខែមីនា​ខាងមុខនេះ នៅ​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ នៅ​ក្នុងការ​ប្រារព្ធ​ទិវា​នេះ នឹងមាន​ការបិទ​ភ្លើង​រយៈពេល​១​ម៉ោង នៅ​ម៉ោង​៨​កន្លះ​ដល់​ម៉ោង​៩​កន្លះ​យប់ និង​ជំនួស​ដោយ​ការអុជ​ទៀន​។

«​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​នៅ​កម្ពុជា  រួមចំណែក​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​ពិភពលោក​»​។ នេះ​ការបញ្ជាក់​របស់លោក  លោក ឈិ​ត សំអាត ប្រ​ធា​អង្គការ​មូលនិធិ​សកល​សម្រាប់​ធនធានធម្មជាតិ (WWF) នៅក្នុង​សន្និសីទ​ព័ត៌មាន​ស្តីពី​ទិវា  «​មួយ​ម៉ោង​សម្រាប់​ភពផែនដី​» នៅ​ព្រឹក​ថ្ងៃទី​១៧​ខែមីនា​នេះ​។ 

​បើតាម លោក ឈិ​ត សំអាត គោលបំណង​នៃ​ការចូលរួម​ប្រារព្ធ​ទិវា​នេះ គឺ​ដើម្បី​ផ្តល់​ការយល់ដឹង​អំពី​សារៈសំខាន់​នៃ​ចូលរួមចំណែក​នៃ​បុគ្គល​ម្នាក់ៗ ក្នុង​កិច្ចការពារបរិស្ថាន និង​សារៈ​នៃ​ការប្រើប្រាស់​អគ្គិសនី និង​ថាមពល​កកើត​ឡើងវិញ ដើម្បី​រួមចំណែក​ក្នុង​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​។

​ទិវា «​មួយ​ម៉ោង​សម្រាប់​ភពផែនដី​»​នៅ​កម្ពុជា  នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី​១៩​ខែមីនា​នេះ ចាប់ពី​ម៉ោង​៥​ល្ងាច នៅ​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ព្រមទាំង​មានការ​បិទ​ភ្លើង​រយៈពេល​១​ម៉ោង នៅ​ម៉ោង​៨​កន្លះ​ដល់​ម៉ោង​៩​កន្លះ​យប់​។

​ប្រធាន​អង្គការ មូលនិធិ​សកល​សម្រាប់​ធនធានធម្មជាតិ​(WWF)​ប្រចាំ​កម្ពុជា​រូបនេះ រំពឹងថា​សាធារណជន និង​គ្រប់​ស្ថាប័ន​នៅ​ទូទាំងប្រទេស ចូលរួម​ប្រារព្ធ​ទិវា​នេះ តាមរយៈ​ការបិទ​សម្ភារ ឬ​ឧបករណ៍ប្រើប្រាស់​ដោយ​ថាមពល​ច្រើន ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ក្នុងការ​ចូលរួមចំណែក​ក្នុងការ​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​។ លោក ក៏​រំពឹង​ដែរ​ថា ការ​ប្រារព្ធ​ទិវា «​មួយ​ម៉ោង​សម្រាប់​ភពផែនដី​» នៅ​ថ្ងៃទី​១៩ ខែមីនា នឹងមាន​អ្នកចូលរួម​ច្រើនជាង​ឆ្នាំ​២០១៥ ដែល​កាលណោះ​មាន​អ្នកចូលរួម​ប្រមាណ​២​ពាន់​នាក់ ភាគច្រើន​ជា​យុវជន​។​

​សូមជម្រាបថា ទិវា «​មួយ​ម៉ោង​សម្រាប់​ភពផែនដី​» ដែល​រៀបចំ​នៅ​បរិវេណ​សាកល​វិទ្យា​ភូមិន្ទ​ភ្នំពេញ​នោះ ក៏​នឹងមាន​ការសម្តែង​សិល្បៈ ដែលមាន​ការចូលរួម​ពី កញ្ញា មាស សុខ​សោភា និង​លោក ប៊ុត សីហា​ផងដែរ​។ ជាមួយគ្នា​នោះ ក៏មាន​ការសម្តែង​របាំ​បុរាណ​ខ្មែរ ល្ខោន​ស្រមោល​ដែល​បង្ហាញ​ពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ និង​ការអុជ​ទៀន ដើម្បី​ជា​និមិត្តរូប និង​បង្ហាញ​ពី​ឆន្ទៈ នៃ​ការចូលរួម​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក​។

​សូមបញ្ជាក់ថា​នេះ​គឺ​ឆ្នាំ​ទី​១០​សម្រាប់​ពិភពលោក និង​ជា​ឆ្នាំ​ទី​៤​នៅ​កម្ពុជា ដែល​ប្រារព្ធ​ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី​។ ទិវា​នេះ​បានចាប់ផ្តើម​ឡើង​ដំបូង​គេ​នៅ​ក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី​នៅ​ឆ្នាំ​២០០៧ ។ មិន​ត្រឹមតែ​កម្ពុជា​នោះទេ​ដែល​ប្រារព្ធ​ទិវា​នេះ ប្រទេស​ចំនួន​១៦២ និង​ក្រុង​ជាង​៧០០០​ផ្សេងទៀត នៅលើ​ពិភពលោក ក៏​ចូលរួម​ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី​នេះដែរ​៕

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​