តើ​ខ្ញុំ​គួរ​ដោះស្រាយ​យ៉ាងណា មាន​ផ្ទៃពោះ​ជាមួយ​គាត់​ទើប​ដឹងថា​គាត់​មាន​ប្រពន្ធ​?​

​បន្ទាប់ពី​បាន​ស្គាល់គ្នា​ស្រឡាញ់គ្នា​និង​បាន​ឡើង​គ្រែ​ជាមួយគ្នាព្រមទាំង​មាន​ផ្ទៃពោះ​ទៀត​នោះ​រឿង រ៉ាវ​បែរជា​ប្តូរផ្លាស់​ទាំងស្រុងដោយសារ​គាត់​បាន​កុហក​នាង​ខ្ញុំ​ដែល​តាមពិត​គាត់​មាន​ប្រពន្ធ​រួចហើយ ។ នាង​ខ្ញុំ​និង​គាត់​បាន​ស្គាល់គ្នា​តាំងពី​នាង​ខ្ញុំ​ទើប​បញ្ចប់​ការសិក្សា ។ អត្តចរិត​ស្លូតបូតសម្តី​ផ្អែមល្ហែម​របស់គាត់​ធ្វើឱ្យ​នាង​ខ្ញុំ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ដ៏​សែន​ជ្រៅ ។ ឥរិយាបថ​ខាងក្រៅ​របស់គាត់​បញ្ជាក់​ថា​គាត់​ជា​មនុស្ស​ស្មោះត្រង់​ហើយ​នាង​ខ្ញុំ​ក៏​ទុកចិត្ត​លើ​គាត់​ព្រមទាំង​បាន​ណែនាំ​គាត់​ឱ្យ​ឪពុកម្តាយ​នាង​ខ្ញុំ​ស្គាល់​ផងដែរ ។ ពេល​យើង​នៅ​ជាមួយគ្នា​ឡើង​គ្រែ​ជាមួយគ្នា​គាត់​ប្រាប់ថា​គាត់​ចង់​មានកូន​ជាមួយ​នាង​ខ្ញុំ​មុនពេល​រៀបការ ។​

​យើង​ជួបគ្នា​ជា​ញឹកញាប់ហើយ​ក្រោយពី​ឡើង​គ្រែ​បាន​ប៉ុន្មាន​ថ្ងៃ​គាត់​តែងតែ​ទិញ​ឧបករណ៍​ពិនិត្យ​ទឹកនោម​មកឱ្យ​នាង​ខ្ញុំ​ព្រោះ​គាត់​ពិតជា​ចង់​បានកូន​ខ្លាំងណាស់ ។ សេចក្តីសង្ឃឹម​បានក្លាយ​ជាការ​ពិត នាង​ខ្ញុំ​ក៏​ប្រាប់​ដំណឹង​ល្អ​នេះ​ដល់​គាត់​បន្ទាប់ពី​ពិនិត្យ​ដឹងថា​កូន​ក្នុង​ផ្ទៃ​មាន​អាយុ ៨ សបា្តហ៍ ។ ពេលនេះ​គាត់​ប្រាប់ថា​ញាតិ​ខាង​គ្រួសារ​គាត់​កំពុង​កាន់ទុក្ខ​ដោយមាន​មនុស្ស​ស្លាប់និងហេតុផល​ជាច្រើន​ផ្សេងទៀត​ដែល​ធ្វើឱ្យ​ម្តាយ​គាត់​មិន​ព្រមឱ្យ​រៀបការ ។ គាត់​ថា​នឹង​ជួល​ផ្ទះមួយ​កន្លែង​ឱ្យ​នាង​ខ្ញុំ​រស់នៅ​ហើយ​ថា​នឹង​ចិញ្ចឹម​នាង​ខ្ញុំ​និង​កូន​គាត់​ជឿថា​មិនយូរ​មិនឆាប់​ម្តាយ​របស់គាត់​នឹង​ទទួលស្គាល់ ។​

​នាង​ខ្ញុំ​ជឿ​លើស​ម្តី​គាត់ ប៉ុន្តែ​នាង​ខ្ញុំ​ក៏បាន​ទូរស័ព្ទ​ទៅ​ប្អូនស្រី​គាត់​ដើម្បី​សុំឱ្យ​ជួយ​អង្វរ​ម្តាយ​គាត់​ទទួលស្គាល់​កូនប្រសា​និង​ចៅ​ពេលនោះ​ប្អូនស្រីគាត់​បាន​ណាត់ជួប​នាង​ខ្ញុំ ។ នៅពេល​បាន​ជួប​ប្អូនស្រី​គាត់​ទើប​ដឹងថា​គាត់​មាន​ប្រពន្ធ​រួចហើយប៉ុន្តែ​ប្រពន្ធ​គាត់​មិនអាច​មានកូន​ទេ ។ទន្ទឹមនឹងនេះ​រឿង​មួយចំនួន ​ដែល​គាត់​ធ្លាប់​និយាយប្រាប់​នាង​ខ្ញុំ​កាលពីមុន​ក៏​ជា​រឿងប្រឌិតរបស់គាត់ ។

