វិថី​សុភមង្គល ​តើ​យក​ប្រពន្ធ​មក​ដើម្បី​អ្វី?

អត្ថបទ​អ្នក​លេង Facebook ៖ “​តើ​យក​ប្រពន្ធ​មក​ដើម្បីអ្វី?​ គ្រួសារ​មួយ​មាន​ភាព​ចុះ​សំរុង​នឹង​គ្នា គោល​ជំហរ​របស់​ប្ដី​គឺ​សំខាន់​បំផុត​!!!​ ម្ដាយ​ខ្ញុំ​គឺ​ជា​នារី​ជន​បទ​ដែល​បាន​ទទួល​ការ​សិក្សា​ដែរ បើ​និយាយ​ពីរ​រូប​រាង​ គឺ​មិន​អាច​ចាត់​ទុក​ថា​នារី​ស្អាត​ទេ។ ​ចឹង​ហើយ​ប្អូន​ស្រី​បង្កើត​របស់​ប៉ា​ខ្ញុំ​តែង​និយាយ​ចាក់​រុក​ដាក់​ត្រចៀក​យាយ​របស់​ខ្ញុំ​ថា “មើល​ទៅ​បង​ថ្លៃ​មាន​រូប​រាង​ទាប ទន់​ខ្សោយ​ប្រហែល​មិន​អាច​កើត​កូន​បាន​ទេ​មើល​ទៅ​!”។

ពេល​ប៉ា​ខ្ញុំ​ស្ដាប់​ឮ​ហើយ​ខឹង​ណាស់​តប​វិញ​ថា​ ” ខ្ញុំ​ស្រលាញ់​រូប​រាង​នាង​បែប​នឹង​ទើប​សម​ជា​អ្នក​រៀន​សូត្រ អ្នក​ដៃ​ជើង​ធំ​បាន​តែ​ធ្វើ​ការងារ​ធ្ងន់​ដូច​ឯង​ហ្នឹង​!”។ ប៉ា​ខ្ញុំ​គឺ​ជា​មន្ត្រី​រាជការ​ក្នុង​ភូមិ​ យាយ​ខ្ញុំ​គិត​ថា​ម្ដាយ​ខ្ញុំ​បាន​ការ​ជាមួយ​កូន​គាត់​គឺ​សំណាង​ធ្លាក់​ពី​លើ​មេឃ​ហើយ ​ចឹង​ម្ដាយ​ខ្ញុំ​ត្រូវ​ធ្វើ​គោ​ធ្វើ​សេះ ​គឺ​ជា​រឿង​សម​ហេតុ​ផល​ណាស់។
ដូច្នេះ​ហើយ​មាន​ថ្ងៃ​មួយ ប៉ា​ខ្ញុំ​មក​ដល់​ផ្ទះ​ទាំង​ស្រវឹង​ស្រែក​ឡូឡា​និយាយ​ថា ​” មួយ​ជីវិត​ខ្ញុំ​នេះ​បាន​នាង​មក​ធ្វើ​ជា​ប្រពន្ធ​របស់​ខ្ញុំ ​គឺ​ជា​សំណាង​ខ្ញុំ​ណាស់ កាល​ឆ្នាំ​ណោះ​អ្នក​តាម​នាង​មាន​ច្រើន​គរគោក​ មាន​ឋានៈ​ធំ​មាន​លុយ​ច្រើន​ជាង​ខ្ញុំ​ទៀត តែ​នាង​បែរ​ជា​ជ្រើស​រើស​មក​តាម​ខ្ញុំ​វិញ​។
ខ្ញុំ​សន្យា​ថា​ក្រៅ​ពី​ម្តាយ​ចេញ អ្នក​ណា​ក៏​មិន​អាច​ធ្វើ​​ឲ្យ​នាង​ខូច​ចិត្ត​បាន​ដែរ​ ខ្ញុំ​នឹង​ការពារ​នាង​ទោះ​ត្រូវ​ដាច់​ក្បាល​ក៏​ដោយ​។”  ​អ្នក​ក្នុង​ផ្ទះ​បើក​ភ្នែក​ធំ​មើល​មុខ​គ្នា ទោះ​ជា​យាយ​ខ្ញុំ​ត្រូវ​បាន​លើក​លែង​ចេញ ​តែ​សួរ​ថា ​គាត់​នៅ​ហ៊ាន​ទៀត​អត់???  ​តាម​ពិត​យប់​នោះ​ប៉ា​ខ្ញុំ​មិន​បាន​ស្រវឹង​ទេ​។
