រដ្ឋាភិបាល​បង្ហាញ​សមាសភាព​ឧបនាយក​រដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​ដែល​នឹង​ត្រូវ​ផ្លាស់​ប្ដូរ

រដ្ឋាភិបាល​បង្ហាញ​សមាសភាព​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ ដែល​នឹង​ត្រូវ​ស្នើ​ទៅ​រដ្ឋសភា ដើម្បី​ផ្លាស់​ប្ដូរ និង​ដំឡើង​តួនាទី រួម​នឹង​បញ្ចប់​មុខងារ​ពី​ការងារ។

អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៨ មីនា ថា សំណើ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​ជូន​ទៅ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន កាល​ពី​ថ្ងៃ​ទី​១៦ មីនា ពី​សមាសភាព​​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​ដែល​ផ្លាស់​ប្ដូរ​តួនាទី និង​ដំឡើង​តួនាទី រួម​នឹង​បញ្ចប់​មុខងារ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​​ផង​ដែរ។

លិខិត​នោះ​បន្ត​ថា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ លោក គៀត ឈន់ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក អ៊ឹម ឈុនលឹម ត្រូវ​បញ្ចប់​មុខងារ តាម​សំណើ​សាមីជន តែ​រក្សា​មុខងារ​ឲ្យ​លោក ហោ ណាំហុង ជា​ឧបនាយករដ្ឋមន្ត្រី​ដដែល។

ចំណែក​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ប្រាក់ សុខុន នឹង​ត្រូវ​តែងតាំង​ជា​ទេសរដ្ឋមន្ត្រី និង​ប្ដូរ​ទៅ​កាន់​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និង​ត្រូវ​ដំឡើង​ឋានៈ​ជា​ទេសរដ្ឋមន្ត្រី បន្ថែម​លើ​មុខ​ការ​បច្ចុប្បន្ន។ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល នឹង​ត្រូវ​តែងតាំង​ជា​ទេសរដ្ឋមន្ត្រី និង​​ត្រូវ​ប្ដូរ​ទៅ​កាន់​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។ រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍ជនបទ លោក ជា សុផារ៉ា នឹង​ត្រូវ​តែងតាំង​ជា​ទេសរដ្ឋមន្ត្រី និង​ប្ដូរ​ទៅ​កាន់​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។ អតីត​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ លោក ហ៊ឹម ឆែម នឹង​ត្រូវ​តែងតាំង​ជា​ទេសរដ្ឋមន្ត្រី និង​កាន់​ជា​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា។ រដ្ឋមន្ត្រី​ធម្មការ និង​សាសនា លោក មិន ឃិន នឹង​ត្រូវ​តែងតាំង​ជា​ទេសរដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។