​ក្រោយមក​គាត់​បាន​ទូរស័ព្ទ​មកសុំ​ទោស​និង​សុំឱ្យ​នាង​ខ្ញុំ​រក្សា​កូន​ក្នុង​ផ្ទៃ​នេះហើយ​ថា​គាត់​នឹង​លែង លះ​ប្រពន្ធ ។ នាង​ខ្ញុំ​មិន​ចង់​បាត់បង់​កូន​ហើយក៏​មិន​ចង់​បាត់បង់​គាត់​ដែរ ប៉ុន្តែ​ម្តាយ​របស់​នាង​ខ្ញុំ​មិន​ព្រមឱ្យ​រៀបការ​ព្រោះតែ​អំពើ​បោកប្រាស់​របស់គាត់ ។ ដោយ​មិន​ចង់ឱ្យ​ឪពុកម្តាយ​ខ្មាស​អ្នកភូមិ​នាង​ខ្ញុំ​ក៏​សម្រេច​បោះបង់​កូន​ក្នុង​ផ្ទៃ​និង​ផ្តាច់ទំនាក់ទំនង​ជាមួយ​គាត់ប៉ុន្តែ​គាត់​នៅតែ​ព្យាយាម​មករក​នាង​ខ្ញុំ ។​
​ថ្វីបើ​នាង​ខ្ញុំ​បាន​បដិសេធ​ជាច្រើនលើក ប៉ុន្តែ​ទីបំផុត​យើង​នៅតែ​បន្ត​ទំនាក់ទំនង​ស្នេហា​ដដែល ។ នាង​ខ្ញុំ​ដឹងខ្លួន​ថា​នៅតែ​ស្រឡាញ់​គាត់ ប៉ុន្តែ​ចិត្ត​ស្ត្រី​ដូចគ្នា​នាង​ខ្ញុំ​ពិតជា​យល់ច្បាស់​ពី​អារម្មណ៍​របស់​ប្រពន្ធ​គាត់​ដែល​ត្រូវគេ​ក្បត់ត្រូវគេ​បោះបង់ ដូច្នេះ​នាង​ខ្ញុំ​ពេលនេះ​មិនដឹងថា​ត្រូវ​បន្តឬក៏​ត្រូវ​បញ្ចប់​ក្តី​ស្នេហ៍​មួយ​នេះដែរ​ឬ​យ៉ាងណា ?

​ចំពោះ​នារី​មាន​វិបត្តិ​

​តាម​ការរៀប​រាប់រប​ស់​នាង​«​ប្រជាប្រិយ​»​ជឿថាបញ្ហា​នេះ​ហាក់ដូចជា​មិន​ស្មុគស្មាញ​ប៉ុន្មាន​ទេ ។ កូន​ក្នុង​ផ្ទៃ​របស់​នាង​អាច​បោះបង់​បាន​ចុះ​ហេតុអ្វី​មិនអាច​បោះបង់​បាន​ចំ​ពោះមនុស្ស​ដែល​បង្ក​ឱ្យ​នាង​និង​អ្នកដទៃ​ឈឺចាប់ ?

«​ប្រជាប្រិយ​»​ទទួលស្គាល់ថាប្តី​ប្រពន្ធ​រស់នៅ​ជាមួយគ្នា​ដោយ​មិនអាច​បង្កើតកូន​បាន​គឺជា​រឿង​ដែល​ពិបាក​នឹង​ទទួលយក ក៏ប៉ុន្តែ​មាន​ប្តី​ប្រពន្ធ​ច្រើនណាស់​ដែល​រស់នៅ​ជាមួយគ្នា​ដល់​ចាស់​ទោះ​គ្មាន​កូន​ក៏ដោយ ។ ម្យ៉ាងទៀត​សម័យនេះ​គ្រូពេទ្យ​មាន​វិធី​ជាច្រើន​ធ្វើឱ្យ​ក្តី​ប្រាថ្នា​ចង់​មានកូន​ក្លាយជា​ការពិត ហេតុអ្វី​មិត្ត​ប្រុស​របស់​នាង​និង​ភរិយា​របស់គាត់​មិន​ទៅរក​សេវាកម្ម​ដូចដែល​បាន​រៀបរាប់​ខាងលើ បែរជា​ចង់​មានកូន​ជាមួយ​ស្រី​ផ្សេង​ទៅវិញ ?«’​ប្រជាប្រិយ​»​ជឿថា គាត់​ក៏​ប្រហែល​ជាមាន​បញ្ហា​ផ្ទាល់ខ្លួន​ដូចជា​មិនមាន​ប្រាក់​ដើម្បី​ទៅរក​ពេទ្យចង់បាន​កូន​ឆាប់​ពេក​គាត់​ជា​មនុស្ស​អាត្មានិយម ។​ល​។​

