​លោកស្រី ជូ ប៊ុន​អេង​៖​ស្ត្រី​អាយុ​ក្រោម​១៨​ឆ្នាំ ដែល​ស្ម័គ្រចិត្ត​រៀប​អាពាហ៍ពិពាហ៍ ជាមួយ​ជនបរទេស អាច​នឹង​ជួប​ការប្រថុយប្រថាន​

ភ្នំពេញ:
 នៅក្នុង​ឆ្នាំ​២០១៥ មាន​ជនបរទេស​ជាច្រើន​ជនជាតិ បានដាក់​ពាក្យសុំ​រៀប​អាពាហ៍ពិពាហ៍ ជាមួយ​កូន​ខ្មែរ​ក្រោមរូបភាព​ស្របច្បាប់ មាន​ប្រមាណ​១.០០០​គូ​។ ដោយឡែក​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គឺមាន​បុរស​ប្រជាជន​កូរ៉េ​ជាច្រើន បាន​ស្នើសុំ​រៀបការ​ជាមួយ​ស្ត្រី​ខ្មែរ​អាយុ​ក្រោម​១៨​ឆ្នាំ ខណៈ​ច្បាប់​នៅ​កូរ៉េ មិនបាន​អនុញ្ញាត​ឲ្យ​ស្ត្រី​រៀបការ​នៅ​អាយុ​១៨​ឆ្នាំ​នោះទេ ដែលជា​បញ្ហា​ប្រឈម​មួយ​របស់​នារី​ខ្មែរ​។​

​ខណៈ​មានកូន​ខ្មែរ​ជាច្រើន បានធ្វើ​ស្ម័គ្រចិត្ត​រៀប​អាពាហ៍ពិពាហ៍ ជាមួយ​ជនបរទេស ដោយ​ហេតុផល​ចង់ទៅ​នៅក្រៅ​ប្រទេស នៅថ្ងៃនេះ គណៈកម្មាធិការ​ជាតិ ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) បាន​អំពាវនាវ​ឲ្យ​ស្ត្រី​ខ្មែរ និង​អាណាព្យាបាល ត្រូវ​ព្យាយាម​រក​ភាពស្របច្បាប់​ពី​ជនបរទេស ដើម្បី​បាន​រៀប​អាពាហ៍ពិពាហ៍ និង​ការរស់នៅ​ក្រៅប្រទេស​ប្រកបដោយ​សុខ​សុវត្ថិភាព​។

​នៅក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី បែបបទ​នីតិវិធី​រៀបចំ​អាពាហ៍ពិពាហ៍​ទៅ​ក្រៅប្រទេស នា​ព្រឹក​ថ្ងៃទី​១៧ ខែមីនា នៅ​សាលប្រជុំ គ​.​ជ​.​ប​.​ជ លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស មានប្រសាសន៍ថា ស្ត្រី​ខ្មែរ​ដែល​បានរៀបចំ​អាពាហ៍ពិពាហ៍ ជាមួយ​ជនបរទេស មិនមែន​សុទ្ធតែ​អាក្រក់​ទាំងអស់​នោះទេ ប៉ុន្តែ​ស្ត្រី​ខ្លួនឯង​ដែលមាន​បំណង​រៀបការ ជាមួយ​ជនបរទេស​នោះ​ត្រូវតែ​ពិចារណា​ឲ្យ​បាន​ត្រឹមត្រូវ ពិនិត្យ​សាវតា​គ្នា​ទៅវិញទៅមក និង​សមស្រប​ទៅតាម​នីតិ​ច្បាប់ ពិសេស​ស្ត្រី​ខ្មែរ​អាយុ​ក្រោម​១៨​ឆ្នាំ​។​
 
​លោកស្រី​បញ្ជាក់ថា ភាពស្របច្បាប់​ដែល​ភាគី​ទាំងសងខាង ត្រូវ​ដឹង​នោះ​រួមមាន​៖ ទី​១​ភាគី​ជនបរទេស​ត្រូវមាន​លិខិតឆ្លងដែន​មាន​ទិដ្ឋាការ​ដែលមាន​សុពលភាព ទី​២​ត្រូវមាន​លិខិត​ថ្កោលទោស​ថា​ជន​នោះ​គ្មាន​ទោស និង​បញ្ជាក់​ពី​ការធ្វើ​អន្តោប្រវេសន៍​ស្របច្បាប់ ទី​៣​មាន​លិខិតបញ្ជាក់​មុខរបរ ទី​៤​លិខិតបញ្ជាក់​សុខភាព ទី​៥​លិខិតបញ្ជាក់​ភាព​នៅ​លីវ ដែលមាន​ការបញ្ជាក់​ពី​ស្ថានទូត​។

​តាម​ប្រសាសន៍ លោកស្រី ជូ ប៊ុន​អេង នៅក្នុង​កិច្ចប្រជុំ​នោះដែរ នៅក្នុង​ឆ្នាំ​២០១៥ មាន​ជនបរទេស​ជាច្រើន​ជនជាតិ បានដាក់​ពាក្យសុំ​រៀប​អាពាហ៍ពិពាហ៍ ជាមួយ​កូន​ខ្មែរ​ក្រោមរូបភាព​ស្របច្បាប់ មាន​ប្រមាណ​១.០០០​គូ ។ ដោយឡែក​សម្រាប់​ប្រទេស​កូរ៉េ​ខាង​ត្បួ​ង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គឺមាន​បុរស​ប្រជាជន​កូរ៉េ​ជាច្រើន បាន​ស្នើសុំ​រៀបការ​ជាមួយ​ស្ត្រី​ខ្មែរ​អាយុ​ក្រោម​១៨​ឆ្នាំ ខណៈ​ច្បាប់​នៅ​កូរ៉េ មិនបាន​អនុញ្ញាត​ឲ្យ​ស្ត្រី​រៀបការ​នៅ​អាយុ​១៨​ឆ្នាំ​នោះទេ ដែលជា​បញ្ហា​ប្រឈម​មួយ​របស់​នារី​ខ្មែរ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ កិច្ចប្រជុំ​នោះ ក៏បាន​ធ្វើការ​ហាមប្រាម​ទៅដល់​បណ្តា មេឃុំ​សង្កាត់​នានា និង​ស្មៀនឃុំ សង្កាត់​សូម​ពិនិត្យ​ឲ្យ​ដិតដល់ ធ្វើ​សំបុត្រ​បញ្ជាក់​កំណើត​លើស​មួយ​ជូន​បុគ្គល​ម្នាក់ នៅក្នុង​មូលដ្ឋាន ហើយ​ពលរដ្ឋ​ដែលមាន​សំបុត្រកំណើត​ពីរ​ត្រូវ​ទៅ​បញ្ជាក់​មោឃភាព​មួយ​ចោល ដើម្បី​ជៀស​ឲ្យ​ផុត​ភាពខុស​ច្បាប់​៕

​លោកស្រី ជូ ប៊ុន​អេង​៖​ស្ត្រី​អាយុ​ក្រោម​១៨​ឆ្នាំ ដែល​ស្ម័គ្រចិត្ត​រៀប​អាពាហ៍ពិពាហ៍ ជាមួយ​ជនបរទេស អាច​នឹង​ជួប​ការប្រថុយប្រថាន​