ពលរដ្ឋ​នៅ​ជុំវិញ​សាលាស្រុក​ត្បែងមានជ័យ​ត្អូញត្អែរ​រឿង​គ្មាន​ទឹក​ប្រើប្រាស់​ក្នុង​រដូវប្រាំង​នេះ

ពលរដ្ឋ​នៅ​ជុំវិញ​សាលាស្រុក​ត្បែងមានជ័យ​ត្អូញត្អែរ​រឿង​គ្មាន​ទឹក​ប្រើប្រាស់​ក្នុង​រដូវប្រាំង​នេះ



ព្រះវិហារ​ ៖ ​ប្រជាពលរដ្ឋ​ប្រមាណ​២០០​គ្រួសារ​រស់នៅ​ភូមិ​បុស្ស​ធំ ​ឃុំ​ប្រមេរ ​ស្រុក​ត្បែងមានជ័យ​ស្ថិតនៅ​ជុំវិញ​ទីតាំង​រដ្ឋបាល​សាលាស្រុក ​កំពុង​ជួប​​​ឧបសគ្គ​ខ្លាំង ​ដោយសារ​ពួកគាត់​មិន​មាន​ទឹក​ប្រើប្រាស់​ក្នុង​រដូវប្រាំង​ និង​កំពុង​ខ្វះខាត​ថវិកា​សម្រាប់​ចំណាយ​ទិញ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​ថែមទៀត។

សេចក្ដី​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ សព្វថ្ងៃ​ក្នុង​ភូមិ​បុស្ស​ធំ​ ដែល​ស្ថិតនៅ​ពីក្រោយ​សាលាស្រុក​ត្បែងមានជ័យ​មាន​ស្រះ​ទឹក​១​កន្លែង​ទំហំ​៥០​ម៉ែត្រ​គុណ​២០​ម៉ែត្រ​មាន​ជម្រៅ​ទឹក​១​ម៉ែត្រ​ដែរ​ ប៉ុន្តែ​ទឹកល្អក់​រាល់​ឆ្នាំ ​ហើយ​នៅ​ខែប្រាំង​រីង​ទឹក​ស្ទើរ​អស់។ រដូវប្រាំង​ឆ្នាំ​នេះ​ក្ដៅ​ស្ងួត​ជាង​ឆ្នាំ​ទៅ​ ហើយ​ការប្រើប្រាស់​ទឹក​មាន​តម្រូវការ​ខ្ពស់​ថែមទៀត។

ប្រភព​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា ​ពលរដ្ឋ​រស់នៅ​ភូមិ​បុស្ស​ធំ​ ក៏​ដូចជា​ភូមិ​មួយ​ចំនួន​ទៀត​ក្នុង​ឃុំ​ប្រមេរ ​កំពុង​មាន​បញ្ហា​ប្រឈម​គ្មាន​ប្រភព​ទឹក​ស្អាត​ធម្មជាតិ​ប្រើប្រាស់​ក្នុង​ជីវភាព​រស់នៅ។សព្វថ្ងៃ​ពលរដ្ឋ​ត្រូវ​ទិញ​ទឹក​ស៊ីទែន​ពី​ឈ្មួញ​ដឹក​តាម​គោយន្ត​កែច្នៃ​មក​ប្រើប្រាស់​ក្នុង​តម្លៃ​១០០០០​រៀល​ក្នុង​១​ម៉ែត្រ​គូប​ ហើយ​រដូវប្រាំង​ឆ្នាំនេះ​ក្តៅ​ខ្លាំង​ក្នុង​១​ថ្ងៃ​អាច​ប្រើ​២​ម៉ែត្រគូប​ទឹក​ទើប​គ្រប់​តម្រូវការ។

