មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​សណ្ដាន់ ឈ្មោះ សឹង សឿង ដាក់​កុងត្រូលជជុះ​ជំរិត​យកលុយ​ពី​អ្នកដឹកឈើ​

​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា លោក សៅ វ​ណ្ណី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្ដាន់ មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដែល​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះទេ​។ ផ្ទុយទៅវិញ​លោក សៅ វ​ណ្ណី គិតតែ​ពី​រឿង​ប្រមូល​លុយ​ពី​អ្នកដឹកឈើ យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​មិន​ញញើត​ទៅនឹង​ចំណាត់ការ​របស់​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឡើយ​។ ចំណែក​មន្ត្រី​កងរាជអាវុធហត្ថ និង​មន្ត្រីនគរបាល​ក្នុងស្រុក​សណ្ដាន់ ក៏មាន​អ្នក​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការ​ជំរិត​យកលុយ​ពី​អ្នកដឹកឈើ​ខុសច្បាប់​យកទៅ​ចែកគ្នា​យ៉ាង​សុខ​ស្រួល​ដែរ​។​

​ប្រជាពលរដ្ឋ​នៅ​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់ បាន​ឲ្យ​ដឹងថា ឈ្មោះ សឹង សឿង ហៅ​ស្មី ជា​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​សណ្ដាន់ បានធ្វើ​សកម្មភាព​ដាក់​កុងត្រូលជជុះ​នៅតាម​ដងផ្លូវ​ក្នុង​ឃុំ​មាន​រិ​ទ្ធ ដើម្បី​ជំរិត​យកលុយ​ពី​អ្នកដឹកឈើ​ក្នុង​១​គោយន្ត​ពី​៨​ទៅ​១០​ម៉ឺន​រៀល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កាលពី​យប់​ថ្ងៃទី​១៣​ឈានចូល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៦ គោយន្ត​ដឹកឈើ​របស់​ប្រជាពលរដ្ឋ​ចំនួន​២​គ្រឿង​ត្រូវ​មន្ត្រី​កងរាជអាវុធហត្ថ​ឈ្មោះ សឹង សឿង ជំរិត​ទារលុយ​ក្នុង​គោយន្ត​១​គ្រឿង​៨​ម៉ឺន​រៀល​តាម​ការកំណត់​រប​ស់​ខ្លួន​។ ចំណែក​មន្ត្រី​យោធា​ឈ្មោះ យ៉េ និង​ឈ្មោះ យូ​ត នៅ​វរ​សេនា​តូច​លេខ​១​ដែល​ការពារ​ព្រៃឈើ​នៅ​ស្រុក​សណ្ដាន់ បាន​ជំរិត​យកលុយ​ពី​ម្ចាស់​គោយន្ត​ដឹកឈើ​ក្នុង​១​គ្រឿង​១៥០​ម៉ឺន​រៀល ក្រោយមក​ចុះ​នៅត្រឹម​៧០​ម៉ឺន​រៀល​។

​ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បាន​រិះគន់ថា មន្ត្រីរដ្ឋបាល​ព្រៃឈើ ក៏ដូចជា​មន្ត្រីនគរបាល កងរាជអាវុធហត្ថ និង​ទាហាន​ជាដើម មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ព្រៃឈើ​តាម​តួនាទី​របស់ខ្លួន​នោះទេ​។ ផ្ទុយទៅវិញ​ពួកគេ​បាន​ប្រើប្រាស់​តួនាទី​និង​អំណាច​ជំរិត​យកលុយ​ពី​អ្នកដឹកឈើ​តាម​អំពើ​ចិត្ត ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ឡង់​នៃ​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់ កើតឡើង​យ៉ាង​ពេញបន្ទុក​ដូច​មុន​ដដែល​។ ហេតុនេះ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ គួរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុងស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ជាបន្ទាន់​ព្រោះ​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​នេះ នៅតែ​កើតមាន​ដូច​មុន​ដដែល​៕

car-tonler-thong1-500x261 car-toler-thong-500x315