បង្កប់​ខ្លួន​ក្នុង​​ស្ថានីយ​ប្រេង​ឥន្ធនៈ សម្រាប់​​យុវ​សិស្ស​គូស្នេហ៍ និង​ប្រើ​គ្រឿងញៀន

ខេត្តបាត់ដំបង ៖ ប្រភព​បាន​បង្ហើប​ឱ្យ​ដឹង​ថា ​ហាង​ខារ៉ាអូខេ​មួយ​កន្លែង កំពុង​​​បើក​​រក​ស៊ី​យ៉ាងរលូន​​ក្នុង​ស្ថានីយប្រេងឥន្ធនៈ​ដ៏​ធំ​​មួយ​​នៅ​ចំណុច​ច្រមុះជ្រូក​ជាប់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​រំចេក​៤ សង្កាត់​រត​នះ ក្រុង​បាត់ដំបង ដែល​ត្រូវ​គេ​សង្ស័យថា ​គ្មាន​ច្បាប់​អនុញ្ញាត​នោះ​​ទេ។

ខារ៉ាអូខេ​ដែល​បង្កប់​ក្នុង​ស្ថានីយ​ប្រេង​ខាងលើ​នេះ គឺ​មា​នទី​តាំងនៅ​ច្រមុះជ្រូក ផ្លូវ​ចូល​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត តែ​មិន​បាន​ទាក់ភ្នែក​សមត្ថកិច្ច​ទេ តាំងពី​ចាប់​ដំណើ​ការ​មក ។ ប៉ុន្តែ ក៏​មាន​មន្ត្រី​មួយ​ចំនួន​បាន​រិះគន់​ដែរ ដោយសារ​តែ​ខារ៉ាអូខេ​នេះ កំពុង​ពង្វក់​យ៉ាង​​ខ្លាំង​ដល់​យុវ​សិស្ស ។ ខារ៉ាអូខេ​នោះ កំពុង​ទាក់ទាញ​អតិថិជន ភាគច្រើន​គឺជា​ក្រុម​យុវ​សិស្ស ដែល​នាំ​គ្នា​មក​យ៉ាង​ពពាក់ពពូន ចូល​ច្រៀង​មិន​ថា​យប់ ឬ​ថ្ងៃ​ទេ​។

ប្រភព​ពី​ក្រុម​យុវ​សិស្ស​បានឱ្យ​ដឹង​ដែរ​ថា ខារ៉ាអូខេ​នោះ បាន​ដំណើ​ការ​ច្រើន​ខែ​ហើយ គឺ​មាន​តែ​សិស្សសាលា​ទេ ដែល​ចូល​ច្រៀង ជា​​ពិសេស​យុវ​សិស្ស ដែល​មាន​គូស្នេហ៍ ។ ដោយ​យុវ​សិស្ស​មួយ​ចំនួន​មិន​ចូល​សាលា​ទេ គឺ​នាំ​គូស្នេហ៍​ចូល​ច្រៀង​ខារ៉ាអូខេ​យ៉ាង​សប្បាយ ។

មន្ត្រី​ម្នាក់​បាន​បញ្ជាក់​ថា គាត់​បាន​ឃ្លាំមើល​ប៉ុន្មាន​ថ្ងៃមុន​នេះ  គឺ​ភ្ញៀវ​ភាគច្រើន​សុទ្ធតែ​កូនសិស្ស​ចេញ​-​ចូល​ៗ តាំងពី​ព្រឹក រហូត​ដល់​យប់ ។ គាត់​សង្ស័យ​ក្រុម​យុវ​សិស្ស​ប្រុស​-​ស្រី ដែល​ពពាក់ពពូន​ក្នុង​បន្ទប់​ខារ៉ាអូខេ​នោះ  មិន​ត្រឹមតែ​ចូល​ច្រៀង​ខារ៉ាអូខេ​ទេ ទំនងជា​អាច​ប្រើ​គ្រឿងញៀន​ទៀត​ផង ។

មន្ត្រី​ដដែល​នេះ​បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​ជំនាញ ឬ​អាជ្ញាធរ​មួល​ដ្ឋា​ន ជួយ​ចុះ​ពិនិត្យ​មើល​ទីតាំង​ខារ៉ាអូខេ​ដែល​បង្កប់ខ្លួន​ក្នុង​ស្ថានីយ​​​ប្រេង​ខាងលើ​នេះ​ផង ។