ដូ​ណា​ល់ ត្រាំ ត្រៀម​បង្ក​ព្យុះ​នយោបាយ បើ​បក្ស​បដិសេធ​លោក​

​ក្រោយពី​បានទទួល​ជ័យជម្នះ​បន្តបន្ទាប់​ដាច់​គេ​ក្នុង​បក្ស សេដ្ឋី​អចលនទ្រព្យ​លោក ដូ​ណា​ល់ ត្រាំ ព្រមាន​ថា កុប្បកម្ម​នឹង​កើតឡើង​បើសិនជា បក្ស​ទាត់​លោក​ចេញពី​តំណែង​ជា​បេក្ខជន​សម្រាប់​ប្រជែង​យក​តំណែង​ប្រធានាធិបតី​ទេ​។ គេ​រំពឹងថា គណបក្ស​សាធារណរដ្ឋ​នឹងមិន​តែងតាំង​លោក ដូ​ណា​ល់ ត្រាំ ជា​បេក្ខជន​តំណាង​បក្ស​ឡើយ ព្រោះ​លោក​មិនអាច​ផ្តួល​គូប្រជែង​ពី​បក្ស​ប្រជាធិបតេយ្យ​បានឡើយ​។ បច្ចុប្បន្ននេះ​សមាជិក​បក្ស​សា​ធាណ​រដ្ឋ​ក៏​កំពុង​ស្វែងរក​វិធី​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ ដូ​ណា​ល់ ត្រាំ បន្ត​ឈ្នះ​រហូត​ទទួលបាន​ការតែងតាំង​ពី​បក្ស​។​

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

​ព្យុះ​នយោបាយ​ក្នុង​បក្ស​សាធារណរដ្ឋ​ចាប់ផ្តើម​កើតមានឡើង នៅពេលដែល​បេក្ខជន​ដូចជា​លោក ដូ​ណា​ល់ ត្រាំ បន្ត​ទទួល​ជ័យជម្នះ​បន្តបន្ទាប់​។ ជ័យជម្នះ​ធំ​មួយថ្ងៃ​អង្គារ​ទី ១៥ មីនា​កន្លងទៅ ដោយ​លោក​ឈ្នះ​ទាំង​នៅ​រដ្ឋ Florida បាន តំណាង​ចំនួន ៩៩ នោះ​បង្ហាញ​កាន់តែច្បាស់​ថា សេដ្ឋី​អចលនវត្ថុ​និយាយស្តី​មិនចេះ​គិត​ខាងលើ​មានលទ្ធភាព​កាន់តែច្រើន​ក្នុង​ការទទួល​បានការ​ជ្រើសរើស​ពី​បក្ស​ដើម្បី​ទៅ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​។​

​ជ័យជម្នះ​របស់លោក ដូ​ណា​ល់ ត្រាំ ក៏បាន​បង្ខំ​គូប្រជែង​ក្នុង​បក្ស​របស់លោក Marco Rubio ឲ្យ​បោះបង់​ការឃោសនា​នយោបាយ​និង​ដកខ្លួន​ចេញពី​សង្វៀន​នយោបាយ​ផងដែរ​។ ពេលនេះ​នៅសល់តែ​គូប្រជែង​ពីរ​នាក់​ប៉ុណ្ណោះ​គឺ​លោក ច​ន ខា​សិ​ក​(John Kasich) និង​លោក ថេត គ្រុស (Ted Cruz) ។ លោក ច​ន ខា​សិ​ក ទើប​បានទទួល​ជ័យជម្នះ​នៅ​រដ្ឋ Ohio ដែល​លោក​ធ្វើជា​អភិបាលរដ្ឋ​នោះ​។ សម្រាប់​បក្ស​សាធារណរដ្ឋ​បេក្ខជន​ត្រូវ​រក​តំណាង​ឲ្យ​បាន​ចំនួន ១២៣៧ ដើម្បី​ក្លាយជា​បេក្ខជន​តំណាង​បក្ស   ទៅ​ប្រជែង​ជាមួយ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន  ឬ​លោក ប៊ែ​នី សេន​ដឺ​។ ហើយ​បើ គ្មាន​អ្នកណា​រកបាន​តំណាង​គ្រប់​គ្រាន់តែ​ក្រោយ​បញ្ចប់​ការបោះឆ្នោត​សាកល្បង​ក្នុង​បក្ស​ថ្ងៃ ៧​មិថុនា​ខាងមុខ សមាជ​បក្ស​ខែកក្កដា​នឹង​ក្លាយជា​សមរភូមិ​នយោបាយ​សម្រាប់​បេក្ខជន​ទាំងអស់​ប្រជែង​គ្នា​។ គេ​កម្រ​ឃើញ​ប្រទេស​ណា​ប្រើប្រាស់​វិធីសាស្ត្រ​ដ៏​ស្មុគស្មាញ​នេះ​ដើម្បី​រើស​មេដឹកនាំ​ក្រៅពី​អាមេរិក​ឡើយ​។

