មន្ត្រីជំនាញអំពាវនាវឲ្យមានការចូលរួមក្នុងការទប់ស្កាត់លំហូរចូលនៃអាហារមានជាតិគីមី

ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃអំពាវនាវឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋក្នុងការទប់ស្កាត់លំហូរចូលនៃគ្រឿងឧបភោគបរិភោគដែលមានជាតិគីមី។

ក្នុងពិធីសម្ភោធបើកជាផ្លូវការមជ្ឈមណ្ឌលកសិកម្មធម្មជាតិ និងសហករណ៍សរីរាង្គខ្មែរ នៅថ្ងៃព្រហស្បតិ៍នេះ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ លោក មៀច សុផាន់ណា បានថ្លែងថា ការហូរចូលនៃថ្នាំ និងជីគីមីកសិកម្ម រួមទាំងផលដំណាំ បន្លែ និងផ្លែឈើដែលមានជាតិគីមីពីប្រទេសជិតខាង បានកំពុងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងថវិកាប្រជាពលរដ្ឋ។ លោកអំពាវនាវឲ្យចូលរួមដើម្បីទប់ស្កាត់នៅលំហូនៃអាហារមានជាតិគីមី និងអាហារក្លែងក្លាយទាំងនោះ។

មន្ត្រីជំនាញអំពាវនាវឲ្យមានការចូលរួមក្នុងការទប់ស្កាត់លំហូរចូលនៃអាហារមានជាតិគីមី

បន្លែ​នៅ​ក្នុង​មជ្ឈមណ្ឌលកសិកម្ម​ធម្មជាតិ និង​សហករណ៍​សរីរាង្គខ្មែរដែល​ទើប​សម្ពោធ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ (រូបភាព​៖ ហ៊ុន សិរីវឌ្ឍន៍)

លោកមានប្រសាសន៍ថា៖ “ខ្ញុំជឿថាវានឹងប៉ះទង្គឹចផ្ទាល់ទៅនឹងជីវភាពប្រចាំថ្ងៃរបស់យើង ដូច្នេះរួមគ្នាជាមួយគ្នាទាំងអស់គ្នាជាមួយនឹងអស់លោកលោកស្រីក្មួយៗទាំងអស់ដែលជាអ្នកសារព័ត៌មានក៏ត្រូវជួយគ្នាចូលរួម ព្រោះថាកិច្ចប្រឹងប្រែងនេះមិនអាចធ្វើបានសម្រេចជោគជ័យដោយភាគីណាមួយទេ ត្រូវការទាំងប្រជាពលរដ្ឋចូលរួម ក្រសួង មន្ទីរ ស្ថាប័ន សមត្ថកិច្ច ក៏ដូចជាក្មួយៗអ្នកសារព័ត៌មានទាំងអស់យើងជួយផ្សព្វផ្សាយពីគ្រោះថ្នាក់ ពីចំណេះដឹងខ្លះដើម្បីឲ្យមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់”

លោក មៀច សុផាន់ណា បន្តថា រដ្ឋាភិបាលកំពុងធ្វើការសិក្សាទៅលើបរិមាណពិតប្រាកដនៃទំនិញមានជាតិគីមីដែលកំពុងមានលក់ក្នុងទីផ្សារកម្ពុជា។

អ្នកបង្កើតមជ្ឈមណ្ឌលកសិកម្មធម្មជាតិ និងសហករណ៍សរីរាង្គខ្មែរ លោក អៀង សុធារ៉ា បានថ្លែងក្នុងពិធីបើកសម្ភោធនោះថា សព្វថ្ងៃនេះប្រជាពលរដ្ឋកំពុងតែងាកមកទទួលយកផលិតផលដែលគ្នានជាតិគីមី និងកសិកម្មសរីរាង្គនេះ។ លោកបន្តថា អាហារដែលគ្មានជាតិគីមីមានអត្ថប្រយោជន៍ដល់សុខភាព និងសេដ្ឋកិច្ចរបស់អ្នកហូប និងកសិករ។ ទោះយ៉ាងណា លោក អៀង សុធារ៉ា បន្ថែមថា ប្រទេសកម្ពុជាបច្ចុប្បន្ននៅខ្វះព័ត៌មាន ទីផ្សារ និងបច្ចេកទេសដែលទាក់ទងទៅនឹងកសិកម្មសរីរាង្គ។

លោកបន្ថែមថា “ក្នុងឱកាសនេះខ្ញុំក៏អំពាវនាវដែរឲ្យបងប្អូនប្រយែងរឿងបន្លែ ពីព្រោះយើងចេះតែចាប់អារម្មណ៍រឿងហាត់ប្រាណរឿងបញ្ចេញញើស ធ្វើម៉េចឲ្យរាងកាយសមសួន ប៉ុន្តែយើងមិនសូវបានគិតអំពីធាតុចូល អ្វីដែលចូលទៅហ្នឹងវាមិនងាយចេញមកទេ តែវាចូលមកហើយវាទៅកន្លែងដែលវាត្រូវទៅនៅហើយវាទៅនៅថ្លើមវាទៅនៅបេះដូង វាទៅនៅកន្លែងណាដែលធ្វើឲ្យរាងកាយយើងពុលហើយវានឹងនាំទៅដល់ជំងឺមហារីក ឬជំងឺអីផ្សេងទៀត ដូចជាជំងឺដាច់សសៃឈាមខួរក្បាល ជំងឺបេះដូង ជំងឺលើសឈាម ទឹកនោមផ្អែមអីជាដើម-ល-”

លោក អៀង សុធារ៉ា បន្តថា មជ្ឈមណ្ឌលកសិកម្មធម្មជាតិ និងសហករណ៍សរីរាង្គត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្គត់ផ្គង់ធាតុចូលកសិកម្មល្អៗដូចជាជី ពូជ និងថ្នាំបណ្តេញសត្វល្អិតដល់កសិករខ្មែរ បង្ហាត់បង្រៀនដល់កសិករខ្មែរនូវបច្ចេកទេសកសិកម្ម និងជួយរកទីផ្សារដើម្បីធ្វើឲ្យតម្លៃផលិតកម្មរបស់កសិករអាចប្រកួតប្រជែងក្នុងទីផ្សារទាំងក្នុង និងក្រៅប្រទេសបាន។

បើតាមលោក សុធារ៉ា បរិមាណនៃតម្រូវការបន្លែផ្លែឈើសម្រាប់ប្រជាជនកម្ពុជាក្នុង១ថ្ងៃពី៨០០តោនទៅ១០០០តោន ដែលក្នុងនោះពាក់កណ្តាលនៃផលិតផលទាំងនោះជាផលិតផលនាំចូលពីក្រៅប្រទេស៕

ប្រភពៈ VOD