​លោក កឹម សុខា បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​ទន់ភ្លន់ តែ​មិន​ទន់ជ្រាយ រឹងប៉ឹង តែ​មិន​រឹងរូស​

​នៅ​ចុង​សប្តាហ៍​នេះ លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា​គណបក្ស​ស​ង្គ្រោះ​ជាតិ​ប្រកាន់យក​នូវ​ជំហរ ទន់ភ្លន់ តែ​មិនត្រូវ​ទន់ជ្រាយ និង រឹងប៉ឹង តែ​មិនត្រូវ​រឹងរូស​។ លោក កឹម សុខា បាន​បញ្ជាក់ថា​គ្រប់​សកម្មភាព​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ប្រព្រឹត្ត​ទៅដោយ​មានការ​គិតគូរ​យ៉ាង​ហ្មត់ចត់ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលនយោបាយ វិធីសាស្ត្រ​នយោបាយ និង​ការកំណត់​យុទ្ធសាស្ត្រ​នយោបាយ​តាមបែប​ផែន​ប្រជាធិបតេយ្យ​។​

​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា គោលដៅ​សំខាន់​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​នៅពេលនេះ គឺ​ដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត​ទាំង​ក្នុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ប្រកាន់​ជំហរ​ថា​នឹងមិន​ឈ្លោះ មិន​ឆ្លង និង​មិន​ឆ្លើយ ចំពោះ​រឿង​អត់​ប្រយោជន៍​នោះទេ​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា បើទោះជា​ការអនុវត្ត​វប្បធម៌​សន្ទនា​មាន​ភាពចម្រូងចម្រាស​ខ្លះ​ក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ប្រកាន់យក​វប្បធម៌​សន្ទនា​ដដែល ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ដោះស្រាយ​គ្រប់​បញ្ហា​ដោយ​សន្តិវិធី​។​

​ចំពោះ​បញ្ហា​ផ្ទៃក្នុង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​រឹងមាំ​ដដែល ពិសេស​ទំនាក់ទំនង​រូបលោក និង​លោក សម រង្ស៊ី ដែលជា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា បើទោះជា​មាន​ឧបសគ្គ​ធ្ងន់ធ្ងរ​យ៉ាងណាក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែមាន​យន្តការ​ដោះស្រាយ​បញ្ហា​ដោយ​ទទួលខុសត្រូវ និង​មាន​សាមគ្គីភាព​ផ្ទៃក្នុង​រឹងមាំ​ផងដែរ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា​គណ​បក្ស​សង្គ្រោះ​ជាតិ​មុន​នឹងធ្វើ​អ្វីមួយ​ចាំបាច់​ត្រូវតែ​ពិភាក្សាគ្នា​ជាមុន​តាមបែប​ផែន​លទ្ធិ​ប្រជាធិបតេយ្យ ជាក់ស្តែង របៀបវារៈ​ដែល​ត្រៀម​ដាក់ជូន​អង្គសន្និបាត​ក្រុម​ប្រឹក្សាជាតិ របស់​គណបក្ស​សង្គ្រោះ​ជាតិ ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៦ ខាងមុខនេះ មានដូចជា​៖ ទី​១-​របាយការណ៍​សកម្មភាព​រយៈពេល ២​ឆ្នាំកន្លងមក ទី​២-​កំណត់​ទិសដៅ និង​គោលនយោបាយ​របស់​គណ​បក្ស​សម្រាប់​ពេលខាងមុខ ទី​៣-​ពិភាក្សា និង​អនុម័ត​លើ​សំណើ​របស់​សន្និបាត​ក្រុម​ប្រឹក្សាជាតិ​៕

8242_1307643919252904_1214792866673882085_n 12814754_1307643825919580_3389909221261395423_n