ឧកញ៉ា​ឈ្មួញ​ឈើ​ល្បីឈ្មោះ​២​នាក់​ ត្រូវ​បាន​កោះ​ឡើង​តុលាការ​ ក្រោម​បណ្តឹង​របស់​គណៈកម្មការ​ផ្កាយ​៤​ សៅ​ សុខា​

​ប្រភព​ព័ត៌មាន​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ​ និង​ខេត្ត​ត្បូងឃ្មុំ​ បាន​ឲ្យ​ដឹង​ថា​ មាន​ឧកញ៉ា​ឈ្មួញ​ឈើ​ដ៏​ល្បីឈ្មោះ​ចំនួន​២​នាក់​ប្រចាំ​នៅ​ភូមិភាគ​ខេត្ត​ឦសាន​ ត្រូវ​បាន​កោះ​ឲ្យ​ឡើង​បំភ្លឺ​តុលាការ​ ក្រោម​បណ្តឹង​របស់​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ ដែល​មាន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ជា​ប្រធាន​គណៈកម្មការ​ ។​

​ឧកញ៉ា​ឈ្មួញ​ឈើ​ដ៏​ល្បីឈ្មោះ​ទាំង​ពីរ​នាក់​ដែល​ត្រូវ​បាន​កោះ​ឡើង​តុលាការ​នោះ​ គឺ​ ៖

១-​លោក​ឧកញ៉ា​ វន់​ ប៊ុ​ន​ថៃ​ ហៅ​ឧកញ៉ា​ ថៃ​ ជា​ឈ្មួញ​ឈើ​ដៃស្តាំ​ដ៏​សំខាន់​របស់​លោក​ឧកញ៉ា​ លឹ​ម​ ប៊ុ​ន​ណា​ ហៅ​ខ្នា​ ប្រចាំ​ភូមិភាគ​ខេត្ត​ឦសាន​ និង​ជា​មនុស្ស​ស្និទ្ធ​នឹង​លោក​ឧត្តមសេនីយ៍ឯក​ ឧកញ៉ា​ ជឿន​ សុវណ្ណ​ថា​ មេបញ្ជាការ​រង​កងទ័ពជើងគោក​ និង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​២(​លោក​ឧត្តមសេនីយ៍​ ជឿន​ សុវណ្ណ​ថា​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧៩៩/១៤៩​ ចុះ​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​១៩៩៩)​ ទទួល​បានការ​តែងតាំង​ងារ​ជា​ឧកញ៉ា​ដំណាលគ្នា​ជាមួយ​លោកស្រី​ នី​ម​ គឹ​ម​រ៉ា​ ជឿន​ សុវណ្ណ​ថា​ ត្រូវជា​ភរិយា​របស់​លោក​ឧត្តមសេនីយ៍​ឯកឧកញ៉ា​ ជឿន​ សុវណ្ណ​ថា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១២/៤៩៨​ ចុះ​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០១២​ ។​

​កាលពី​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៦​ និង​ថ្ងៃ​ទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​កន្លង​ទៅ​ គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ បាន​ជីក​កកាយ​រក​ឃើញ​ឈើមូល​ជា​ច្រើន​ដើម​  និង​ឈើ​ឡាំង​រួច​ជា​ច្រើន​ដុំ​ ដែល​ជា​ឈើ​ប្រភេទ​លេខ​១​ សរុប​ចំនួន​ច្រើន​ម៉ែត្រគូប​ ឈ្មួញ​កប់​លាក់​ទុក​ក្នុង​ដី​ ឋិត​នៅ​ក្រោយ​ឃ្លាំង​ស្តុក​ និង​រោងចក្រ​កែ​ច្នៃ​ឈើ​របស់​លោក​ឧកញ៉ា​ វន់​ ប៊ុ​ន​ថៃ​ ហៅ​ ឧកញ៉ា​ ថៃ​ ក្នុងស្រុក​អូរ​រាំង​ឪ​ ខេត្ត​ត្បូងឃ្មុំ​ ។​

២-​លោក​ឧកញ៉ា​ លឹ​ម​ ប៊ុ​ន​ណា​ ហៅ​ខ្នា​ ជា​ឈ្មួញ​ឈើ​នាំ​ចេញ​ទៅ​ស្រុក​យួន​ប្រចាំ​ភូមិភាគ​ខេត្ត​ឦសាន​យ៉ាង​សកម្ម​ ដែល​ស្និទ្ធ​នឹង​ឯកឧត្តម​ ហ៊ុន​ ណេ​ង​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ (​អតីត​ចៅហ្វាយខេត្ត​កំពង់ចាម​)​និង​ត្រូវជា​បងប្រុស​បង្កើត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទទួល​បានការ​តែងតាំង​ងារ​ជា​ឧកញ៉ា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១១១/០៤៨​ ចុះ​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១១​ ។​

​លោក​ឧកញ៉ា​ឈ្មួញ​ឈើ​ លឹ​ម​ ប៊ុ​ន​ណា​ ហៅ​ ខ្នា​ បាន​ល្បីឈ្មោះ​សុសសាយ​ដល់​បុរស​ខ្លាំង​នៃ​កម្ពុជា​ លើក​ឡើង​មក​និយាយ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ កាលពី​វេលា​ព្រឹក​ នា​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ហើយ​បុរស​ខ្លាំង​ក៏​បាន​បញ្ជា​ឲ្យ​ឯកឧត្តម​ ប្រាជ្ញ​ ចន្ទ​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ​ និង​លោក​អភិបាល​នៃ​គណៈ​អភិបាលស្រុក​មេមត់​ ចាត់ការ​ទៅ​លើ​អំពើ​របស់​លោក​ឧកញ៉ា​រូប​នេះ​ ខណៈ​នាយក​រដ្ឋមន្ត្រី​បាន​បង្គាប់បញ្ជា​ ឲ្យ​បិទ​គ្រប់​ច្រក​រត់ពន្ធ​ឈើ​ទៅ​ប្រទេស​វៀតណាម​ផង​ដែរ​ ។​

​មជ្ឈដ្ឋាន​នានា​កំពុង​ទន្ទឹងរង់ចាំ​តាមដាន​មើល​ថា​ តើ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ និង​ខេត្តក្រចេះ​ សម្រេច​ចោទប្រកាន់​បើក​ការ​ស៊ើបសួរ​ទៅ​លើ​លោក​ឧកញ៉ា​ឈ្មួញ​ឈើ​ វន់​ ប៊ុ​ន​ថៃ​ និង​លោក​ឧកញ៉ា​ឈ្មួញ​ឈើ​ លឹ​ម​ ប៊ុ​ន​ណា​ តាម​នីតិវិធី​នៃ​ច្បាប់​ដែរ​ឬទេ​ ឬ​ក៏​ត្រូវ​សុំ​ជំនួយ​ថាមពល​បន្ថែម​ពី​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ទើប​ហ៊ាន​ចាត់ការ​ ?​ ៕​

ឧកញ៉ា​ឈ្មួញ​ឈើ​ល្បីឈ្មោះ​២​នាក់​ ត្រូវ​បាន​កោះ​ឡើង​តុលាការ​ ក្រោម​បណ្តឹង​របស់​គណៈកម្មការ​ផ្កាយ​៤​ សៅ​ សុខា​ ឧកញ៉ា​ឈ្មួញ​ឈើ​ល្បីឈ្មោះ​២​នាក់​ ត្រូវ​បាន​កោះ​ឡើង​តុលាការ​ ក្រោម​បណ្តឹង​របស់​គណៈកម្មការ​ផ្កាយ​៤​ សៅ​ សុខា​ឧកញ៉ា​ឈ្មួញ​ឈើ​ល្បីឈ្មោះ​២​នាក់​ ត្រូវ​បាន​កោះ​ឡើង​តុលាការ​ ក្រោម​បណ្តឹង​របស់​គណៈកម្មការ​ផ្កាយ​៤​ សៅ​ សុខា​ឧកញ៉ា​ឈ្មួញ​ឈើ​ល្បីឈ្មោះ​២​នាក់​ ត្រូវ​បាន​កោះ​ឡើង​តុលាការ​ ក្រោម​បណ្តឹង​របស់​គណៈកម្មការ​ផ្កាយ​៤​ សៅ​ សុខា​ឧកញ៉ា​ឈ្មួញ​ឈើ​ល្បីឈ្មោះ​២​នាក់​ ត្រូវ​បាន​កោះ​ឡើង​តុលាការ​ ក្រោម​បណ្តឹង​របស់​គណៈកម្មការ​ផ្កាយ​៤​ សៅ​ សុខា​

Related