ឆ្អឹងជំនី​ចៀម​ដុត​

គ្រាន់តែ​បានឃើញ​មុខម្ហូប​ដែល​កែច្នៃ​ឡើង​យ៉ាង​ពិសេស និង​គួរឱ្យ​ចង់​ទទួលទាន ដែល​ច្នៃ​ចេញពី​ស្នាដៃ​ដ៏​ឆ្នើម​របស់​មេ​ចុងភៅ​ធំ​ប្រចាំ​ភោជនីយដ្ឋាន L’Amboise នៅក្នុង​សណ្ឋាគារ Cambodianaគឺ លោក សុង តេង ភ្លាម លោកអ្នក​ប្រាកដជា​អាច​ប៉ាន់​ស្មានដឹង​រួចទៅហើយ​ថា វា​មាន​រសជាតិ
ឈ្ងុយឆ្ងាញ់ និង​ប្លែក​ពីមុខ​ម្ហូបផ្សេងៗជាក់​ជាមិនខាន ព្រោះ​អ្នកណា​មិន​ល្បី​អាហារ​ប្រចាំ​នៅ​ភោជនីយដ្ឋា​ន L’Amboise នោះ។ នៅក្នុង​ទំព័រមុខ​ម្ហូប ឡា​រ៉ែ​ន លេខ​នេះ​ពិត​ជាមាន​កិត្តិយស​ណាស់ ដែលមានវត្តមាន​មេ​ចុងភៅ​ធំ លោក សុង តេង ចូលរួម​ចែករំលែក​បទពិសោធ​ចម្អិន​មុខម្ហូប​បែប​អឺរ៉ុប​កាត់​ខ្មែរ
មួយ​មុខ​នេះ ដែលមាន​គ្រឿងផ្សំ និង​របៀប​ធ្វើ​ដូចខាងក្រោម​នេះ។

+ គ្រឿងផ្សំ
– ឆ្អឹងជំនី​ចៀម
– ស្ពៃ​តឿ
– សណ្តែកកួរ
– សណ្តែកបារាំង​កំប៉ុង
– ដំឡូងបារាំង
– ការ៉ុត
– ខ្ទឹមស
– ម្រេច​កំពត
+ របៀប​ធ្វើ
1. យក​ឆ្អឹងជំនី​ចៀម​ទៅ​ដុត​ឱ្យ​ឆ្អិន 50% ឬ​តាម​ចំណូលចិត្ត រួច​ទុក​មួយ​អ​ន្លឺ​សិន។
2. ទឹក​ដែល​ត្រង​បាន​ពី​ការដុត​ឆ្អឹងជំនី​ចៀម ត្រូវ​រក្សាទុក​សម្រាប់​យក​មក​ស្រោច​ពីលើ​មុខម្ហូប​មួយ​នេះ​នៅពេល​រួចរាល់។
3. បន្ទាប់មក យក​បន្លែ​បែប​ធម្មជាតិ ដែលមាន​ដូចជា ស្ពៃ​តឿ និង​សណ្តែកកួរ​ទៅ​ស្រុះ​ឱ្យ​ឆ្អិន​ល្អ រួច​យក​សណ្តែកបារាំង​កំប៉ុង និង​ការ៉ុត​ទៅ​ស្ងោ ហើយ​សឹម​កាត់​ដំឡូងបារាំង​ជា​ដំ​ុ​រាង​ចង្វាមូល រួច​យកទៅ​បំពង​ជាមួយ​ប្រេង​អូ​លីវ និង​បញ្ចប់​ដោយ​ចិញ្ច្រាំ​ខ្ទឹមស ហើយ​យកទៅ​បំពង​ឱ្យ​ឈ្ងុយ និង​ឡើង​ពណ៌​ក្រហម​ជើង​អង្ក្រង​ទុក​រោយ​ពីលើ​ឆ្អឹងជំនី​ចៀម​ដុត។
4. ជាចុងក្រោយ​ត្រូវ​រៀប​បន្លែ និង​ឆ្អឹងជំនី​ចៀម​នៅលើ​ចាន​ឱ្យមាន​របៀប​សម្រាប់​ទទួល​ទាន​ជុំគ្នា ដោយ​ត្រូវ​រៀប​ឆ្អឹងជំនី​ចៀម​ដុត​នៅ​ចំ​កណ្តាល និង​រៀប​បន្លែ​ទាំងអស់​នៅ​ជំ​ុ​វិញ(ដូច​រូប) និង​ស្រូប​ដោយ​ទឹក​ដែល​ត្រង​បាន​ពី​ការដុត​ឆ្អឹងជំនី​ចៀម​លាយ​ជាមួយនឹង ម្រេច​កំពត​របស់​ខ្មែរ ហើយ​រោយ​ដោយ​ខ្ទឹមស​បំពង​ជាការ​ស្រេច៕

ប្រភព៖​lareine