​តាម​ការរៀបរាប់​«​ប្រជាប្រិយ​»​ក៏​យល់ថាគាត់​ប្រហែលជា​មិន​ស្រឡាញ់​នាង​ប៉ុន្មាន​ទេគោលដៅ​ចម្បង​របស់គាត់​គឺ​ចង់បាន​កូន ដូច្នេះ​គាត់​ប្រហែលជា​មិន​លែងប្រពន្ធ​របស់គាត់​ដើម្បី​មក​នៅក្បែរ​នាង​ឡើយ ។ គាត់​ធ្លាប់បាន​និយាយ​កុហក​នាង​ពី​រឿង​ដ៏​សំខាន់​ទាក់ទង​នឹង​ភាព​នៅ​លីវ​និង​ក្រោយពី​មានកូន​នឹង​រៀបការ ប៉ុន្តែ​ជាក់ស្តែង​គាត់​បាន​បដិសេធ ដូច្នេះ​ពាក្យសន្យា​ដែលគាត់​ថា​នឹង​លែងប្រពន្ធ​ក៏​ជា​រឿង​ពិបាក​នឹង​ទុកចិត្ត​ដែរប្រសិនបើ​គ្មាន​លិខិតបញ្ជាក់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឬ​តុលាការ​ព្រោះថា​លិខិតបញ្ជាក់​ពី​ការលែងលះ​គេ​អាចធ្វើ​ក្លែងក្លាយ​បាន ។

​ក្នុងសង្គម​បញ្ហា​«​អង្ករ​ក្លាយជា​បាយ​»​តែង​កើតមាន​ច្រើនករណីខ្លះ​ឪពុកម្តាយ​ទាំងសងខាង​ត្រូវ​បង្ខំចិត្ត​ទទួលយក ហើយ​ករណី​ខ្លះទៀត​ពេលវេលា​គឺជា​អ្នកដោះស្រាយ ប៉ុន្តែ​មុននឹង​បញ្ហា​ត្រឡប់​ទៅរក​ភាពល្អប្រសើរ​ឡើងវិញក្រុមគ្រួសារ​ពិសេស​គឺ​ឪពុកម្តាយ​ខាង​ស្រី​ត្រូវ​រង​ភាពអាម៉ាស់​អាប់ឱន​កិត្តិយស​រួចទៅហើយ ។​

​យោបល់​របស់​«​ប្រជាប្រិយ​»​នាង​គួរតែ​គេចចេញ​ឱ្យ​ឆ្ងាយ​ពី​បុរស​ម្នាក់​នោះ ព្រោះថា​ទីមួយដើម្បី​កុំឱ្យ​ក្តី​សុខ​របស់ខ្លួន​បង្ក​ជាការ​ឈឺចាប់​ដល់​អ្នកដទៃ ( ប្រពន្ធ​របស់គាត់ ) ។ ទី​ពីរ​ដើម្បី​កុំឱ្យ​ខ្លួនឯង​ក្លាយជា​សត្រូវ​របស់​ឪពុកម្តាយ( ព្រោះ​ពួកគាត់​បាន​ជំទាស់​រួចហើយ ) ។ ទី​បី ដើម្បី​កុំឱ្យ​ខ្លួន​ធ្លាក់​ក្នុង​គន្លង​ចាស់ ពោល​គឺមាន​ផ្ទៃពោះ​ហើយ​បែរជា​ត្រូវ​មិត្ត​ប្រុស​បដិសេធ​មិន​រៀបការ​ទៅវិញ ។ ក្រៅពីនេះ​ចំណង​ស្នេហ៍​ដែល​ត្រូវ​ប្រឆាំង​ជំទាស់​ពី​គ្រួសារ​ទាំងសងខាង​តែង​នាំមក​នូវ​ផល​លំបាក​និង​បង្ក​ជា​បញ្ហា​ធំ​ពិបាក​ដោះស្រាយ ។ ទាំងនេះ​គឺជា​ចំណុច​សំខាន់​ដែល​នាង​គួរតែ​ពិចារណា​ឡើងវិញ​មុននឹង​សម្រេច ចិត្ត​ទទួល​ឬ​បដិសេធ​រូបគាត់ ។ ចូរ​ប្រាកដថា​គូជីវិត​របស់​នាង​ជា​មនុស្ស​ដែល​ស្រឡាញ់​នាង​ច្រើនជាង​នាង​ស្រឡាញ់​គាត់ ៕

ប្រភព៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​pmhotnews

  • តើ​ខ្ញុំ​គួរ​ដោះស្រាយ​យ៉ាងណា មាន​ផ្ទៃពោះ​ជាមួយ​គាត់​ទើប​ដឹងថា​គាត់​មាន​ប្រពន្ធ​?​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/18  Category:ចំនេះដឹង
Tags: