៨ចំណុច​​អ្នក​គួរ​ដឹង​ មុន​​ពេល​សារភាព​​​ប្រាប់​​គេ​ថា​ស្រលាញ់

ជា​រឿង​ពិបាក​មួយ​សម្រាប់​​​ប្រុស​ៗ​ ពេល​​​ចង់​សារភាព​​ប្រាប់​​ទៅ​មនុស្ស​ស្រី​ម្នាក់​ដែល​ខ្លួន​ស្រលាញ់។ នៅ​ដំណាក់​កាល​នោះ ពួក​គេ​ប្រាកដ​​ជា​​បាន​បំពេញ​​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​ Crush (មនុស្ស​ដែល​អ្នក​លួច​ស្រឡាញ់) ចង់​បាន ប៉ុន្តែ​អ្វី​ដែល​​​សំខាន់​ជាង​​នោះ គឺ​​​ពេល​សារភាព​ប្រាប់​​ការ​ពិត​​​ទៅ​កាន់​នាង ដែល​​ពួក​គេ​គួរ​ដឹង​ពី​ចំណុច​​​ខ្លះ​ៗ៖​​​​​​​​​

១. ប្រើ​ពេល​គិត​

​ជា​រឿង​សំខាន់​មួយ​នៅ​ពេល​​អ្នក​​សារភាព​ប្រាប់​នរណា​ម្នាក់​ថា​ស្រលាញ់​គេ។ គប្បី​ពិចារណា​​មើល​លើ​ទំនាក់​ទំនង​រវាង​អ្នក​និងអ្នក​ដែល​អ្នក​ស្រឡាញ់​ជា​មុន​​ និង​​គិត​ថា​តើ​គេ​អាច​ទទួល​យក​​​នូវ​​សំណើ​សារភាព​របស់​អ្នក​ឬ​ទេ? ជា​ពិសេស​នោះ​ អ្នក​មាន​គ្រប់​លក្ខខណ្ឌ​អ្វី​ដែល​គេ​ចង់​​បាន ដែល​​ជា​​សញ្ញា​មួយ​អាច​បង្ហាញ​ថា​​គេ​ស្រលាញ់​អ្នក​វិញ​ឬ​យ៉ាង​ណា? ម្យ៉ាង​ទៀត​អ្នក​អាច​ដឹង​​ច្បាស់​ខ្លួន​​ឯង​ថា​អ្នក​ពិត​ជា​ស្រលាញ់​មនុស្ស​ម្នាក់​នោះ​ឬ​អត់? ដូច​នេះ​ ​អ្នក​នឹង​​អាច​ប្រាប់​ទៅ​គេ។

២. ចែក​រំលែក​រឿង​នេះ​ប្រាប់​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ

ប្រាកដ​ណាស់​ទំនាក់​ទំនង​របស់​អ្នក​​​ពី​​មិត្ត​ប្រែ​ក្លាយ​ជា​​ស្នេហា​ រឿង​មួយ​ចំនួន​​អាច​ជា​ការ​ភ័ន្ត​ច្រលំ​។ បើ​អ្នក​មាន​ភាព​ស្រពិចស្រពិល​​នៃ​ទំនាក់​ទំនង​អ្នក​ជា​មួយ​គេ​ អ្នក​អាច​ស្វែង​រក​មនុស្ស​ដែល​អ្នក​ទុក​ចិត្ត ​មាន​បទ​ពិសោធន៍។ យោបល់​​ប្រឹក្សា​ពី​មិត្តភ័ក្ដិ​​ធ្លាប់​​​សារភាព​ស្នេហ៍​​ជោគ​ជ័យ​​​​ ​អាច​ជួយ​អ្នក​បាន​ក្នុង​រឿង​នោះ​។

៣. រើស​យក​ពេល​វេលា​សមរម្យ​​មួយ​

ថ្ងៃ​ប្រលង ថ្ងៃ​សម្ភាស​ការងារ​ ឬ​​​​នឿយ​ហត់​ពី​ធ្វើ​ការ​ ពេល​ទាំង​នោះ​​អាច​ធ្វើ​ឲ្យ​នាង​​មាន​​អារម្មណ៍​ស្រែ្តស​​ មាន​​​​​​​​ប្រតិកម្ម​​​មិន​ល្អ​​ចំ​ពេល​សារភាព​របស់​អ្នក។ ដូច​នេះ​​ ចំណុច​​សំខាន់​គឺ​អ្នក​អាច​​រក​ពេល​​វេលា​ល្អ​ណា​មួយ​ ដូច​ជា​ថ្ងៃ​ដែល​នាង​​សម្រាក​លំហែ​កាយ​ជា​ដើម។​​​​​​

៤. រក​​​​យក​កន្លែង​​ល្អ​​​​​

បើ​​អ្នក​​ប្រាកដ​ថា​​មាន​គ្រប់​លក្ខខណ្ឌ​ដែល​គេ​ចង់​បាន មាន​ទំនុក​ចិត្ត​​ថា​ Crush អ្នក​ក៏​ស្រលាញ់​អ្នក​វិញ​ដែរ​នោះ ត្រូវ​ប្រាកដ​អ្នក​អាច​រើស​យក​កន្លែង​​និង​ស្ថានការណ៍​ល្អ​ណា​មួយ​​​​​ប្រាប់​គេ។ កន្លែង​ដែល​មិន​សូវ​អ៊ូអរ​ខ្លាំង​​​​​ និង​បរិយាកាស​​​ល្អ ដូច​ជា​​រមណីយដ្ឋាន​សម្រាប់​គូ​ស្នេហ៍​ ដែល​​​អ្នក​អាច​ប្រាប់​ទៅ​នាង​ដោយ​មិន​មាន​ការ​រំខាន។

