លោក អូ​បា​ម៉ា ជ្រើសរើស​លោក Garland សម្រាប់​តំណែង​ចៅក្រម​តុលាការ​កំពូល​

​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានសម្រេច​ជ្រើសរើស​ចៅក្រម Merrick Garland ជា​បេក្ខជន​សម្រាប់​តំណែង​ចៅក្រម​តុលាការ​កំពូល​អាមេរិក ដែល​នៅ​ទំនេរ​ក្រោយ​ការស្លាប់​របស់​អតីត​ចៅក្រម​លោក Antonin Scalia​។ ជំហាន​បន្ទាប់​នោះ គឺ​ត្រូវការ​ការយល់ព្រម​ពី​ព្រឹទ្ធសភា​ដែល​កំពុង​គ្របដណ្ដប់​ដោយ​ក្រុម​សាធារណរដ្ឋ ដែល​បាន​ប្រឆាំងនឹង​ការតែងតាំង​បេក្ខជន​ណាមួយ ខណៈ​លោក អូ​បា​ម៉ា ជិត​ចប់​អាណត្តិ​ទៅហើយ​។​

​ចៅក្រម​សាលាឧទ្ធរណ៍​លោក Merrick Garland ត្រូវបាន​លោក អូ​បា​ម៉ា ជ្រើសរើស​ជា​បេក្ខជន​ជំនួស​សព​អតីត​ចៅក្រម​លោក Antonin Scalia សម្រាប់​តំណែង​ចៅក្រម​តុលាការ​កំពូល​អាមេរិក​។ លោក អូ​បា​ម៉ា បានប្រកាស​បេក្ខភាព​លោក Garland នៅ​សួន​កុលាប​ក្នុង​សេត​វិមាន​នៅ​ថ្ងៃទី​១៦ ខែមីនា​។ ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​នោះ គឺ​ការប្រឆាំង​របស់​ក្រុម​សាធារណរដ្ឋ​ដែល​ចង់​ឲ្យ​ប្រធានាធិបតី​ថ្មី​ជា​អ្នក​រើស​បេក្ខជន​ថ្មី ជាជាង​ទុក​ឲ្យ​លោក អូ​បា​ម៉ា សម្រេច​នៅពេលនេះ ដ្បិត​លោក​ជិត​ចប់​អាណត្តិ​ទៅហើយ​។

​យ៉ាងណាក្ដី លោក អូ​បា​ម៉ា នៅតែ​ជ្រើសរើស​បេក្ខជន​ថ្មី​ដដែល បើទោះជា​ត្រូវ​ប្រឈម​នឹង​ការប្រឆាំង​ក៏ដោយ​។ ថ្លែង​ពី​សេត​វិមាន លោក អូ​បា​ម៉ា គូសបញ្ជាក់​ពី​ការត្រៀមខ្លួន​របស់លោក Garland សម្រាប់​ការងារ​ថ្មី និង​បានលើកឡើង​ពី​ប្រវត្តិសាស្ត្រ ដែល​ទាំង​គណបក្ស​ប្រជាធិបតេយ្យ​និង​សាធារណរដ្ឋ​សុទ្ធ​ធ្លាប់​គាំទ្រ​ចៅក្រម​រូបនេះ​។ លោក​និយាយថា​៖« លោក Garland ទទួលបាន​ការគោរព​ពី​ភាគី​ទាំងពីរ ដោយសារ​លោក​មាន​សុជីវធម៌ សុច្ចរិត និង​ពូកែ​ធ្វើការ​»​។

​ចៅក្រម Merrick Garland បានទទួល​ការជ្រើសរើស​ជា​បេក្ខជន​របស់លោក អូ​បា​ម៉ា​។ ចៅក្រម​វ័យ​៦៣​ឆ្នាំ​រូបនេះ​បាន​និយាយថា «​គ្មាន​អ្វីដែល​ខ្ពង់ខ្ពស់​ជា​បាន​បម្រើការ​នៅ​តុលាការ​កំពូល​នោះទេ​»​។   

​យ៉ាងណាមិញ ជំហាន​បន្ទាប់​ប្រហែលជា​ពិបាក​ខ្លាំង​សម្រាប់​លោក អូ​បា​ម៉ា ក្នុងការ​ជ្រើសរើស​លោក Garland ជា​ចៅក្រម​តុលាការ​កំពូល​។ លោក​ត្រូវការ​ការយល់ព្រម​ពី​ព្រឹទ្ធសភា​ចំពោះ​បេក្ខភាព​របស់លោក Garland ហើយ​អ្វី​ដែលជា​បញ្ហា​នោះ​គឺ​ក្រុម​សាធារណរដ្ឋ​ដែល​កំពុង​គ្រប់គ្រង​ព្រឹទ្ធសភា​។ មេដឹកនាំ​បក្ស​សាធារណរដ្ឋ​ចង់​ឲ្យ​ប្រធានាធិបតី​ថ្មី ជា​អ្នក​តែងតាំង​ចៅក្រម​ថ្មី​នេះ ដែល​នេះ​ហាក់ដូចជា​បិទ​ឱកាសលោក អូ​បា​ម៉ា តែងតាំង​លោក Garland ជំនួស​លោក Scalia​។​

​ក្រុម​សាធារណរដ្ឋ​រំពឹងថា បេក្ខជន​របស់ខ្លួន​ទំនងជា​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ចុងឆ្នាំ​នេះ ហើយ​មាន​សិទ្ធិ​តែងតាំង​ចៅក្រម​ថ្មី ដែល​អាច​ពង្រីក​ឥទ្ធិពល​របស់​បក្ស​នេះ​ចូលទៅក្នុង​តុលាការ​កំពូល​បាន​។ ស្រប​ពេលដែល​ចៅក្រម​ទាំង​៩ នៃ​តុលាការ​កំពូល ត្រូវ​កាន់តំណែង​អស់​មួយជីវិត ដូច្នេះ​បានជា​ក្រុម​នេះ​ប្រឆាំងនឹង​បេក្ខភាព​ជ្រើសរើស​ដោយ​លោក អូ​បា​ម៉ា​៕

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​