ជិះ​ម៉ូតូ​គេច​ពី​អ្នក​ជិះ​កង់​ដួល​មុខ​រថយន្តក្រុង កិន​បាក់ជើង

ខេត្តកណ្តាល ៖ គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឲ្យ​ព្រឺព្រួច ហើយ​សំណាង​មួយ​ក្នុង​មួយ​ពាន់​គ្រោះថ្នាក់ ដែល​ប្រជាពលរដ្ឋ​ជា​ច្រើន​ស្មានថា​មនុស្ស​មិន​រស់​ផង ដោយសា​បុរស​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា​បើក​គេច​ពី​អ្នក​ជិះ​កង់ បាន​ដួល​ចំ​ពីមុខ​រថយន្ត បណ្តាល​ឲ្យ​កិន​បាក់ជើង​ម្នាក់​របួសធ្ងន់ និង​ស្រាល​ម្នាក់ រីឯ​ម៉ូតូ​ត្រូវ​រថយន្ត​កិន​ខ្ទេច​ទាំងស្រុង​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៦​និង​៣៧ ស្ថិត​ក្នុងភូមិ​ជ័យ​ឧត្តម​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ទាំង​២​នាក់​ឈ្មោះ ខុន ឃុន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​សង្គម ឃុំ​ច្រេះ ស្រុក​មេ​សាង ខេត្តព្រៃវែង បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1Cl-9563 បាន​រង​របួសធ្ងន់​បាក់ជើង​ខាងស្តាំ និង​ម្នាក់​ទៀត​ឈ្មោះ ផេ​ន សុ​ហេង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​អ្នក​រួម​ដំណើរ មាន​ទី​លំ​ជាមួយ​គ្នា រង​របួសស្រាល ត្រូវ​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រា​ធានី​ភ្នំពេញ​។ ចំណែក​រថយន្ត​ក្រុងភ្នំពេញ​-​វៀតណាម ពណ៌​សលាយ​ក្រហម ពាក់​លេខ ភ្នំពេញ​3C-6336 មិន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ ហើយ​បាន​រត់គេច​ខ្លួន​បាត់​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​ទាំង​២​នាក់​ជិះ​ម៉ូតូ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ ពេល​មក​ដល់​ចំណុច​កើតហេតុ ជន​រង​គ្រោះ​បាន​បើក​គេច​ពី​អ្នក​ជិះ​កង់​ក្នុង​ទិស​ដៅ​ស្រប គ្នា​ក៏ បាន​រេច​ង្កួ​ត​ដួល​ចំ​ពីមុខ​រថយន្តក្រុង ដែល​កំពុង​បើកបរ​ស្របគ្នា ជាន់​ហ្វាំ​ង​មិន​ទាន់​បណ្តាល​កិន​ជើង​ម្នាក់ បង្ក​ឱ្យ​របួសធ្ងន់ និង​អ្នក​រួម​ដំណើរ​ពីក្រោយ​ម្នាក់​ទៀត រង​របួសស្រាល រីឯ​ម៉ូតូ​ត្រូវ​រថយន្ត​កិន​ខ្ទេច​។ ក្រោយ​កើតហេតុ​សម្ថ​កិច្ច​ជំនាញ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ចុះ​អន្តរា​គម​ធ្វើការ​វាស់វែង​ប្រមូល​យក​មធ្យោបាយ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​ចាត់ការ​បន្ត​៕