លោក​យឹ​ម ថេ​ង ម្ចាស់​បទ​ «លក់​ស្រូវ​ជូន​រដ្ឋ​គឺ​ស្នេហា​ជាតិ» អំពាវនាវ​រក​ការ​ជួយ​ឧបត្ថម្ភ​

ខេត្តស្វាយរៀង ៖ លោក​យឹ​ម ថេ​ង អាយុ​៦១​ឆ្នាំ ស្រុក​កំណើត​នៅ​ភូមិ​មេភ្លើង ឃុំ​ស្វាយ​រៀង ស្រុក​ស្វាយ​រៀង ជា​អ្នកចម្រៀង​អំឡុង​ក្រោយ​ឆ្នាំ​១៩៧៩ ម្ចាស់​បទ «​លក់​ស្រូវ​ជូន​រដ្ឋ​គឺ​ស្នេហា​ជាតិ​» ។ លោក​យឹ​ម ថេ​ង ដែល​បាន​ចាប់​អាជីព​ជា​អ្នកចម្រៀង​រហូត​មក​ដល់​បច្ចុប្បន្ន​បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់​កាលពី​ថ្ងៃ​៦ ខែមីនា ឆ្នាំ​២០១៦ ។
ក្រុម​គ្រួ​សារបាន​បញ្ជូន​លោក​យឹ​ម ថេ​ង ទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៦ នៅ​ពុំ​ទាន់​បាន​ធូរស្រាល​នៅឡើយ ។

ដោយ​ជីវភាព​ក្រីក្រ ក្រុម​គ្រួ​សារបាន​អំពាវនាវ​សុំ​ការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​សម្រាប់​ការ​ព្យាបាល​លោក​យឹ​ម ថេ​ង ។

លោក​យឹ​ម ច័ន្ទ​រិ​ទ្ធី ជា​កូន​រៀបរាប់​ឱ្យ​ដឹង​ថា លោក​យឹ​ម ថេ​ង មានកូន​ប្រុស​៤​នាក់ ចំណែក​ភរិយា​របស់​លោក​បាន​ស្លាប់​ក្នុង​ឆ្នាំ​១៩៩៤ ដោយ​ជំងឺខ្សោយបេះដូង ។ កូនប្រុស​២​នាក់​ប្រកប​មុខរបរ​ជា​សិល្បករ​ដូច​ឪពុក ម្នាក់​ជា​កម្មករ​សំណង់ និង​ម្នាក់​ជា​អ្នក​យក​ព័ត៌មាន ។

លោក​យឹ​ម ថេ​ង ជា​អ្នកចម្រៀង​មួយ​រូប​ជំនាន់​ជាមួយ​លោក​នូ ស៊ឹ​ប និង​លោក​ហួ ឡា​វី ប៉ុន្តែ​លោក​មិនសូវ​ល្បីឈ្មោះ​បោះ​សំឡេង​ទេ ។ លោក​ថេ​ងរ​ក​ប្រាក់​កម្រៃ​តាម​រយៈ​ទឹកដម​សំឡេង​របស់​ខ្លួន​តាម​ភោជនីយដ្ឋាន និង​តាម​ស្ថានីយទូរទស្សន៍​ម្តងម្កាល​ដែរ ក្នុង​នោះ​ធ្លាប់​ចូលរួម​ក្នុង​កម្មវិធី​«​រាត្រី​ពណ៌​ស្វាយ​» របស់​ទូរទស្សន៍​បាយ័ន ។ លោក​យឹ​ម ថេ​ង ឱ្យ​ដឹង​ថា រូប​គាត់​ជា​អ្នកចម្រៀង​នៅ​ខេត្តស្វាយរៀង និង​ជា​ម្ចាស់​បទ «​លក់​ស្រូវ​ជូន​រដ្ឋ​គឺ​ស្នេហា​ជាតិ​» និពន្ធ​ដោយ​លោក​មាស សុខ និង​និពន្ធ​បទ​ភ្លេង​ដោយ​លោក​យិ​ន ឆ​ង ។ ក្រៅពី​នេះ​លោក​ថេ​ង​បាន​ច្រៀង​ជា​ច្រើន​បទ​ទៀត​ក្នុង​អំឡុង​ទស​វត្ស​៨០ ។

លោក​យឹ​ម ថេ​ង បាន​បន្ត​អាជីព​ជា​អ្នកចម្រៀង​រហូត​មក ប៉ុន្តែ​ជីវភាព​ពុំ​ធូរធារ​ទេ បាន​ត្រឹមតែ​រស់ មួយ​ថ្ងៃ​ៗ​ប៉ុណ្ណោះ  ។ ជា​ពិសេស​ក្នុង​វ័យ​ចំណាស់ និង​ធ្លាក់ខ្លួន​មាន​ជំងឺ អ្នកចម្រៀង​រូប​នេះ​គ្មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ព្យាបាល​ខ្លួន​ឡើយ ៕