លោក ឆាយ បូ មេ​គយ​ច្រក​អន្តរជាតិ​ដូង និង​មន្ត្រី​ឆ្វេង​ស្តាំ ល្បី​ខាង​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ពី​ប្រទេស​ថៃ​តាម​អំពើ​ចិត្ត​

​ខេត្តបាត់ដំបង​៖ ពលរដ្ឋ​រកស៊ី​នាំ​ទំនិញ​ចេញចូល​តាម​ច្រក​អន្តរជាតិ​ដូង​បង្ហើប​ថា លោក​មេ​គយ​ច្រក​ទា្វរ​អន្តរជាតិ​ដូង លោក ឆាយ បូ និង​មន្ត្រី​ស្និទ្ធ​ឆ្វេង​ស្តាំ​កំពុង​ប្រើ​អំណាច​បែប​ជិះសេះ​លែងដៃ បើក​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​គេចពន្ធ ពី​ប្រទេស​ថៃ​តាម​អំពើ​ចិត្តបាន​ធ្វើ​ឲ្យ​ប្រាក់​ដែល​ត្រូវ​បង់ពន្ធ​នោះ​រត់​ចូលទៅក្នុង​ហោប៉ៅ​លោក​មេ​គយ ឆាយ បូ និង​មន្ត្រី​ស្និទ្ធ​ឆ្វេង​ស្តាំ​យ៉ាង​សុខ​ស្រួល ដែល​ធ្វើ​ឲ្យ​បាត់ប្រាក់​ចំណូល​ពន្ធ​យ៉ាង​សន្ធឹកសន្ធាប់ ហើយ​ករណីនេះ​គួរតែ​លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរ​ចាត់វិធានការ​ធ្វើកំណែទម្រង់​សមត្ថកិច្ច​គយ​ច្រក​អន្តរជាតិ​ដូង​ដើម្បី​ពង្រីក​ចំណូល​ពន្ធ​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា បញ្ហា​ខាងលើនេះ​កើតឡើង​ដោយសារតែ​មន្ត្រី​ជំនាញ​ឆ្វេង​ស្តាំ របស់លោក មេ​គយ ឆាយ បូ មិន​បំពេញការងារ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​តួនាទី និង​នីតិវិធី​គយ​របស់ខ្លួន ផ្ទុយទៅវិញ​មន្ត្រី​ជំនាញ​ឆ្វេង​ស្តាំ​មួយចំនួន ថែមទាំង​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស ដោយ​មិន​ខ្វល់​ពី​ការខាតបង់​ចំណូល​ថវិកាជាតិ​នោះទេ​។ ជាក់ស្តែង​ហ្គាស បន្លែ​ផ្លែឈើ ត្រី​សាច់ គ្រឿងទេស គ្រឿង​កំប៉ុង គ្រឿងបន្លាស់​ម៉ូតូ និង​រថយន្ត ។​ល​។ និង​។​ល​។ ត្រូវបាន​ឈ្មួញ​នាំចូល​ពី​ប្រទេស​ថៃ មក​ក្នុងប្រទេស​កម្ពុជា ដោយ​មិនមាន​ការពិនិត្យ និង​បង់ពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ​។​

​ប្រភព​បាន​បញ្ជាក់ថា ក្នុងចំណោម​មុខទំនិញ ដែល​បាន​រៀបរាប់​ខាងលើ ភាគច្រើន​មិនបាន​បង់ពន្ធ​ជូន​រដ្ឋ ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ ហើយ​គេ​ដឹងថា ឈ្មួញ​បាន​ចែក​ភាគរយ នៃ​ផលចំណេញ​ជាមួយ​មន្ត្រី​ជំនាញ​គយ របស់លោក ឆាយ បូ​។ ចំណែក​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តបាត់ដំបង ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​លោក ឆាយ បូ ជាប្រចាំ ទើប​បណ្ដោយ​ឲ្យ​បទល្មើស​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​អន្តរជាតិ​ដូង កើតឡើង​យ៉ាង​អនាធិបតេយ្យ​ដែល​ធ្វើ​ឲ្យ​មានការ​រិះគន់ថា​កំណែទម្រង់​គយ​ពុំមាន​អ្វី​ប្លែក​៕

KA-06-02-2016-27លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករកម្ពុជា

KA-06-02-2016-28