​តែ​លោក ដូ​ណា​ល់ ត្រាំ មាន​មោទនភាព​និង​សង្ឃឹមទុក​មុន​ជាស្រេច​ទៅហើយ​ថា គ្មាន​អ្នកណា​វ៉ា​ដាច់​លោក​ទេ​។ ប៉ុន្តែ​ចលនា​ប្រឆាំង​បេក្ខភាព​លោក ដូ​ណា​ល់ ត្រាំ ចាប់ផ្តើម​ផុសផុល​ក្នុង​បក្ស រហូតដល់​លោក ដូ​ណា​ល់ ត្រាំ ខ្លួនឯង​ភ័យ​ថា គណបក្ស​នឹងមិន​ជ្រើសរើស​លោក​ឡើយ ថ្វីបើ​លោក​ឈ្នះ​បាន​តំណាង​គ្រប់គ្រាន់​ក៏ដោយ​។​

១. បើ​មិន​ជ្រើស​រើសយក កុប្បកម្ម​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​នឹង​កើតឡើង​
​កាលពី​ម្សិលមិញ​ថ្ងៃ ១៦ ខែមីនា លោក ដូ​ណា​ល់ ត្រាំ បាន​ព្រមាន​ជាមុន​ថា កាលណា​បើ​លោក​ឈ្នះ​គេ​ហើយ ស្រាប់តែ​បក្ស​ផាត់​លោក​ចោល​ទៀត​នោះ ចលនា​កុប្បកម្ម​មិន​ធា្ល​ប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​នឹង​កើតមានឡើង​មិន​ខាន​។​

​លោក​បាន​ថ្លែងប្រាប់​សារព័ត៌មាន CNN ថា​៖ « យើង​នាំមុខគេ​គ្រប់គ្នា​។ ខ្ញុំ​មិន​គិតថា អ្នក​អាច​និយាយថា​យើង​មិនអាច​ទទួលបាន​ការតែងតាំង​ដោយ​ស្វ័យប្រវត្តិ​ឡើយ​។ »​។​

​ទាក់ទិន​បញ្ហា​អាក្រក់​ដែល​អាច​កើតមានឡើង​នោះ លោក ដូ​ណា​ល់ ត្រាំ ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ថា លោក ជា​អ្នកតំណាង​ឲ្យ​ប្រជាជន​អាមេរិក​រាប់លាន​នាក់ ហើយ​មនុស្ស​ទាំងនោះ​ស្រលាញ់​ពេញចិត្ត​ឲ្យ​លោក​ក្លាយជា​ប្រធានាធិបតី​អាមេរិក​។ ដូច្នេះ​ទោះជា​លោក​មិន​ដឹកនាំ ក៏​រឿង​អាក្រក់​និង​ការខឹង​សម្បារ​របស់​ប្រជាជន​នឹង​ផ្ទុះឡើង​ដែរ​។​

​តាមពិតទៅ លោក ដូ​ណា​ល់ ត្រាំ ជា​សេដ្ឋី​អចលនទ្រព្យ មែន​តែ​លោក​មិន​ធ្លាប់​កាន់តំណែង​សាធារណ​អ្វីមួយ​ឡើយ​។ ប៉ុន្តែ​សារ​នយោបាយ​របស់លោក​បញ្ចេញ​ក្នុងពេល​ជជែក​ដេញដោល​ក្នុង​បក្ស​និង​ជួប​អ្នកគាំទ្រ​របស់លោក បាន​សណ្តំ​ចិត្ត​ប្រជាជន​ជាពិសេស​ក្មេងៗ​ឲ្យ​ងាក​មក​គាំទ្រ​លោក​តែម្តង​។  ប៉ុន្តែ​ភាគច្រើន​លោក​ច្រើន ទាញយក​បញ្ហា​ជនអន្តោប្រវេសន៍ សេដ្ឋកិច្ច និង បញ្ហា​សន្តិសុខ និង​សាសនា​ផង​។​

២.​អ្នកវិភាគ​ថា​ចង់​រារាំង ដូ​ណា​ល់ ត្រាំ អាច​នៅពេល​ទាន់ពេល​
​ទោះជា ដូ​ណា​ល់ ត្រាំ បន្ត​យកជ័យ​ជម្នះ​បន្តបន្ទាប់​ដូច្នេះ​មែន គេ​នៅតែ​អាច​រារាំង​កុំ​ឲ្យ​សេដ្ឋី​រូបនេះ​ឈ្នះ​ការតែងតាំង​ពី​បក្ស​ទៅបាន​។​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua អ្នកវិភាគ​បង្ហើប​ថា
​វិធី​មួយ​ដែល​អាច​ទប់​កុំ​ឲ្យ ដូ​ណា​ល់ ត្រាំ ឈ្នះ គឺ​ការចាកចេញ​ពីស​ង្វៀន​ន​យោ​បាយ​របស់លោក ច​ន ខា​សិ​ក ដើម្បី​ទុក​ផ្លូវ​ឲ្យ​លោក ថេត គ្រុស ប្រជែង​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ មួយ​ទល់​មួយ​វិញ​។​ប៉ុន្តែ​ជ័យជម្នះ​លោក នៅ​រដ្ឋ Ohio នៅ​ថ្ងៃ​អង្គារ Super Tuesday II ជាហេតុ​ផល​មួយ​ដែល​ជំរុញ​ឲ្យ​លោក ច​ន ខា​សិ​ក បន្ត​ឃោសនា​នយោបាយ​និង​មិន​ងាយ​ដកខ្លួន​ដើម្បី​ជួយ​លោក ថេត គ្រុស​ឡើយ​។​

​តែ​អ្វីៗ​អាច​ប្រែប្រួល​ទៀត ព្រោះ​បច្ចុប្បន្ននេះ​បណ្តា​មេដឹកនាំ​បក្ស​សាធារណរដ្ឋ រៀប​ជើង​ព្រួល​ដើម្បី​ទប់ស្កាត់​លោក ដូ​ណា​ល់ ត្រាំ​។ ក្នុងករណី​ដែល​លោក ដូ​ណា​ល់​ត្រាំ បរាជ័យ​ដោយសារ​ការរារាំង​ពី​បក្ស ការ​បែកខ្ញែក​គ្នា​ក្នុងចំណោម​អ្នក​សាធារណរដ្ឋ​កាន់តែ​ធំ ហើយ​សេដ្ឋី​រូបនេះ​នឹង​ចាក​ចេញទៅ​បើក​យុទ្ធនាការ​ក្នុងនាម​ជា​បេក្ខជន​ដាច់ដោយឡែក​ទៀត​ព្រោះ​ខ្លួន​មាន​អ្នកគាំទ្រ​ច្រើន​ដែរនោះ​៕

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​