អ្នកមានអំណាច​រំលោភ​កាន់កាប់​ដី​ឆ្នេរសមុទ្រ​នៅ​ខេត្តកោះកុង មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មិន​ទប់ស្កាត់​

ករណី​អ្នកមាន​លុយ អ្នកមានអំណាច​ម្នាក់ ទន្ទ្រាន​កាន់កាប់​ដី​ឆ្នេរ​មួយកន្លែង​នៅក្នុង​ភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង​។ ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្មាច់មានជ័យ បាន​រិះគន់ថា​ចៅសង្កាត់​ស្មាច់មានជ័យ និង​អភិបាលក្រុង​ខេមរភូមិន្ទ ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​អ្នកមាន​លុយ អ្នកមានអំណាច ទើប​មិន​ទប់ស្កាត់​បទល្មើស​ទន្ទ្រាន​កាន់កាប់​ឆ្នេរសមុទ្រ​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង ពិនិត្យឡើងវិញ​ទៅលើ​ករណី​អ្នកមានអំណាច​ម្នាក់​ដែល​ចាក់ដី​លុប​ឆ្នេរសមុទ្រ​នៅ​សង្កាត់​ស្មាច់មានជ័យ យក​ធ្វើជា​កម្មសិទ្ធិ​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ខេមរភូមិន្ទ បាន​លើកឡើងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​ជាមួយ​ចៅសង្កាត់​ស្មាច់មានជ័យ និង​អភិបាលក្រុង​ខេមរភូមិន្ទ​ទេនោះ គឺ​អ្នកមានអំណាច​មិន​ហ៊ាន​ចាក់ដី​លុប​ឆ្នេរ​តាម​អំពើ​ចិត្ត​ឡើយ​។ ក្នុងនោះ​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ​ក៏​អាច​ជាប់​ពាក់ព័ន្ធ​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​បើទោះបី​មាន​ប្រិត​កម្ម​ពី​ប្រជាពលរដ្ឋ​យ៉ាងណាក៏ដោយ​។ ហេតុនេះ​ក្រសួង​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​សកម្មភាព​ចាក់ដី​លុប​ឆ្នេរសមុទ្រ​ក្នុងភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​ធម្មជាតិ​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។

​ប្រជាពលរដ្ឋ​បាន​រិះគន់ថា មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ គិតតែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ ទើប​អ្នកមាន​លុយ អ្នកមានអំណាច ហ៊ាន​ចាក់ដី​លុប​ឆ្នេរសមុទ្រ​យក​ធ្វើជា​កម្មសិទ្ធិ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ក្នុងនោះ​លោក ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង មិនអាច​គេចវេះ​ពី​ការទទួលខុសត្រូវ​បាន​ឡើយ ព្រោះ​រហូតមក​ដល់ពេលនេះ​ឆ្នេរសមុទ្រ​មួយផ្នែក​នៅក្នុង​ភូមិ​១ សង្កាត់​ស្មាច់មានជ័យ ត្រូវគេ​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​រួចទៅហើយ​។ ប្រជាពលរដ្ឋ​តូចតាច​មិន​ហ៊ាន​ប្រព្រឹត្ត​ខុសច្បាប់​ទេ គឺ​មានតែ​មន្ត្រី​មានអំណាច មាន​លុយ​ប៉ុណ្ណោះ ដែល​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន សូម្បីតែ​ដី​ឆ្នេរ​សាធារណៈ​របស់​រដ្ឋ​ក៏​គេ​ហ៊ាន​ចាក់ដី​លុប​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​យ៉ាង​គឃ្លើន​ដែរ​៕

hygtrbb1 kmjnhbccc frdeaa2