ប្រជាពលរដ្ឋ​ក្រីក្រ​រស់នៅ​តំបន់​គ្មាន​ប្រភពទឹក​ខាងលើ​និយាយ​ត្អូញត្អែរ​ថា​ សម្រាប់​ការ​ចំណាយ​ទិញ​ទឹក​ប្រើប្រាស់​អាច​ចំណាយ​ខ្ពស់​នៅ​ឆ្នាំ​២០១៦​នេះ ​ក្នុង​រង្វង់​ពី​២​លាន​ទៅ​៣​លាន​រៀល​ក្នុង​រដូវប្រាំង​ ហើយ​បើ​ក្នុង​រដូវវស្សា​រាំង​ភ្លៀង​យូរ​ទៀត​ អាច​ចំណាយ​ខ្ពស់​ចាប់ពី​៣​លាន​ដល់​៤​លាន​រៀល​ថែមទៀត។ កត្តា​អវិជ្ជមាន​ទាំងនេះ​ធ្វើ​ឲ្យ​កាន់តែ​ខ្វះខាត​ខ្លាំង​ ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ទៅលើ​ការ​ចំណាយ​ហូបចុក​ កូនៗ​រៀនសូត្រ​របស់​ពួកគាត់​ថែមទៀត​។

នរណា​ក៏​ដឹង​ដែរ​ថា​ក្តី​កង្វល់ ​និង​ទុក្ខ​ព្រួយ​របស់​ប្រជាពលរដ្ឋ​ខាង​លើ ​ដែល​គ្មាន​ប្រភព​ទឹក​ប្រើប្រាស់ ​និង​ខ្វះខាត​ថវិកា​ទិញ​ទឹក​ប្រចាំថ្ងៃ​ហាក់ដូច​មិនមែន​ជា​ក្តី​កង្វល់​របស់​អាជ្ញាធរ​ខេត្ត​ និង​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ ដែល​មាន​លោក​សេង​សារី​ ជា​ប្រធាន​មន្ទីរ​មាន​វ័យ​ចាស់​ជរា​ជាងគេ​នោះ​ទេ។ប្រៀបធៀប​ខេត្តព្រះវិហារ​សព្វថ្ងៃ​យើងទាំងអស់គ្នា​មើលឃើញថា​ វា​កំពុងតែ​រីក​ស្គុះស្គាយ​សំបូរ​ទៅដោយ​ផ្ទះ​វិឡារ ​សណ្ឋាគារ​ផ្ទះល្វែង ​ប្រណីតៗ​រថយន្ត​ស៊េរី​ថ្មី​ទំនើបៗ​ ស្ថានីយ​ប្រេង​ឥន្ធនៈ​ធំ! សុទ្ធតែជា​កម្មសិទ្ធ​របស់​អ្នកធំ​ក្នុង​ខេត្តព្រះវិហារ​ទាំងអស់​ចាប់​ពី​ប្រធាន​ការិយាល័យ​ខ្លាញ់​ៗ​ និង​បណ្តា​ប្រធាន​មន្ទីរ​រហូតដល់​ថ្នាក់ដឹកនាំ​ខេត្ត​។​

លោក​អ៊ុង​វុទ្ធី​ អភិបាលស្រុក​ត្បែងមានជ័យ​បាន​ទទួល​ស្គាល់ថា ​ស្រះ​ទឹក​មួយកន្លែង​នៅ​ភូមិ​បុស្ស​ធំ​ខាងក្រោយ​រដ្ឋបាល​សាលាស្រុក​ ពិតជា​មានទឹក​រីង​ និង​ជម្រៅ​រាក់​ប្រាកដ​មែន។ ស្រះ​ទឹក​នោះ​មិនអាច​ធ្វើការ​ស្តារ​បានទេ បើ​ស្តារ​ដី​ឲ្យ​ជ្រៅ​វា​នឹង​គ្មាន​ទឹក។ លោក​និយាយថា​សូម្បី​សាលាស្រុក​ ក៏​គ្មាន​ទឹក​ប្រើប្រាស់​ដូចគ្នា​ដែរ​ ប៉ុន្តែ​បាន​ចំណាយ​ជីក​ស្រះ​ទឹកធំ​មួយ​រួចរាល់​ហើយ​ក្នុង​បរិវេណ​សាលាស្រុក​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដងទឹក​ប្រើប្រាស់​ទាំង​អស់គ្នា៕