ទោះបី​ល្បីល្បាញ​ខាង​ពុករលួយ​និង​អសមត្ថភាព​ក៏​លោក ម៉ម ប៊ុនហេង អាច​រក្សា​តំណែង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ដដែល​

នៅក្នុង​លិខិត​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ទៅ​រដ្ឋសភា ក្នុងការ​បញ្ចប់​តួនាទី​រដ្ឋមន្ត្រី​និង​តែងតាំង​ផ្លាស់ប្ដូរ​រដ្ឋមន្ត្រី រដ្ឋលេខាធិការ សរុប​២៤​នាក់ ចុះ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦ មិនឃើញ​មានឈ្មោះ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នោះទេ​។ នៅក្នុង​លិខិត​នោះបាន​បញ្ចប់​មុខងារ​លោក គៀត ឈុន ជា​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ បញ្ចប់​មុខងារ​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​បញ្ចប់​មុខងារ​លោក អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​មានការ​ផ្លាស់ប្ដូរ​រដ្ឋមន្ត្រី​ជាច្រើន​ក្រសួង​។ ក៏ប៉ុន្តែ​ពុំមាន​ឈ្មោះ​លោក ម៉ម ប៊ុនហេង ក្នុង​បញ្ជី​ត្រូវ​ផ្លាស់ប្ដូរ​នោះទេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​រិះគន់​យ៉ាងខ្លាំង​។

ក្រសួងសុខាភិបាល​ដែលមាន​លោក ម៉ម ប៊ុនហេង ជា​រដ្ឋមន្ត្រី ត្រូវ​មជ្ឈដ្ឋាន​នានា​រិះគន់​យ៉ាងខ្លាំង​ជុំវិញ​អំពើពុករលួយ​បក្ខពួកនិយម គ្រួសារនិយម និង​លក់​ទ្រព្យសម្បត្តិ​រដ្ឋ​ដូចជា ករណី​លក់​មន្ទីរពេទ្យបង្អែក​ចំការមន ឬ​ពេទ្យ​កាកបាទក្រហម​ជាដើម​។ ជាងនេះទៅទៀត​ចាប់តាំងពី​លោក ម៉ម ប៊ុនហេង កាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល គឺ​មិន​បានធ្វើ​ឲ្យ​វិស័យ​សុខាភិបាល​មាន​ភាពរឹងមាំ​ប្រសើរ​ជាង​មុន​នោះទេ គឺ​ធ្វើ​ឲ្យ​វិស័យ​សុខាភិបាល​កាន់តែ​អន់ថយ​ថែមទៀត​។ មិនតែប៉ុណ្ណោះ​ក្នុងពេលដែល​លោក ម៉ម ប៊ុនហេង ធ្វើជា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល គឺ​សីលធម៌​វិជ្ជាជីវៈ​គ្រូពេទ្យ​ការធ្លាក់ចុះ​យ៉ាងគំហុក ធ្វើ​ឲ្យ​មហាជន​រិះគន់​យ៉ាង​ពេញបន្ទុក​។ ក្នុងនោះ​សេវា​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​ធ្លាក់​ទៅក្នុង​ស្ថានភាព​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់ជំនឿ​យ៉ាងខ្លាំង​ទៅលើ​គ្រូពេទ្យ​ដែល​គិតតែ​ពី​រឿង​ផលប្រយោជន៍​។

​តាមរយៈ​អំពើពុករលួយ និង​អសមត្ថភាព​របស់លោក ម៉ម ប៊ុនហេង បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​វាយតម្លៃ​ជាមុន​ថា ក្នុងការ​ផ្លាស់ប្ដូរ​តំណែង​រដ្ឋមន្ត្រី គឺ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​មើលរំលង​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នោះទេ​។ ក៏ប៉ុន្តែ​នៅក្នុង​លិខិត​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ទៅ​រដ្ឋសភា ចុះ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦ ពុំមាន​ឈ្មោះ​លោក ម៉ម ប៊ុនហេង ក្នុង​បញ្ជី​ដែល​ត្រូវ​ផ្លាស់ប្ដូរ​ឡើយ​។ ការ​ទុក​លោក ម៉ម ប៊ុនហេង ឲ្យ​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​តទៅទៀត ត្រូវបាន​ប្រជាពលរដ្ឋ​ទូទៅ​វាយតម្លៃ​ទុកជាមុន​ថា វិស័យ​សុខាភិបាល​មិនអាច​រីកចម្រើន​និង​បម្រើ​តាម​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ​បានទេ​។ ដោយហេតុថា លោក ម៉ម ប៊ុនហេង ជា​រដ្ឋមន្ត្រី ដែល​ពោរពេញ​ទៅដោយ​រឿងអាស្រូវ​ពុករលួយ បក្ខពួកនិយម គ្រួសារនិយម ហើយ​ធ្វើ​អ្វីៗ​តាមតែ​បញ្ជា​ភរិយា​ខ្លួន​ប៉ុណ្ណោះ​។ ដូច្នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរពិនិត្យមើល​បញ្ហា​នេះ​ផងដែរ ដើម្បី​ឲ្យ​ប្រសិទ្ធភាព​ការងារ​ក្នុង​រដ្ឋាភិបាល​កាន់តែ​ល្អប្រសើរ​ជាង​មុន​៕

imagesលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ល្បីខាងពុករលួយ