សិប្បកម្ម​កែច្នៃ​ឈើ​របស់​ឈ្មោះ ទូ ហៀ​ង ហៅ​យាយ​ម៉ាប់ នៅ​ស្រុក​កែវ​សីមា គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​

បទល្មើស​ព្រៃឈើ​នៅក្នុង​ខេត្តមណ្ឌលគិរី ពុំមាន​ការថយចុះ​នោះទេ ជាក់ស្តែង​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កែវ​សីមា ចូលមក​ខេត្តក្រចេះ នៅតែ​កើត​ឡើងជា​បន្តបន្ទាប់ ហើយ​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​មួយចំនួន​នៅ​ស្រុក​កែវ​សីមា អាច​បន្តដំណើរ​កា​រយ៉ា​ងរ​លូន​។ ជាក់ស្តែង​សិប្បកម្ម​កែច្នៃ​ឈើ​ធំជាងគេ​ក្នុង​ខេត្តមណ្ឌលគិរី របស់​ឈ្មោះ ទូ ហៀ​ង ហៅ​យាយ​ម៉ាប់ សមាជិក​ក្រុមប្រឹក្សាឃុំ​មេ​ម៉​ង រហូតមកដល់​ពេលនេះ​មិនទាន់មាន​សមត្ថកិច្ច​ណាប​ង្ក្រា​ប​ឡើយ​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​កែវ​សីមា ក៏ដូចជា​លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​របស់​ឈ្មោះ ទូ ហៀ​ង ហៅ​យាយ​ម៉ាប់​។

សេចក្ដីរាយការណ៍​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៦ យ៉ាងហោចណាស់​មាន​ឈើ​ប្រណីត​ប្រមាណ​៥​រថយន្ត ត្រូវគេ​ដឹក​ចេញពី​កន្លែង​ស្តុក​ឈើ​របស់​យាយ​ម៉ាប់ ទៅ​លាក់​នៅក្នុង​ចម្ការកៅស៊ូ​។ ប្រជាពលរដ្ឋនៅក្នុង​ឃុំ​មេ​ម៉​ង បាន​ឲ្យ​ដឹងថា ការដែល​សិប្បកម្ម​កែច្នៃ​ឈើ​របស់​យាយ​ម៉ាប់ អាច​ដំណើរការ​ទៅបាន​ដោយ​រលូន គឺមាន​ការឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជាដើម​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា តាម​ការកត់សម្គាល់​ជាក់ស្តែង​ពួកគាត់​មិនដែល​ឃើញ​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ទៅ​ប៉ះពាល់​រោង​សិប្បកម្ម​កែច្នៃ​ឈើ​របស់​ឈ្មោះ ទូ ហៀ​ង ហៅ​យាយ​ម៉ាប់​នោះទេ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ឈ្មោះ ទូ ហៀ​ង ហៅ​យាយ​ម៉ាប់ ដែលមាន​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​មេ​ម៉​ង​ផង​នោះ មាន​ទីលំនៅ​ក្នុងភូមិ​ទួល​មេ​ម៉​ង ឃុំ​ទួល​មេ​ម៉​ង ស្រុក​កែវ​សីមា ហើយ​ជា​កន្លែង​ស្តុក​ឈើ​ប្រណីត​និង​កែច្នៃ​ឈើ​ប្រណីត​ដ៏​ធំ​ផងដែរ​។ អ្នករស់នៅ​ជិតខាង​លំនៅដ្ឋាន​និង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​របស់​យាយ​ម៉ាប់ បាន​ឲ្យ​ដឹងថា​មាន​រថយន្ត​ប្រភេទ​បង្កុង​និង​រថយន្ត​ឡង់​គ្រី​ស័​រ​ដែល​ដឹកជញ្ជូន​ឈើ​ប្រណីត​ពី​តំបន់​ផ្សេងៗ​មក​ឲ្យ​យាយ​ម៉ាប់​តាម​សេចក្ដីត្រូវការ ហើយ​មិន​ដែលមាន​សមត្ថកិច្ច​ណា​ហ៊ាន​រំខាន​នោះទេ​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​ទៅលើ​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​របស់​យាយ​ម៉ាប់ ជាបន្ទាន់​ព្រោះ​រោង​សិប្បកម្ម​នេះហើយ​ដែល​នាំ​ឲ្យ​មាន​បទល្មើស​កាប់​ឈើ​ប្រណីត​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ភ្នំ​ព្រិច និង​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា យ៉ាង​មហន្តរាយ​នាពេល​កន្លងមក​៕

a-dmab1-500x281 a-d-mab-500x281