​កម្ពុជា នាំ​ចេញទៅ​សហភាព​អឺរ៉ុប ប្រមាណ​ជាង​៣​ពាន់​លាន​អឺរ៉ូ នៅ​ឆ្នាំ​២០១៤

ភ្នំពេញ:
ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​, កម្ពុជា​នាំចេញ​ទៅ​សហភាព​អឺរ៉ុប ប្រមាណ​ជាង​៣​ពាន់​លាន​អឺរ៉ូ នៅ​ឆ្នាំ​២០១៤ កើនឡើង​ប្រមាណ​ជាង​២១% ធៀប​នឹង​ឆ្នាំ​២០១៣ ដែលមាន​ប្រមាណ​តែ​ជាង​២.៥០០​លាន​អឺរ៉ូ​។ ចំណែក​ការនាំ​ចូល​ពី​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប មក​កម្ពុជា​វិញ មាន​ប្រមាណ​ជិត​៣០០​លាន​អឺរ៉ូ​នៅ​ឆ្នាំ​២០១៤ កើនឡើង​ប្រមាណ​ជិត​២៥% ធៀប​នឹង​ឆ្នាំ​២០១៣ ដែលមាន​ប្រមាណ​តែ​២៤០​លាន​អឺរ៉ូ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បានស្នើ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ជួយ​ជំរុញឱ្យមាន​ការវិនិយោគ និង​ពាណិជ្ជកម្ម​បន្ថែមទៀត ក្នុងនោះ​រួមទាំង​ការលើកទឹកចិត្ត ឱ្យ​ក្រុមហ៊ុន សហគ្រាស​នៅ​អឺរ៉ុប ជួយ​ទិញ​ផលិតផល ស្រូវ និង​កៅស៊ូ ពី​កម្ពុជា​ផងដែរ ។​

​ការស្នើ​នេះ លោក​ឧបនាយករដ្ឋមន្ត្រី បាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក ច​ច អ៊ី​ដ​ហ្កា (George Edgar) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា នា​ល្ងាច ថ្ងៃទី​១៦​មីនា នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​លោក ឯក ថា អនុប្រធាននាយកដ្ឋាន​ព័ត៌មាន នៃ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស ទីស្តីការគណៈរដ្ឋមន្ត្រី​បានឱ្យដឹងថា សហភាព​អឺរ៉ុប ដែលមាន​សមាជិក​២៨​ប្រទេស គឺជា​ទីផ្សារ​ដ៏​ធំ​មួយ​សម្រាប់​កម្ពុជា ទាំង​ផលិតផល​កសិកម្ម ក៏ដូចជា​ឧស្សាហកម្ម​កាត់ដេរ​។ ដូច្នេះហើយ លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន បានស្នើ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ជួយ​ជំរុញឱ្យមាន​ការវិនិយោគ និង​ពាណិជ្ជកម្ម​បន្ថែមទៀត ដោយ​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន សហគ្រាស នៅ​អឺរ៉ុប ជួយ​ទិញ​ផលិតផល ស្រូវ និង​កៅស៊ូ ពី​កម្ពុជា ។​

​លោក​បានឱ្យដឹងថា ខាងមុខនេះ នឹងមាន​ទស្សនកិច្ច​មួយចំនួន របស់​គណៈប្រតិភូ​មក​ពី សហភាព​អឺរ៉ុប ដើម្បី​បង្កើន​ទំនាក់ទំនង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​សហភាព​អឺរ៉ុប ឱ្យបាន​កាន់តែ​ប្រសើរឡើង លើ​ផ្នែក​ពាណិជ្ជកម្ម ក៏ដូចជា​វិនិយោគ ជា​ប្រយោជន៍​ដល់​ប្រជាជន​ទាំងសងខាង​។ ក្នុង​នេះដែរ លោក George Edgar បានបង្ហាញ​ការចាប់អារម្មណ៍ ចំពោះ​ផលិតផល​ម្រេច​ខ្មែរ ដែលមាន​គុណភាព​ល្អ ប៉ុន្តែ​ទន្ទឹមនេះ​ឯកឧត្ដម ក៏​ចង់ឃើញ​កម្ពុជា​បង្កើតឱ្យមាន​ស្លាក​សញ្ញា​អង្គរ​របស់​កម្ពុជា ដើម្បី​ទាក់ទាញ ដល់​វិនិយោគិន​នៅ​អឺរ៉ុប មក​វិនិយោគ​នៅ​កម្ពុជា និង​ទទួល​នាំចេញ​អង្ករ​កម្ពុជា ទៅកាន់​សហភាព​អឺរ៉ុប ។ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប មាន​សេចក្ដី​រីករាយ​ផងដែរ ចំពោះ​ការវិនិយោគ​របស់​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​នៅ​កម្ពុជា ក្នុងនោះ​ការវិនិយោគ​ពង្រីក​ស្ថានីយ៍​អ្នកដំណើរ​ថ្មី នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​អាច​បង្កើន​ការចេញចូល​របស់​អ្នកដំណើរ ពី​៣​លាន​នាក់​ក្នុង​១​ឆ្នាំ ទៅ​៥​លាន​នាក់​ក្នុង​១​ឆ្នាំ ហើយ​ត្រូវបាន​លើកសរសើរ ដោយ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នោះ បានបង្ហាញ​ឱ្យឃើញ នូវ​ការស្វាគមន៍​គាំទ្រ ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​អ្នកវិនិយោគ មកពី​សហភាព​អឺរ៉ុប និង​មកពី ទីកន្លែង​ផ្សេងៗ​ទៀត ។​

​គេ​បានឱ្យដឹងថា ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​, កម្ពុជា​នាំចេញ​ទៅ​សហភាព​អឺរ៉ុប ប្រមាណ​ជាង​៣​ពាន់​លាន​អឺរ៉ូ នៅ​ឆ្នាំ​២០១៤ កើនឡើង​ប្រមាណ​ជាង​២១% ធៀប​នឹង​ឆ្នាំ​២០១៣ ដែលមាន​ប្រមាណ​តែ​ជាង​២​ពាន់​៥០០​លាន​អឺរ៉ូ​។ ចំណែក​ការនាំ​ចូល​ពី​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប មក​កម្ពុជា​វិញ មាន​ប្រមាណ​ជិត​៣០០​លាន​អឺរ៉ូ​នៅ​ឆ្នាំ​២០១៤ កើនឡើង​ប្រមាណ​ជិត​២៥% ធៀប​នឹង​ឆ្នាំ​២០១៣ ដែលមាន​ប្រមាណ​តែ​២៤០​លាន​អឺរ៉ូ​។ ចំពោះ​ការវិនិយោគ​វិញ ពី​ខែមករា​ដល់​ខែតុលា ឆ្នាំ​២០១៥ ការវិនិយោគ របស់​ប្រទេស​មកពី​សហភាព​អឺរ៉ុប​នៅ​កម្ពុជា មាន​ចំនួន ប្រមាណ ៧៦​លាន​ដុល្លារ​អាមេរិក ។​

​ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ នៅ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ហៅ​កាត់​ថា អ​.​វ​.​ត​.​ក លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​ថ្លែងអំណរគុណ ចំពោះ ការគាំទ្រ​របស់​សហភាព​អឺរ៉ុប ហើយដោយ​សារ ខាង​ភាគី​ជាតិ​នៅ​សាលាក្ដី​នេះ នៅ​ខ្វះ​ថវិកា ២​លាន​៤​សែន​ដុល្លារ​សម្រាប់​ខែមិថុនា ដល់​ខែធ្នូ ឆ្នាំ​២០១៦​នោះ លោក​ឧបនាយករដ្ឋមន្ត្រី បានស្នើ​សុំ​ដល់​សហភាព​អឺរ៉ុប បន្ត​ជួយផ្ដល់ ។ សំណើ​នេះ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប  នឹង​នាំ ទៅជូន​ស្នាក់ការ​កណ្ដាល​របស់​ស​ហ​ភាព​អឺរ៉ុប នៅ​ប្រ៊ូ​ស​ស៊ែ​ល ដើម្បី​សម្រេច ៕​

​កម្ពុជា នាំ​ចេញទៅ​សហភាព​អឺរ៉ុប ប្រមាណ​ជាង​៣​ពាន់​លាន​អឺរ៉ូ នៅ​ឆ្នាំ​២០១៤

​កម្ពុជា នាំ​ចេញទៅ​សហភាព​អឺរ៉ុប ប្រមាណ​ជាង​៣​ពាន់​លាន​អឺរ៉ូ នៅ​ឆ្នាំ​២០១៤