លោក ហ៊ុន សែន ថា​លោក​មាន​មោទនភាព​ដែល​បរទេស​គាំទ្រ​ហ្វេសប៊ុក​របស់​លោក

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ថ្ងៃ​ទី​១៧ មីនា ថា​លោក​មាន​មោទនភាព ដែល​មាន​បរទេស​ជា​ច្រើន​គាំទ្រ​ហ្វេសប៊ុក​របស់​លោក បន្ទាប់​ពី​មេ​បក្ស​ប្រឆាំង​រិះគន់​​ថា លោក​ទិញ​ចំនួន​អ្នក​ចូលចិត្ត ឬ Like ពី​បរទេស ដើម្បី​ឲ្យ​បាន​ច្រើន​ជាង​ខ្លួន។

លោក ហ៊ុន សែន ក៏​ថ្លែង​ចំអកដោយ​ទំនង​សំដៅ​ទៅ​​លោក សម រង្ស៊ី ប្រធាន​បក្ស​សង្គ្រោះជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​នោះ ថា មេ​បក្ស​នេះ​មិន​ចេះ​ទទួល​ស្គាល់​បរាជ័យ​ទេ។ លោក​បន្ត​ថា ពី​មុន​បក្ស​នេះ​ចាញ់​ការ​បោះឆ្នោត នាំ​គ្នា​រិះគន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហើយ​បន្តិច​ទៀត​នឹង​រិះ​គន់​ហ្វេសប៊ុក​ផង

លោក ហ៊ុន សែន «ខ្ញុំ​អត់​មាន​ប្រកួត​ប្រជែង​ជាមួយ​អ្នកណា អ្នកណាLike មិន​Like ខ្ញុំ​មិន​ដឹង​ទេ។ រឿង​ធំ​ជាង​គេ​របស់​ខ្ញុំ​គេ​ដោះស្រាយ​ការងារ​ទេ ខ្ញុំ​បាន​និយាយ​ហើយ​តើស! ប៉ុន្តែ​អស់​លោក​ពីមុន​នេះ​ប្រើប្រាស់​ទិន្នន័យ​ហ្វេសប៊ុក​យក​មក​វិភាគ​ប្រជាប្រិយ។ ដល់​មក​លេង​ចាញ់​ខ្ញុំ គឺ​សុទ្ធ​តែ​ខ្ញុំ​ទិញ​Like ទិញ​ឯណា ទៅ​តែ​ពាស​អ៊ីចឹង។ ហើយ​បរទេស​like យី​បើ​បាន​បរទេស​គេ​Like ជួយ​អរ​ទៅ ព្រោះ​ងាយ​ឯណា​ប្រជាជន​ឥណ្ឌា ប្រជាជន​ប្រទេស​ក្រៅ អាច​ស្គាល់​ដល់​នាយករដ្ឋមន្ត្រី​កម្ពុជា ហ៊ុន សែន វា​អស្ចារ្យ​ណាស់ ហើយ​គួរ​អបអរ​សាទរ»

កាល​ពី​ថ្ងៃ​ទី​៩ មីនា លោក សម រង្ស៊ី បាន​រិះគន់​ចំពោះ​ចំនួន​អ្នក​ចូលចិត្ត លើ​ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន ថា ភាគច្រើន​គឺ​បាន​មក​ពី​ការ​ទិញ ឬ​ជួល​មនុស្ស​ក្រីក្រ​ពី​ប្រទេស​ឥណ្ឌា (India) និង​ហ្វីលីពីន (Philippines) ដែល​អត់​ការងារ​ធ្វើ ឲ្យ​បង្កើត​ជា​គណនី​ក្លែងក្លាយ ដើម្បី​ផ្ដល់​មតិ​ចូលចិត្ត​ឲ្យ​លោក ហ៊ុន សែន។

គិត​ដល់​ ​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​មីនា អ្នក​គាំទ្រ​ហ្វេសប៊ុក លោក ហ៊ុន សែន មាន​ជាង​៣​លាន​នាក់ (3,271,929) ខណៈ​អ្នក​គាំទ្រ​ហ្វេសប៊ុក លោក សម រង្ស៊ី មាន​ជាង​ពីរ​លាន​នាក់(2,280,723)។ ប៉ុន្តែ​យោង​តាម​ទិន្នន័យ​ពី​គេហទំព័រ​សូសល បេកឃ័រ (Socialbakers) អ្នក​ប្រើប្រាស់​ហ្វេសប៊ុក នៅ​កម្ពុជា មាន​អ្នក​គាំទ្រ​លោក សម រង្ស៊ី ច្រើន​ជាង​លោក ហ៊ុន សែន ជិត​៤​ម៉ឺន​នាក់។

ទាក់ទង​រឿង​នេះ​ដែរ លោក សម រង្ស៊ី ក៏​ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​មក​ឆ្លើយ​បំភ្លឺ នៅ​ថ្ងៃ​ទី​២០ ខែ​មេសា តាមបណ្ដឹង​របស់​សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា លោក សោម សឿន។ បណ្ដឹង​នេះ​ក្រោយ​ពេល​លោក សម រង្ស៊ី បាន​បង្ហោះ​ក្នុង​ហ្វ៊េសប៊ុក​របស់​លោក កាល​ពី​ថ្ងៃ​ទី​៩ មីនា ថា លោក សោម សឿន បាន​ណែនាំ​ទៅ​កាន់​មន្ត្រី​របស់​ខ្លួន ជំរុញ​ឲ្យ​ផ្សព្វផ្សាយ​ទំព័រ​ហ្វេសប៊ុក លោក ហ៊ុន សែន ក្នុង​គ្រប់​កិច្ច​ប្រជុំ​ចូលរួម​ផ្ដល់​មតិ​ចូល​ចិត្ត​ហ្វេសប៊ុក លោក ហ៊ុន សែន ចូល​ទំព័រ​ហ្វេសប៊ុក លោក សម រង្ស៊ី ដើម្បី​ដក​ការ​ចូល​ចិត្ត(Unlike) ព្រម​ទាំង​រៀបចំ​ក្រុម​បច្ចេកទេស​ដើម្បី​បង្កើត​គណនេយ្យ​ចូល​ចិត្ត​ទំព័រ​ហ្វេសប៊ុក លោក ហ៊ុន សែន ជាដើម ខណៈ​លោក សោម សឿន បដិសេធ​ព័ត៌មាន​នេះ។

រហូត​មក​ដល់​ពេល​នេះ​លោក សម រង្ស៊ី បាន​រង​បណ្ដឹង​ចំនួន​៣​ហើយ ចំពោះ​ការ​បញ្ចេញ​មតិ​នៅ​លើ​បណ្ដាញ​សង្គម​ហ៊្វេសប៊ុក ដូចជា​បណ្ដឹង​បរិហារ​កេរ្តិ៍​របស់ លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង​បណ្ដឹង​ពាក់ព័ន្ធ​នឹង​ការ​ចូលរួម​ផ្សព្វផ្សាយ​ផែនទី​ក្លែងក្លាយ​ជាមួយ លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។