​ថ្នាំ​អ្វី​ខ្លះ ដែល​អាច​បង្ក បញ្ហា​លិង្គ​មិន​ព្រម​ងើប​បាន​ទៅ​?

​ថ្នាំ​អ្វី​ខ្លះ ដែល​អាច​បង្ក បញ្ហា​លិង្គ​មិន​ព្រម​ងើប​បាន​ទៅ​?

​ការ​ថប់​អារម្មណ៍ ស្ត្រេ​ស និង​ភាពភ័យខ្លាច ព្រមទាំង​ចំនួន​អ័រម៉ូន​ភេទបុរស​ចុះ​ទាប គឺជា​មូលហេតុ​ដ៏​ញឹកញាប់​មួយ នៃ​អាការៈ​លិង្គ​មិន​ព្រម​ងើប​។ ប៉ុន្តែ តើ​អ្នក​មាន​ដឹង​ទេ​ថា ការ​ញ៉ាំ​ថ្នាំ​មួយចំនួន​ជា​ទៀងទាត់ ក៏​អាច​ប៉ះពាល់​ដល់ លទ្ធភាព​លិង្គ​ឡើង​រឹង​ដែរ​ទេ​? ខាងក្រោម​នេះ គឺជា​ថ្នាំ​មួយចំនួន​តូច ដែល​អាច​បង្ក​បញ្ហា លិង្គ​មិន​ព្រម​ឡើង​រឹង​បាន​។​

ថ្នាំ Statins
តើ​អ្នក​កំពុង​តែ​ប្រើ​ថ្នាំ ដើម្បី​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ដែរ​ទេ​? មែន​ហើយ ថ្នាំ​ប្រភេទ Statins មិន​ត្រឹមតែ​អាច​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ទេ តែ​ក៏​បញ្ចុះ​អ័រម៉ូន​ភេទបុរស​បានដែរ ដូច្នេះ វា​នឹង​ប៉ះពាល់​ដល់​លទ្ធភាព ឡើង​រឹង​របស់​លិង្គ​បាន​។

ថ្នាំ​បញ្ចុះ​ទឹកនោម Diuretic ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម Beta និង Alpha Blockers
ថ្នាំ​ទាំង​នេះ ត្រូវបាន​ចេញ​ឲ្យប្រើ​ប្រាស់ សម្រាប់​គ្រប់គ្រង​សម្ពាធ​ឈាម ហើយ​មាន​ផល​រំខាន​មួយ គឺ​ធ្វើឲ្យ​លិង្គ​មិន​ឡើងរឹង​ដែរ​។ ថ្នាំ Alpha Blockers នឹង​ទៅ​កាត់បន្ថយ​ការ​សំយោគ Nitric Oxide ក្នុង​ក្រពេញប្រូ​ស្តាត និង​សាច់​រលោង​របស់​លិង្គ ដែល​ជា​ហេតុ​បង្ក​ជា​លិង្គ មិន​ព្រម​ឡើង​រឹង​បាន​។ ដូច្នេះហើយ យក​ល្អ​គួរតែ​គ្រប់គ្រង​សម្ពាធ​ឈាម ជាមួយ​នឹង​របប​អាហារ​ចៀសវាង​ការប្រើ​ថ្នាំ​។

ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត​
ថ្នាំ​ទាំង​នេះ ច្រើន​តែ​ចេញ​ឲ្យប្រើ​ប្រាស់ សម្រាប់​ព្យាបាល​ការបាក់​ទឹកចិត្ត ថប់​បារម្ភ មាន​បញ្ហា​ក្នុង​ការ​ញ៉ាំ​អាហារ ឈឺចាប់​រ៉ាំរ៉ៃ និង​ឈឺចាប់ ក្នុង​ពេល​មក​រដូវ​ធ្ងន់ធ្ងរ​។ ថ្នាំ​ទាំង​នេះ ត្រូវបាន​គេ​ស្គាល់​ថា មាន​ឥទ្ធិពល​ទៅលើ សារធាតុ​ទប់ស្កាត់ ការ​បឺត​ស្រូប​អ័រម៉ូន Serotonin ដែល​នាំ​ឲ្យ​លិង្គ មិន​ព្រម​ងើប​ដែរ​។

ថ្នាំ​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​
ថ្នាំ​នេះ ត្រូវបាន​គេ​ប្រើប្រាស់ សម្រាប់​ព្យាបាល​ជំងឺ​ឆ្គួត ជំងឺ​ម្តង​សប្បាយ​ម្តង​អស់សង្ឃឹម និង​ជំងឺផ្លូវចិត្ត​ផ្សេងៗ​ទៀត តែ​ក៏​អាច​បណ្តាល​ឲ្យ លិង្គ​មិន​ព្រម​ងើប​ដែរ​។ ថ្នាំ​ទាំង​នេះ ត្រូវបាន​គេ​ស្គាល់​ថា មាន​ឥទ្ធិពល​ប្រឆាំងនឹង កោសិកា​ទទួលដំណឹង​ជាច្រើន ដូចជា Histamine Receptor, Dopamine Receptor, Cholinergic Receptor និង Alpha Adrenergic Receptor ដែល​ជាប់​ទាក់ទង​នឹង បញ្ហា​លិង្គ​មិន​ព្រម​ងើប​តែម្តង​។

ថ្នាំ​ប្រឆាំង​ការ​ប្រកាច់​
ថ្នាំ​ទាំង​នេះ ត្រូវបាន​ប្រើប្រាស់ សម្រាប់​ព្យាបាល​ជំងឺ​ឆ្គួតជ្រូក និង​ពេលខ្លះ ក៏​ត្រូវ​បាន​ណែនាំ​ឲ្យប្រើ លើ​ករណី​ឈឺចាប់​រ៉ាំរ៉ៃ និង​ឈឺក្បាល​បែប​ប្រកាំង​ដែរ​។ ថ្នាំ​នេះ​មាន​ទំនាក់ទំនង​នឹង ការថយចុះ​អ័រម៉ូន​ភេទ​ប្រុស និង​បន្ថយ​ចំណង់​ផ្លូវភេទ​តែម្តង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី18 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។