ចាប់​ពី​ពេល​នោះ​មក ​គ្រួសារ​ខ្ញុំ​មិន​ដែល​ឮ​មាត់​ក៏​អី​ទេ រស់នៅ​ចុះ​សំរុង​គ្នា​ធម្មតា​ ជា​ច្រើន​ឆ្នាំ​មក​នេះ ​គ្រួសារ​ទាំង​មូល​ចេះ​យក​យល់​គ្នា ចិត្ត​តែ​១​ ប៉ា​ខ្ញុំ​គឺ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ក្រៅ​មក​ថា​បំពាន​លើ​គ្រួសារ​នេះ​ដាច់​ខាត។ ប៉ា​ខ្ញុំ​ជា​កូន​កត្តញ្ញូ​មើល​ថែ​ម្ដាយ​មិន​ឲ្យ​ខ្វះ​ចន្លោះ​ តែ​គាត់​មិន​ចាត់​ទុក​សម្ដី​ម្ដាយ​ជា​រាជ​បញ្ជា​ដាច់​ខាត គាត់​បញ្ជាក់​ច្បាស់​ថា “មនុស្ស​ចាស់​វង្វេង អ៊ីចឹង​ឲ្យ​គាត់​វង្វេង​តាម​ដែរ​មែន​??? “។
គោល​ជំហរ​របស់​ប្តី​ពិត​ជា​សំខាន់​ណាស់ បើ​គាត់​ចង់​ដោះស្រាយ​បញ្ហា​ គឺ​គ្មាន​បញ្ហា​ណា​ដែល​មិន​អាច​ដោះស្រាយ​បាន​ឡើយ!
ការ​ចាត់​ទុក​ប្រពន្ធ​ជា​មនុស្ស​សំខាន់ ទើប​អ្នក​ដទៃ​គេ​គោរព​នាង​ដែរ​។
ប៉ា​របស់​ខ្ញុំ​មាន​ចិត្ត​ទូលាយ​តែង​បំពេញ​បំណង​ញាតិសន្តាន គាត់​មិន​ផឹក​ស្រា​មិន​ជក់​បារី​ រស់នៅ​សន្សំ​សំចៃ តែ​ឲ្យ​កូន​ៗ​បាន​រៀន​ខ្ពស់ បង្រៀន​កូន​ឲ្យ​ចេះ​ជួយ​អាសា​អ្នក​ដទៃ។ មីង​ខ្ញុំ​តែង​រអ៊ូ​ថា ​គ្រាន់​អាវ​ធំ​ម្ដាយ​ខ្ញុំ​មួយ​អាច​ទ្រទ្រង់​ជីវភាព​គ្រួសារ​​នេះ​បាន​រាប់​ខែ។ តែ​ប៉ា​ខ្ញុំ​យល់​ថា​ ម្ដាយ​ទិញ​អាវ​នេះ​មិន​មាន​បញ្ហា​អី​ផង គាត់​តប​ថា “ឯង​មាន​ស៊ី​មាន​ចាយ ថ្លៃ​សាលា​កូន​ក៏​ខ្ញុំ​អ្នក​ចេញ​ឲ្យ​ទៀត​ ឯង​នៅ​ទើស​បង​ថ្លៃ​ឯង​ស្លៀកពាក់​អី​ដែរ?”។
ក្នុង​ភូមិ​ខ្ញុំ​គឺ​ពី​បុរាណ​មក​គឺ ប្រុស​ថ្លៃ​ស្រី​ថោក មិន​ឲ្យ​តម្លៃ​ស្ត្រី​ទេ​ មនុស្ស​ស្រី​មិន​អាច​ញ៉ាំ​អាហារ​រួម​តុ​ជាមួយ​បុរស​បាន​ឡើយ។ គឺ​ត្រូវ​ញ៉ាំ​ក្នុង​ចង្ក្រាន​បាយ។ តែ​ពេល​ប៉ា​នាំ​ម្ដាយ​ខ្ញុំ​ទៅ​លេង​ញាតិមិត្ត​ គាត់​ឲ្យ​ម្ដាយ​ខ្ញុំ​មក​រួម​តុ​ជាមួយ ហើយ​បើ​ម្ដាយ​ខ្ញុំ​ជា​អ្នក​ធ្វើ​ម្ហូប បើ​ម្ដាយ​ខ្ញុំ​មិន​ទាន់​មក​អង្គុយ ​អ្នក​ណា​ក៏​មិន​អាច​ញ៉ាំ​មុន​បាន​ដែរ នេះ​ជា​ការ​គោរព​សម្រាប់​ស្ត្រី​មេ​ផ្ទះ។
