ផែ​ឯកជន​របស់លោក សូ ជុង​ហួរ នៅ​តំបន់​ទំនប់រលក ក្លាយជា​កន្លែង​នាំចូល​ទំនិញគេចពន្ធ​

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ផែន​ឯកជន​របស់លោក សូ ជុង​ហួរ (​អតីត​ផែ​កាណូត​រ៉ូយ៉ាល់​) នៅ​តំបន់​ផ្សារ​ទំនប់រលក សង្កាត់​លេខ​១ ក្រុងព្រះសីហនុ កំពុងតែ​ក្លាយទៅជា​កន្លែង​នាំចូល​ទំនិញគេចពន្ធ​នៅពេល​យប់​។ ការនាំ​ចូល​ទំនិញគេចពន្ធ​នៅពេល​យប់ គឺ​ដើម្បី​ចៀស​ផុតពី​ចំណាត់ការ​របស់​សមត្ថ​កិច្ច​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ផងដែរ​។ ម្យ៉ាងទៀត​អាចមាន​ការឃុបឃិត​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ទើប​ឈ្មួញ​អាច​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​កំពង់ផែ​នេះ​យ៉ាង​រលូន​គ្មាន​ការរំខាន​។

សូមបញ្ជាក់ថា​កន្លងមក​ផែ​ឯកជន​ដែល​លោក សូ ជុង​ហួរ ជួល​ពី​រដ្ឋ​នៅក្នុង​ភូមិ​៣ ជាប់​ផ្សារ​ទំនប់រលក គឺជា​ផែ​កាណូត​រ៉ូយ៉ាល់​សម្រាប់​ដឹក​អ្នកដំណើរ​ទៅ​ខេត្តកោះកុង និង​ទៅ​កោះរុង​ជាដើម​។ ក៏ប៉ុន្តែ​ឥឡូវ​ផែន​ឯកជន​នេះ​មានការ​នាំចេញ​នាំចូល​ទំនិញគេចពន្ធ​យ៉ាង​ពេញបន្ទុក​នៅពេល​យប់ ជាពិសេស​នៅពេល​មន្ត្រី​គយ​ឬ​សមត្ថកិច្ច​ដទៃទៀត​ចូល​សម្រាក​។ ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​សង្ស័យថា មានការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ទើប​ឈ្មួញ​អាច​នាំចូល​ទំនិញគេចពន្ធ​ចូល​តាម​ផែ​ឯកជន ហៅ​ផែ​រ៉ូយ៉ាល់ របស់លោក សូ ជុង​ហួរ យ៉ាង​ងាយស្រួល​ស្រេច​តែ​អំពើ​ចិត្ត​។

មន្ត្រីរាជការ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា​លោក សូ ជុង​ហួរ មានអំណាច​ខ្លាំង​តាំងពី​នៅ​ធ្វើជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​មកម្ល៉េះ ហើយ​នៅពេល​ក្លាយជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ លោក សូ ជុង​ហួរ រឹតតែ​មានអំណាច​ខ្លាំង​ថែមទៀត​ព្រោះ​គាត់​ជាទី​ប្រឹក្សា​របស់​មេដឹកនាំ​ជាន់ខ្ពស់​។ ហេតុនេះហើយ​ទើប​សមត្ថកិច្ច​ក្នុង​ខេត្ត​ព្រះសីហនុ​មិន​ហ៊ាន​បង្ក្រាប​ទំនិញគេចពន្ធ​ដែល​ឈ្មួញ​នាំចូល​តាម​ផែ​រ៉ូយ៉ាល់​ដែលជា​ផែ​ឯកជន​នៅជាប់​ផ្សារ​ទំនប់រលក​ឬ​ហៅថា​ផ្សារ​ក្ដាម​។ បញ្ហា​នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ពិនិត្យឡើងវិញ​ផងដែរ ព្រោះ​បទល្មើស​នាំចូល​ទំនិញគេចពន្ធ​តាម​ផែ​ឯកជន​របស់លោក សូ ជុង​ហួរ នៅ​ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ អាចធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ​៕

12784300_986047471488843_1900772722_n - Copy - Copy 12784300_986047471488843_1900772722_n - Copy