គន្លឹះ​ទាំង ៦ ដើម្បី​ជួយ​ធ្វើ​ឲ្យ​ក្មេង​ធំ​ឡើង​ ក្លាយ​ជា​មនុស្ស​ពោរពេញ​ដោយ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង

ទំនុក​ចិត្ត​គឺ​ជា​រឿង​សំខាន់​បំផុត​សម្រាប់​មនុស្ស មិន​ថា​ ក្មេង យុវជន ឬ មនុស្ស​ចាស់​ឡើយ។ ទំនុក​ចិត្ត​ជា​កត្តា​រួម​ផ្សំ​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជោគជ័យ និង បរាជ័យ។ ហើយ​សត្រូវ​នៃ​ទំនុក​ចិត្ត គឺ​ការ​បំបាក់​ទឹក​ចិត្ត និង ភាព​ភ័យ​ខ្លាច។ ដូច្នេះ​ក្នុង​នាម​អ្នក​ជា​ម្តាយ​ឪពុក​គ្រប់​រូប​ គួរ​តែ​ចេះ​បង្ហាត់​បង្រៀន​កូន​ខ្លួន​ឯង​ ឲ្យ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ពី​ពេល​ឥឡូវ​ទៅ។ ខាង​ក្រោម​ជា​គន្លឹះ​ខ្លះ​ដើម្បី​ធ្វើ​ឲ្យ​ក្មេង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។

 

១) អបអរ​សាទរ​និង​សប្បាយ​រីករាយ​ចំពោះ​អ្វី​ដែល​ជា​ការ​ខិត​ខំ​របស់​ពួក​គេ​មិន​ថា​ឈ្នះ ឬ ចាញ់

 

នៅ​ពេល​អ្នក​ធំ​ឡើង​ ការ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ជីវិត​គឺ​មាន​សារសំខាន់​ ជាង​ទិសដៅ​របស់​អ្នក​ទៅ​ទៀត។ ដូច្នេះ​នៅ​ពេល​ដែល​ក្មេងៗ​ ធ្វើ​រឿង​អ្វី​មួយ​ដែល​ជា​កាតព្វកិច្ច​កិច្ច​របស់​ខ្លួន​ អ្នក​គួរ​អបអរ​សាទរ​ និង សរសើរ​រាល់​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​ពួក​គេ ទោះ​បី​ជា​ជោគជ័យ ឬ បរាជ័យ​ក៏​ដោយ​ ព្រោះ​វា​ជួយ​ធ្វើ​ឲ្យ​ពួក​គេ​គ្មាន​អារម្មណ៍​ខ្មាស​អៀន​ពេល​បរាជ័យ បន្ថែម​ពី​លើ​នេះ​នៅ​ពេល​ដែល​អ្នក​អនុវត្ត​បែប​នេះ​យូរ​ៗ​ទៅ​ វា​កាន់​តែ​ធ្វើ​ឲ្យ​ពួក​គេ​ប្រឹងប្រែង​កាន់​តែ​ខ្លាំង​ទៀត​ និង ពេល​ក្រោយ ហើយ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។

 

២) លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គេ​ធ្វើ​រឿង​ដែល​ពួក​គេ​ស្រលាញ់​ចូល​ចិត្ត

 

អ្នក​ត្រូវ​ចេះ​លើក​ទឹក​ចិត្ត​កូន​របស់​ខ្លួន​ ធ្វើ​រឿង​អ្វី​ក៏​ដោយ​ឲ្យ​តែ​ពួក​គេ​ចូល​ចិត្ត ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​រាល់​ការ​លើក​ទឹក​ចិត្ត​របស់​អ្នក​ មិន​មែន​ជា​សកម្មភាព​ បែប​ដាក់​សម្ពាធ​។ ការ​អនុវត្តន៍​គឺ​ជា​ការ​វិនិយោគ​មួយ​ឲ្យ​ខ្លួន​ឯង​ក្នុង​ការ​បង្កើន​ទំនុក​ចិត្ត​ក្នុង​ខ្លួន​។

 

៣) បណ្តោយ​ឲ្យ​ពួក​គេ​ចេះ​រក​បញ្ហា​ដោយ​ខ្លួន​ឯង​ផ្ទាល់

 

ប្រសិន​បើ​អ្នក​ជួយ​កូន​របស់​ខ្លួន​ ធ្វើ​កិច្ច​ការ​លំបាក​ៗ​របស់​ពួក​គេ នោះ​ពួក​គេ​នឹង​មិន​អាច​អភិវឌ្ឍ​សមត្ថភាព ឬ បង្កើត​ទំនុក​ចិត្ត​ឲ្យ​ខ្លួន​ឯង​ ក្នុង​ការ​ស្វែង​រក​នឹង​ដោះ​ស្រាយ​បញ្ហា​ដោយ​ខ្លួន​ពួក​គេ​ផ្ទាល់។ ដូច្នេះ​ការ​ជួយ​ពី​ឪពុក​ម្តាយ​ខ្លាំង​ពេក​ជា​កត្តា​រារាំង​មួយ​ ក្នុង​ការ​បង្កើត​ទំនុក​ចិត្ត​ឲ្យ​កូន​របស់​ខ្លួន​ឯង​។

 

៤) លើក​ទឹក​ចិត្ត​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ជា​មនុស្ស​ចង់​ចេះ​ចង់​ដឹង

 

មធ្យោបាយ​មួយ​ដ៏​ល្អ​ដើម្បី​ជួយ​ឲ្យ​ក្មេង​ចង់​ចេះ​ចង់​ដឹង​ គឺ​តាម​រយៈ​វិធី​សាស្ត្រ​សួរ​សំនួរ ដែល​ជា​លំហាត់​ខួរ​ក្បាល​មួយ​ដ៏​ល្អ​ ជួយ​ធ្វើ​ឲ្យ​ក្មេង​អភិវឌ្ឍ​ ព្រោះ​វា​ធ្វើ​ឲ្យ​ក្មេង​ចេះ​ស្វែង​រក​នូវ​អ្វី​ដែល​ពួក​គេ​មិន​បាន​ដឹង​ និង បរិស្ថាន​ជាក់​ស្តែង​មួយ​ចំនួន​ទៀត​ដែល​ពួក​គេ​មិន​បាន​ឃើញ។

 

៥) ផ្តល់​ឱកាស​ឲ្យ​ពួក​គេ​ទទួល​ការ​ប្រកួត​ជែង​ជា​មួយ​ខ្លួន​ឯង

 

អ្នក​ត្រូវ​ចេះ​បង្ហាញ​ដល់​កូន​របស់​ខ្លួន​នូវ​រឿង​ទាំង​ឡាយ​ដែល​ពួក​គេ​អាច​ធ្វើ​បាន ដោយ​ពួក​គេ​មិន​ធ្លាប់​ដឹង​ពី​មុន​ ជួយ​ពួក​គេ​មើល​ឃើញ​ពី​រឿង​តូចៗ​ដែល​អាច​សម្រេច​បាន​មុន​ពេល​ឲ្យ​ពួក​មើល​ឃើញ​រឿង​ធំ​ៗ​ដែល​ពួក​គេ​ត្រូវ​ធ្វើ។ ដូច្នេះ​អាច​ធ្វើ​ឲ្យ​កូន​ខ្លួន​ឯង​មាន​ទំនុក​ចិត្ត​ តាម​រយៈ​បង្កើន​ទំនួល​ខុស​ត្រូវ​ឲ្យ​ពួក​គេ​លើ​រឿង​ដែល​ពួក​គេ​អាច​ធ្វើ​បាន។

 

៦) មិន​ត្រូវ​រិះគន់​នូវ​ការ​សំដែង​របស់​ពួក​គេ​ឡើយ

 

គ្មាន​អ្វី​មក​បំបាក់​ទឹក​ចិត្ត​កូន​របស់​អ្នក ច្រើន​ជាង​ការ​រិះគន់​នូវ​អ្វី​ដែល​ពួក​គេ​ខិតខំ​ប្រឹងប្រែង​នោះ​ឡើយ។ អ្នក​គួរ​ចេះ​ផ្តល់ ការ​រិះគន់​បែប​វិជ្ជមាន​ ជា​ការ​ស្នើ​សុំ​ ជំនួស​ឲ្យ​ការ​ស្តី​បន្ទោស ឬ ការ​ដាក់​សម្ពាធ​បន្ថែម​ ហើយ​អ្នក​មិន​ត្រូវ​ប្រាប់​ថា​ ពួក​គេ​ពិត​ជា​អន់​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ឡើយ អ្នក​ត្រូវ​ដឹង​ដឹង​ថា​ប្រសិន​បើ​ក្មេង​ ភ័យ​ខ្លាច​ចំពោះ​ភាព​បរាជ័យ​ ដោយ​សារ​ខ្លាច​នរណា​ម្នាក់​ខឹង ឬ ខក​ចិត្ត​នោះ​ពួក​គេ​នឹង​មិន​ព្យាយាម​ធ្វើ​អ្វី​ដែល​ថ្មី​ឡើយ។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com