ការ​រុះរើ​គណៈ​រដ្ឋមន្ត្រី​ ៖ ពេល​ដែល​​ដៃជើង​​រដ្ឋាភិបាល​​ត្រូវ​រស់​​រវើក

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ​បាន​សម្រេច​រុះរើ​គណៈ​រដ្ឋមន្ត្រី​របស់​លោក ​ដើម្បី​ធ្វើឱ្យ​​​កាន់តែ​មាន​ប្រ​សិ​ទ្ធ​​ភាព​ការងារ​បម្រើប្រជាជន​កម្ពុជា​ ។ ការ​រុះរើ​គណៈ​រដ្ឋមន្ត្រី​នេះ ​កើតឡើង​ដោយសារ​តែ​ក្រសួង​រដ្ឋ​មួយ​ចំនួន​ស្ពឹក ​ហើយ​ប្រ​សិ​ទ្ធ​​ភាព​​ការងារ​នៅ​មាន​​កម្រិត ​។

សម្តេច​តេ​ជោ​បាន​​និយាយ​ជា​សាធារណៈថា​ ក្រសួង​ចំនួន​៨​ នឹង​ទទួល​រង​ផល​ប៉ះពាល់​​ពី​ការ​រុះរើ​គណៈរដ្ឋមន្ត្រី​នេះ ​។ សម្តេច​មិន​បាន​បង្ហើបឱ្យ​​អស់​ឡើយ​ថា ​តើ​ក្រសួង​ទាំង​៨​នោះ មាន​ក្រសួង​ណាខ្លះ​ទេ?

ការ​រុះរើ​គណៈរដ្ឋមន្ត្រី​ ដែល​នឹង​ត្រូវ​សម្រេច​ដោយ​​រដ្ឋសភា​នៅ​ថ្ងៃ​ទី​០៤​ មេសា​ បាន​បង្ហាញ​ថា ស​ម្តេច​មិន​អាច​នៅ​ស្ងៀម​បន្ត​ទៀត​ ដែល​​ឃើញ​មន្ត្រី​ថ្នាក់​ក្រោម​របស់​​សម្តេច​ មាន​ភាព​ស្ទុះស្ទារ​នឹង​ការងារ​ដូច​អ្វី​ដែល​សម្តេច​​ចង់បាន​ ។

កន្លងមក គេ​ឃើញ​ថា ស​ម្តេច ហ៊ុន សែន បាន​ប្រឹងប្រែង​​ជា​ខ្លាំង ​នៅ​ក្នុង​ការ​បម្រើប្រជាជន​កម្ពុជា ​ដែល​បាន​បោះ​ឆ្នោត​ឱ្យ​​គណ​បក្ស​ប្រជាជន​កម្ពុជា​​ដឹកនាំ​ប្រទេស ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា ​មន្ត្រី​មួយ​ចំនួន ​មិន​ទាន់​បំពេញការងារ​បាន​​ល្អ​នៅឡើយ​ ។ រហូត​ដល់​អ្នកខ្លះ​និយាយ​​ថា «​ក្បាល​រស់​​រវើក ​ដៃជើង​ស្ពឹង​ស្រពន់​» ដោយ​ចង់​សំដៅ​ទៅ​លើ​ការ​ប្រឹងប្រែង​របស់​សម្តេច​តេ​ជោ​ និង​ភាព​ស្ពឹក​ស្រពន់​របស់​មន្ត្រី​ថ្នាក់​ក្រោម​ ។

ដូច្នេះ​ ការ​រុះរើ​គណៈរដ្ឋមន្ត្រី​នឹង​ផ្តល់​សញ្ញា​​មួយ​​ដល់​រដ្ឋមន្ត្រី​ទាំងអស់​ថា ​ពួក​គេ​ដែល​ជា​ដៃ​ និង​ជើង​របស់​រដ្ឋាភិបាល​នោះ​ ត្រូវ​ធ្វើការ​ខ្លាំង​​ជាង​មុន ​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាជន​កម្ពុជា​ ។ បើ​ពុំនោះ​ទេ ពួក​គេ​នឹង​ត្រូវ​ទទួល​ថ្នាំខ្លាំង ​គឺ​ការ​ដក​ចេញពី​មុខ​តំណែង ​។

ការ​ពង្រឹង​ប្រ​សិ​ទ្ធ​ភាព​ការងារ​របស់​​រដ្ឋាភិបាល​នឹង​ជួយ​លើកកម្ពស់​ប្រជាប្រិយភាព​​របស់​គណបក្ស​កាន់អំណាច​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ​ឆ្ពោះទៅ​កាន់ការ​បោះ​ឆ្នោត​​ឆ្នាំ​២០១៧​ និង​​២០១៨ ៕