​ព្រៃឈើ​នៅ​តំបន់​អភិរក្ស​ក្នុង​ខេត្ត​ប៉ៃលិន​ត្រូវ​ឈ្មួញ​កាប់​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ការទប់ស្កាត់​

​ព្រៃឈើ​នៅ​តំបន់​អភិរក្ស​ជាច្រើន​កន្លែង ក្នុង​ខេត្ត​ប៉ៃលិន ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ខាងលើ និង​ឈ្មួញ​មួយចំនួន​នាំគ្នា​លួច​កាប់​ធ្វើ​អាជីវកម្ម​ស្ទើរ​រាល់ថ្ងៃ នេះ​ជាការ​បញ្ជាក់​របស់​សកម្ម​ជន​បរិស្ថាន​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ការកាប់​ឈើ​មាន​ច្រើន​សណ្ឋាន ព្រោះ​អ្នកខ្លះ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​កែច្នៃ​គ្រឿង​សង្ហា​រឹម​ផ្សេងៗ និង​អ្នកខ្លះ​ជា​ប្រជាពលរដ្ឋ​មូលដ្ឋាន​ខ្វះ​ការយល់ដឹង​បាននាំគ្នា​លួច​ដុត​ព្រៃឈើ​ដើម្បី​ទន្ទ្រាន​យក​ដីព្រៃ​មក​ធ្វើ​ដី​កសិកម្ម​ដាំ​ដំណាំ​ផ្សេងៗ​។​

សកម្មជន​បរិស្ថាន​នៅ​ខេត្ត​ប៉ៃលិន​បាន​រាយការណ៍​មក​ថា​ព្រៃឈើ​នៅត្រង់ចំណុច​ភូមិ​អូរ​ប្រើស អូរ​ខ្ទីង ភូមិ​ក្រចាប់ និង​ចំណុច​អូរ​ធ្លាក់ស ក្នុងភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ត្រូវបាន​គេ​កាប់​ដុតបំផ្លាញ​ក្លាយជា​វាល​រហោស្ថាន​រាប់រយ​ហិកតា​ឯណោះ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​បទល្មើស​ព្រៃ​ឈើ​ខាងលើ​កើតឡើង​ដោយសារតែ​មន្ត្រី​ជំនាញ​អនុវត្តន៍​ច្បាប់​គ្មាន​ប្រសិទ្ធភាព និង​គោលនយោបាយ​គ្រប់គ្រង​ដីធ្លី​មិនបាន​ល្អ ជាក់ស្តែង​រដ្ឋាភិបាល​បានផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​រាប់សែន​ហិកតា​ឲ្យ​ក្រុមហ៊ុន​ឯកជន​គ្រប់គ្រង​ដោយ​គ្មាន​ការអភិវឌ្ឍ​អ្វី​នោះទេ ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ​រាប់សែន​អ្នក​អត់​ដី​ធ្វើ​កសិកម្ម និង​ខ្លះ​ត្រូវ​បង្ខំចិត្ត​ចំណាកស្រុក​ទៅធ្វើ​ពលករ​នៅ​បរទេស​។​

ចំពោះមុខ​បញ្ហា​ខាងលើនេះ លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មួយចំនួនទៀត ត្រូវបាន​គេ​ដឹងថា​ព្យាយាម​គេចវេះ​ឆ្លើយ​យករួចខ្លួន នៅពេលដែល​អ្នកសារព័ត៌មាន​ព្យាយាម​សាកសួរ​ពី​បញ្ហា​ខាងលើនេះ​។ ប្រជាពលរដ្ឋ​ខេត្ត​ប៉ៃលិន​បាន​រិះគន់ថា​ពី​ដើម​មក​ព្រៃឈើ​នៅ​ខេត្ត​ប៉ៃលិន​មាននៅ​គ្រប់​ស្រុក​ទាំងអស់ តែ​បច្ចុប្បន្ន​ព្រៃឈើ​មានតែ​នៅក្នុង​តំបន់​អភិរក្ស​ប៉ុណ្ណោះ ហើយ​ព្រៃឈើ​នៅក្នុង​តំបន់​អភិរក្ស​ក៏​កំពុង​ព្រ​ឈម​នឹង​ការបាត់បង់​ផងដែរ ព្រោះ​គ្មាន​ការទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​៕

IMG-20160317-WA0004 IMG-20160317-WA0006 IMG-20160317-WA0007​    ​