ដំបូង​មីង​ខ្ញុំ​មិន​សុខ​ចិត្ត ប៉ា​ខ្ញុំ​និយាយ​ថា​ ​”បើ​ឯង​ចូល​ចិត្ត​គោរព​ប្រពៃណី​ចាស់​ចឹង ​ឯង​ទៅ​ញ៉ាំ​នៅ​ចង្រ្កាន​បាយ​ទៅ បើ​អត់​ទេ​អង្គុយ​ឲ្យ​ស្ងៀម​ហើយ​ញ៉ាំ​បាយ​របស់​ឯង​តាម​សម្រួល”។ ដូច្នេះ​ទំនាស់​ម៉ែ​ក្មេក​និង​កូន​ប្រសារ សាច់​ថ្លៃ​អី​គឺ​មក​ពី​ទម្លាប់​មនុស្ស​ទេ​ បើ​គាត់​អាច​ធ្វើ​ជា​កូន​គេ​ជា​ប្តី​គេ​ជា​បង​គេ​បាន​ល្អ រឿង​សំខាន់​អ្វី​ក៏​មិន​អាច​កើត​ឡើង​ដែរ​។
​មុខ​មាត់​គឺ​ខ្លួន​ឯង​ខំ​ប្រឹង​មក មិន​មែន​ត្រូវ​ការ​មនុស្ស​​ស្រី​ឲ្យ​ទេ​។ ​បុរស​មួយ​ចំនួន​ប្រាប់​ប្រពន្ធ​ថា​ ​” ពេល​នៅ​មុខ​អ្នក​ផ្ទះ អ្នក​ដទៃ​អូន​ត្រូវ​ស្តាប់​បង បង​ថា​ឆ្វេង​ៗ​ស្តាំ​ៗ រហ័សរហួន​ការងារ​ ដើម្បី​កុំ​ឲ្យ​បង​បាក់​មុខ”។ ​ប៉ា​ខ្ញុំ​មើល​ងាយ​មនុស្ស​បែប​ហ្នឹង​ណាស់ មុខ​មាត់​មនុស្ស​ប្រុស ​គឺ​នៅ​ក្រៅ​ខំ​ធ្វើការ​រក​លុយ ​កុំ​មក​ផ្ទះ​រក​មាត់​អី ធ្វើ​បាប​ប្រពន្ធ​មុខ​គេ​ឯង អាហ្នឹង​មាន​មុខ​មាត់​ស្អី!។” ប៉ា​ខ្ញុំ​គិត​ថា​ ការ​មិន​ផ្តល់​កិត្តិយស​ឲ្យ​ប្រពន្ធ គឺ​ជា​ការ​មិន​ផ្ដល់​កិត្តិយស​ឲ្យ​ខ្លួន​ឯង​ដូច​គ្នា។
ស្រី​ភាគ​ច្រើន​តែង​រអ៊ូ​ថា​ បង​ប្អូន​សាច់​ថ្លៃ មិត្តភ័ក្ដិ​ប្តី​មើល​ងាយ​មិន​គោរព​ខ្លួន​ នោះ​គឺ​មក​ពី​ប្តី​យើង​មិន​គោរព​យើង​បាន​ជា​អ្នក​ដទៃ​ហ៊ាន​ជាន់​ឈ្លី​យើង​បាន​។ ​តើ​យក​ប្រពន្ធ​មក​ធ្វើ​អ្វី​??? ​ប្រពន្ធ​មិន​មែន​យក​មក​ធ្វើ​ជា​ទាសី ធ្វើ​ជា​អ្នក​ទោស​ទេ​ប្រពន្ធ​គឺ​យក​មក​ដើម្បី​ស្រឡាញ់៕
ប្រភព៖ news.kqube
  • វិថី​សុភមង្គល ​តើ​យក​ប្រពន្ធ​មក​ដើម្បី​អ្វី?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/18  Category:ចំនេះដឹង
Tags: