ក្រោយពេល​លោក ស្វាយ សំ​អ៊ាង ធ្វើជា​អភិបាលខេត្ត​មណ្ឌលគិរី បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​រាលដាល​កាន់តែខ្លាំង​

​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី កំពុង​ប្រឈម​នឹង​ការរិះគន់​ពី​រឿង​មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​នៅតែ​រាលដាល​យ៉ាង​អនាធិបតេយ្យ​។ ជាក់ស្តែង​ព្រៃស្រោង​មួយកន្លែង​គ្រប់គ្រង​ដោយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នៅ​ភូមិ​ពូ​ក្រូច ឃុំ​ស្រែ​អំពូ​ម ស្រុក​ពេ​ជ្រា​ដា ត្រូវគេ​ឈូសឆាយ​អស់​ប្រមាណ​២០០​ហិកតា​ឲ្យ​ក្លាយទៅជា​វាល​ល្វឹងល្វើយ​រួចទៅហើយ​។ ហេតុនេះ​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ក៏ដូចជា​ក្រសួងកសិកម្ម​និង​ក្រសួងបរិស្ថាន ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ផងដែរ​។

​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ស្រែ​អំពូ​ម ស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹងថា បទល្មើស​ឈូសឆាយ​ព្រៃស្រោង​អស់​ប្រមាណ​២០០​ហិកតា​ក្លាយជា​វាល​ល្វឹងល្វើយ គឺមាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ពី​សំណាក់​មន្ត្រី​មូលដ្ឋាន​ឃុំ​ស្រុក មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន​ផងដែរ​។ បើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ គឺ​ជនល្មើស​មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ ព្រោះ​អាច​ប្រឈម​នឹង​ការដាក់ទោស​តាមច្បាប់​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ក្នុងខណៈដែល​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ កំពុងបើក​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​តាម​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ស្រាប់តែ​នៅក្នុង​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី មាន​ករណី​ឈូសឆាយ​ព្រៃស្រោង​ជាង​២០០​ហិកតា​យ៉ាង​មហន្តរាយ ហើយ​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ គិតគូរ​តែ​រឿង​ផលប្រយោជន៍​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​រិះគន់ថា ក្រោយពេល​លោក ស្វាយ សំ​អ៊ាង ឡើងកាន់តំណែង​ជា​អភិបាលខេត្ត​មណ្ឌលគិរី ជំនួស​លោក អេង ប៊ុន​ហ៊ាង រួចមក​គឺ​ពុំមាន​វិធានការ​អ្វី​ដើម្បី​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។ ជាក់ស្តែង​បទល្មើស​ឈូសឆាយ​ព្រៃស្រោង​ទំហំ​២០០​ហិកតា​នៅ​ភូមិ​ពូ​ក្រូច ឃុំ​ស្រែ​អំពូ​ម ស្រុក​ពេ​ជ្រា​ដា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ គឺជា​ភស្តុតាង​បង្ហាញថា លោក ស្វាយ សំ​អ៊ាង មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​តាម​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ឡើយ​។ ជាងនេះទៅទៀត​តាម​សេចក្ដីរាយការណ៍​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​នៅក្នុង​ស្រុក​កែវ​សីមា ស្រុក​ពេ​ជ្រា​ដា ស្រុក​អូររាំង និង​ស្រុក​កោះ​ញែក នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល​៕

1936187_898749333579547_1703953149401133070_n 10394546_898749250246222_8538013140301073653_n 12798946_898749456912868_7399243065959058613_n