អភិបាលស្រុក​ភ្នំស្រួច អាចពាក់ព័ន្ធ​រឿង​ជម្លោះដីធ្លី​ដែល​បង្កឡើង​ដោយ​ឈ្មួញ​ឈ្មោះ ស្លាត សាន​ណាន​

មន្ត្រី​អាជ្ញាធរ​ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Sanan Agriculture Development ដែលមាន​លោក ស្លាត សាន​ណាន ជានា​យក ធ្លាប់មាន​ជម្លោះដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​នេះ​ច្រើន​ឆ្នាំ​មកហើយ ដោយសារតែ​ក្រុមហ៊ុន​បាន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ប៉ះពាល់​ដីស្រែ​និង​ចម្ការ​របស់​អ្នកភូមិ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពេល​ជម្លោះដីធ្លី​បាន​ស្ងប់ស្ងាត់​បន្តិច​ស្រាប់តែ​ក្រុមហ៊ុន​នេះ ចាប់ផ្ដើម​ដាំដំឡូង​មី​ប៉ុន្តែ​ត្រូវ​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ធ្វើការ​តវ៉ា​ទើប​លោក ស្លាត សាន​ណាន អង្កន់​ដី​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​និង​អ្នកមាន​លុយ​មួយចំនួន​ពី​រាជធានី​ភ្នំពេញ ដែល​ចាញ់បោក​ការបញ្ចុះ​បញ្ចូល​របស់គាត់​។

​ទាក់ទង​បញ្ហា​ខាងលើនេះ​មានការ​សង្ស័យថា លោក ពេជ្រ ចន្ថា អភិបាលស្រុក​ភ្នំស្រួច ទំនង​ជាមាន​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ជាមួយ​លោក ស្លាត សាន​ណាន នាយក​ក្រុមហ៊ុន Sanan Agriculture Development ទើប​បណ្ដោយ​ឲ្យ​មេ​ឈ្មួញ​រូបនេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ការដែល​លោក ស្លាត សាន​ណាន អង្កន់​ដីស្រែ​ដីចម្ការ​របស់​ប្រជាពលរដ្ឋ​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​ចិន​និង​អ្នកដទៃ​ជា​បន្តបន្ទាប់ ជាន់​ប្លង់​គ្នា​កំពុង​ធ្វើ​ឲ្យ​កើតមាន​ជម្លោះដីធ្លី​យ៉ាង​ពុះកញ្ជ្រោល​នៅក្នុង​ឃុំ​តាំង​សំរោង​។ លើស​នេះ​ទៅទៀត​អ្នកមាន​លុយ​មួយចំនួន​ដែល​ទិញ​ដី​ពី​លោក ស្លាត សាន​ណាន ហើយ​បោះបង្គោល​ដើម្បី​កំណត់​ព្រំដី​របស់ខ្លួន​នោះ បែរជា​លោក ស្លាត សាន​ណាន នាយក​ក្រុមហ៊ុន Sanan Agriculture Development ជួល​កម្មករ​ទៅ​ដក​បង្គោលរបង​ចេញ​ដើម្បី​យក​ដី​នោះ​ទៅ​លក់​ឲ្យ​អ្នកផ្សេង​ទៀត​ដោយ​គ្មាន​ញញើត​។

​អ្នកមាន​លុយ​ជាច្រើន​នាក់​បាន​ចាញ់បោក​លោក ស្លាត សាន​ណាន នាយក​ក្រុមហ៊ុន Sanan Agriculture Development អស់ប្រាក់​យ៉ាងច្រើន​ព្រោះ​ពួកគាត់​ទិញ​ដី​ពី​ជន​នេះហើយ ត្រូវ​ដោះស្រាយ​ទិញ​ដី​ជាមួយ​ប្រជាពលរដ្ឋ​មួយលើកទៀត​ដែលមាន​ឯកសារ​គ្រប់គ្រាន់​ទទួលស្គាល់​ដោយ​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក និង​ការិយាល័យ​កសិកម្ម​ស្រុក​ភ្នំស្រួច​។ ស្រាប់តែ​ឥឡូវនេះ​លោក ស្លាត សាន​ណាន បាន​ជួល​កម្មករ​ឲ្យ​ដក​បង្គោលរបង​របស់​ពួកគាត់​ចេញ​និង​ឈូសឆាយ​រំលោភ​យក​ដី​ពី​ពួកគាត់​យ៉ាង​កំរោល ដោយសារ​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​ខិលខូច​។ ជុំវិញ​រឿងនេះ​លោក ពេជ្រ ចន្ថា អភិបាលស្រុក​ភ្នំស្រួច អាច​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ជាមួយ​លោក ស្លាត សាន​ណាន ម្ចាស់​ក្រុមហ៊ុន Sanan Agriculture Development ទើប​ព្យាយាម​បិទបាំង​រឿងនេះ​យ៉ាង​ក្រអឺតក្រទម​។ ទោះជា​យ៉ាងណា​ករណី​ខាងលើនេះ​សាលាដំបូង​ខេត្តកំពង់ស្ពឺ បានចេញ​ដីការ​សម្រេច​ការពារ​មិន​ឲ្យ​ក្រុមហ៊ុន Sanan Agriculture Development ធ្វើការ​លក់ដូរ ជួល ផ្ទេរកម្មសិទ្ធិ ធ្វើ​អំណោយ​មរតក កក​កាយ​យក​ដី និង​សាងសង់​សំណង់​អនាធិបតេយ្យ​ផ្សេង ជា​បណ្ដោះអាសន្ន​សិន​រង់ចាំ​ការសម្រេច​អង្គសេចក្ដី ហើយ​ដីកា​សម្រេច​រក្សា​ការពារ​នឹងត្រូវ​អនុវត្តន៍​នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៦ ឆាប់​ឆាប់​ខាងមុខនេះ​៕

Pic26លោក ស្លាត សានណាន  Pic27 - Copy Pic27 Pic28