​៥. ស្មោះ​ត្រង់​

ជា​​​ការ​ល្អ​មួយ​បើ​អ្នក​ជា​មនុស្ស​មិន​សូវ​លេង​សើច​ច្រើន​​​។ ជា​ថ្ងៃ​ពិសេស​​ ដូច​នេះ​​​កុំ​​ឲ្យ​​នាង​គិត​ថា​អ្នក​​លេង​សើច។ ព្យាយាម​បង្ហាញ​នាង​ថា​អ្នក​ពិត​ជា​បាន​និយាយ​​ចេញ​ពី​ចិត្ត​ស្មោះ មិន​ល​លេង​។ ដោយ​ឡែក​ អ្វី​ដែល​អ្នក​គួរ​រំឭក​ខ្លួន​​ឯង​នោះ គឺ​​​​​​​ទុក​ពេល​ឲ្យ​នាង​ផ្ដល់​ចម្លើយ​មក​អ្នក​វិញ។

៦. កុំ​ធ្វើ​ឲ្យ​​គេ​ខ្លាច

អ្នក​ត្រូវ​ចេះ​ផ្ដល់​ពេល​ឲ្យ​គេ​​ខ្លះ​ ដែល​​ប្រហែល​ជា​​ត្រូវ​ការ​ពេល​មួយ​រយៈ​ដើម្បី​ឆ្លើយ​តប​នឹង​អ្នក​វិញ។ អំឡុង​ពេល​នោះ អ្នក​ក៏​គួរ​កុំ​ព្យាយាម​និយាយ​បញ្ចុះ​បញ្ចូល​នាង​ឲ្យ​ឆ្លើយ​ឬ​បញ្ចេញ​សកម្មភាព​ប្លែក​ៗ​ដែល​ធ្វើ​ឲ្យ​នាង​ភ័យ​ខ្លាច​។ វា​ជា​រឿង​សំខាន់​មួយ​ដែល​ អ្នក​គោរព​សិទ្ធិ​របស់​នាង​។

៧. កុំ​ខ្លាច​​​នាង​បដិសេធ

ពេល​​​​បាន​សារភាព​ប្រាប់​គេ​ឲ្យ​ដឹង​រួច​រាល់ អ្នក​​​​ពិត​​ជា​ចង់​ដឹង​​​​ចម្លើយ​មក​វិញ​ក៏​ដូច​​ជា​​គិត​អំពី​អ្វី​ដែល​អ្នក​បាន​ធ្វើ​​ក្នុង​ថ្ងៃ​ពិសេស​​មួយ​នៃ​ជីវិត​​របស់​អ្នក។ ពេល​ខ្លះ​​វា​អាច​ជា​កំហុស​​​ឬ​ជា​​​​ការ​ប្រថុយ​ប្រថាន​មួយ ដោយ​សារ​​​​មាន​ភាគ​រយ​​ខ្លះ​​ ដែល​នាង​អាច​បដិសេធ​នឹង​អ្នក។ ប៉ុន្តែ​ប្រសិន​បើ​​ទំនាក់ទំនង​​​​​អ្នក​ទាំង​ពីរ​​មាន​អនុស្សាវរីយ​​​​​​​​ល្អ​ៗ​ច្រើន​មិន​អាច​បំភ្លេច​បាន​​ អ្នក​នឹង​អាច​ទទួល​បាន​ចម្លើយ​វិជ្ជមាន​ពី​នាង​ក៏​ថា​បាន​…។

៨.ទទួល​​យក​ការ​ពិត

ប្រាកដ​ណាស់​ អ្នក​ពិត​ជា​មិន​ចង់​រស់​នៅ​ដោយ​​មិន​បាន​ប្រាប់​​ការ​ពិត​ទៅ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​នោះ​ទេ។ បើ​ទោះ​ជា​ចម្លើយ​​មិន​សម​ប្រកប​នឹង​ការ​ចង់​បាន​របស់​អ្នក ប៉ុន្តែ​​អ្នក​ត្រូវ​ចាំ​ថា​ Crush របស់​អ្នក​នឹង​​សរសើរ​ពី​ភាព​ស្មោះត្រង់​និង​ភាព​​ក្លាហាន​ដែល​អ្នក​មាន ហើយ​នៅ​លើ​ពិភព​​លោក​​នេះ​​​​​​ពិត​ជា​មាន​មនុស្ស​​ស្រី​សក្ដិសម​​​​ម្នាក់​​ដែល​​ចង់​ឮ​ពាក្យ​សារភាព​ចេញ​ពី​មាត់​អ្នក​ជាង​អ្នក​ដទៃ៕​​​
ចុះ​​មិត្ត​ប្រុស​យើង​ៗ​​​ត្រៀម​ខ្លួន​ប្រាប់​ការ​ពិត​ទៅ​គេ​ហើយ​ឬ​នៅ?

ប្រភព៖​news.sabay

  • ៨ចំណុច​​អ្នក​គួរ​ដឹង​ មុន​​ពេល​សារភាព​​​ប្រាប់​​គេ​ថា​ស្រលាញ់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/18  Category:ចំនេះដឹង
Tags: