រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ថ្មី កាត់បន្ថយ​ក្រសួង​ច្រើន​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​

​បន្ទាប់ពី​សភា​សហភាព​មី​យ៉ាន់​ម៉ា បាន​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី និង​អនុ​ប្រធានាធិបតី​ថ្មី​រួចហើយនោះ កិច្ចការ​បន្ទាប់​នោះ​គឺ​ការតែងតាំង​សមាសភាព​នៃ​គណៈរដ្ឋមន្ត្រី​។ តាម​ការប្រកាស​របស់​ប្រធានសភា នៅក្នុង​អាណត្តិ​ថ្មី​នេះ ក្រសួង និង​រដ្ឋមន្ត្រី នឹង​ត្រូវបាន​កាត់បន្ថយ​មួយចំនួន​ពី​អាណត្តិ​រដ្ឋាភិបាល​បច្ចុប្បន្ន​។​

​ប្រធានសភា​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​១៧ ខែមីនា​នេះ បានប្រកាសថា​នៅក្នុង​អាណត្តិ​រដ្ឋាភិបាល​ថ្មី​ដែល​នឹងត្រូវ​ដឹកនាំ​ដោយ​ប្រធានាធិបតី​ត្រៀម​ចូលកាន់​តំណែង​លោក​ធិ​ន ច (Htin Kyaw) នឹង​មានតែ​២១​ក្រសួង និង ១៨​រដ្ឋមន្ត្រី​តែប៉ុណ្ណោះ​។ ចំនួន​នេះ ត្រូវបាន​កាត់បន្ថយ​ពី​អាណត្តិ​របស់លោក​ប្រធានាធិបតី​ជិត​ផុត អាណត្តិ​ថេ​ន សេន ដែលមាន​ក្រសួង​សរុប​រហូតដល់​៣៦​នោះ​។

​តាម​ការប្រកាស​ដដែល ការកាត់បន្ថយ​ក្រសួង​នេះ មិនមែនជា​ការលុបចោល​ក្រសួង​ទាំងនោះ នោះទេ តែ ក្រសួង​ខ្លះ​ត្រូវបាន​រួមបញ្ចូល​ដែល​ក្នុងនោះ​មានដូចជា​ក្រសួង​អគ្គិសនី និង​ថាមពល និង ក្រសួង​វប្បធម៌ និង​កិច្ចការ​សាសនា​ជាដើម​។ ជាមួយគ្នានេះ ក៏មាន​ក្រសួង​ថ្មី​មួយចំនួន​ត្រូវបាន​បង្កើតឡើង​ដែរ ជាក់ស្តែង​ក្រសួង​កិច្ចការ​ជនជាតិ និង​ក្រសួង​ធនធាន និង​អភិរក្ស​បរិស្ថាន​។

​តាមពិតទៅ ព័ត៌មាន​នៃ​ការកាត់បន្ថយ​ក្រសួង និង​រដ្ឋមន្ត្រី​នេះ ត្រូវបាន​លេចឡើង​តាំងពី​មុនពេល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​មកម្ល៉េះ​។ កាលពី​ថ្ងៃទី​០៥ ខែមីនា​កន្លងទៅ​មន្ត្រីជាន់ខ្ពស់​បក្ស ឈ្នះឆ្នោត​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី បាន​ថ្លែង​ឲ្យ​ដឹងថា​ការកាត់បន្ថយ​ក្រសួង មិនមែន​មានន័យថា​ប​ញ្ឈ​ប់​ការងារ​មន្ត្រី​នៃ​ក្រសួង​ទាំង​នោះទេ តែ​គឺជា​ការរួមបញ្ចូល​គ្នា​នៃ​«​ក្រសួង​មួយចំនួន​ដែល​ចាំបាច់​ដើម្បី​បម្រើការ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​»​។​

​បើទោះបីជា​ក្នុង​សេចក្តីប្រកាស​របស់​សភា មិនបាន​បញ្ជាក់​ពី​ឥស្សរជន ឬ​សមាសភាព​ច្បាស់លាស់​ដែល​នឹងត្រូវ​ចូលកាន់​តំណែង​រដ្ឋមន្ត្រី​នៃ​គណៈរដ្ឋមន្ត្រី​ថ្មី​ក៏ដោយ តាម​អះអាង​កន្លងមក​របស់​ប្រមុខ​បក្ស​ឈ្នះឆ្នោត​លោកស្រី​អ៊ុង​សាន ស៊ូ​ជី រដ្ឋាភិបាល​ថ្មី​នឹងមាន​ការចូល​រួមទាំង​ពី​បក្ស​ឈ្នះឆ្នោត បក្ស​ចាញ់ឆ្នោត និង​តំណាង​ជនជាតិភាគតិច​ផងដែរ​។ ហើយ​ទាំងនេះ គឺ​សុទ្ធសឹងតែ​ជា​យុទ្ធសាស្ត្រ ឬ​គោលនយោបាយ​របស់លោក​ស្រី ស៊ូ​ជី ដើម្បី​ផ្សះផ្សារ​ជាតិ ដ្បិត​នេះ គឺជា​លើកដំបូង​ក្នុងការ​ដឹកនាំ​ប្រទេស​ផងដែរ​នោះ​។​

​សូមបញ្ជាក់​ផងដែរ​ថា រដ្ឋាភិបាល​ថ្មី​ដែល​នឹងត្រូវ​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី​ត្រៀម​កាន់តំណែង ធិ​ន ច នឹងត្រូវ​ចាប់ផ្តើម​នៅ​ចុងខែ​មីនា ឬ​ដើម​ខែមេសា​ខាងមុខ​ដ៏​ខ្លី​នេះ​។ នេះ​ក៏មាន​ន័យ​ដែរ​ថា លោក ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​ថេ​ន សេន ក៏​ជិត​ដល់ពេល​ត្រូវ​ចុះ​ចេញពី​តំណែង ឬ​បញ្ចប់​អាណត្តិ​រដ្ឋាភិបាល​ផងដែរ​៕

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​