ផលិត​ផល​សិប្បកម្ម​ ចាន​ស្រាក់​ឫស្សី​ ខ្សត់​អ្នក​ចាប់អារម្មណ៍​ជាវ

កំពង់ឆ្នាំងៈ អង្គុយ​បត់​ជើង​ម្ខាង លើកជង្គង់​ម្ខាង និងដៃ​ម្ខាង​កាន់​កាំបិត ម្ខាងកាន់​បន្ទះ​ឫស្សី​ក្នុងសភាព​ផ្ចិតផ្ចង់​ចំណាយ​ពេលយូរ​ប្រហែល​ជិតពីរ​ថ្ងៃ​ឯណោះ​ ទើប​អាច​ផលិតបាន​ជាស្រោម​ចានស្រាក់​ពីឫស្សី​ដ៏​ស្រស់ស្អាត​នេះ តែតម្លៃ​ពលកម្ម​វិញបែរ​ទទួល​បានមិន​សមរម្យ។

នេះគឺ​ជាសមិទ្ធផល​នៃ​សហគមន៍​សិប្បកម្ម​ប្រជាពលរដ្ឋ​នៅ​ភូមិ​អណ្តូងចេក ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ដែលស្ថិតនៅ​ក្រោមមន្ទីរ​កិច្ចការ​នារីថ្នាក់​ខេត្ត ខណៈពេល​នេះកំពង់​ប្រឈម​នឹង​ភាពធ្លាក់​ចុះនូវ​ចំនួន​សិប្បករ​ និង​ទីផ្សារ​លក់​មិនសូវ​មាន​អតិថិជន​ក្នុង​ស្រុក​ចាប់​អារម្មណ៍។

ផលិត​ផល​សិប្បកម្ម​ ចាន​ស្រាក់​ឫស្សី​ ខ្សត់​អ្នក​ចាប់អារម្មណ៍​ជាវ

លោក នួន សុបឿន ធ្លាប់​ជាសកម្មជន​កៀរគរ​ប្រាក់​សប្បុរសធម៌​ជួយសហគមន៍​ខាងលើ​ និង​អាជីវករ​ទើបតែ​ផ្តើម​អាជីវកម្ម​តាមអនឡាញ​លើ​ផលិតផល​ធ្វើពី​ឫស្សី​ជាងមួយ​ខែបង្ហើប​ឲ្យដឹងតម្លៃ​ថា​៖ «ចានស្រាក់​នេះមាន​ពីរ​ប្រភេទ​គឺ​ទីមួយមាន​បីថ្នាក់​ ឬជាន់​ និង​មួយទៀត​មាន​តែមួយ​ជាន់​ប៉ុណ្ណោះ ហើយមានជម្រើស​ច្រើន​ក្បាច់ និង​ពណ៌​ ឬក៏អាច​កុម្ម៉ង់​យក​សាច់ឫស្សី​លាត​ក៏បាន។ សម្រាប់បី​ជាន់​យើង​លក់តម្លៃ​ ១២ ដុល្លារ និងមួយ​ជាន់តម្លៃ ២,៥ ដុល្លារ ដោយ​យើងមាន​សេវាកម្ម​យកជូន​ដល់ផ្ទះ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​តែម្តង»។

លោក នួន សុបឿន ក៏បាន​ឲ្យដឹង​ពីប្រវត្តិ​នៃមុខរបរ​សិប្បកម្ម​ឫស្សី​នេះ​ដែរថា៖ «តាមពិត​ទៅនោះ​សហគមន៍​បាន​​ដំណើរ​ផលិតចាន​ស្រាក់នេះ​ប្រមាណ​ជា ៥ ឬ ៦ ឆ្នាំ​មុន​មកម្ល៉េះ ដោយ​សារកាល​នោះពួកគាត់​ពុំទាន់​ចេះ​ប្រើថ្នាំ​ដើម្បី​ការពារ​គុណភាព​ឫស្សី​កុំឲ្យ​មេស៊ី​ ដែលនាំ​ឲ្យខូច​គុណភាព​មិនអាច​ផផលិតបាន។ ហើ​រយៈពេល​ពីរ​ ឬបី​ឆ្នាំ​ចុងក្រោយ​នេះ​ពួកគាត់​ទទួល​បាន​ការណែនាំ​ និង​ចេះប្រើ​វិធី​រក្សាគុណ​ភាពសាច់​ ឫស្សី​ទុក​បាន​យូរគ្មាន​មេស៊ី ទើប​អាច​ផលិត​បានជា​វត្ថុ​ដ៏ល្អ​បែបនេះ»។

ទាក់ទិន​ទៅ​នឹង​ភាពមិន​សូវមាន​អ្នក​ចាប់អារម្មណ៍​ជាវ​យកទៅ​ប្រើប្រាស់ ឬយក​ទុកជា​គ្រឿង​លម្អ​ផ្ទះនៅ​ក្នុង​ប្រទេសកម្ពុជា​នេះ បើតាម​ប្រភពពី​អាជីវ​ករខាងលើ​ បាន​ទម្លាយ​ឲ្យដឹងថា៖ «បើ​តាម​អ្នកភូមិ​បានប្រាប់​នាពេល​កន្លងមក​ រាល់​ផលិតកម្ម​សិប្បកម្ម​ចានស្រាក់​ទាំង​នេះ ទទួល​បានការ​កុម្ម៉ង់​ទិញ​ពីខាង​ប្រទេស​ជប៉ុន​ទាំង​អស់។ទោះបី​មិនដឹង​ចំនួន​ពិត​ប្រាកដ តែ​នាំចេញ​មួយ​លើកៗ​គឺរាប់ពាន់​សម្រាប់​ឯណោះ។ តែ​ឥឡូវនេះ​ឮថា​ លែង​មាន​ការកម្ម៉ង់​ទិញ​បន្ត​ទៀត​ហើយ​ ទើបបាន​ជាខ្ញុំ​បាន​សិទ្ធិ​បន្តសាកល្បង​ទទួលយក​ផលិតផល​នេះ​មក​ផ្សពផ្សាយ​លក់នៅក្នុង​ស្រុក​វិញ​តាម​អ៊ីនធឺណិត​សិន ខណៈ​ចំនួន​អ្នកផលិតក៏​កាន់តែ​ថមថយ​ចុះ​ និង​អ្នកទិញ​ក៏​មិនទាន់​មានច្រើន»។

មើល​ទៅ​អាជីវករ​រូបនេះ ហាក់​ដូចជា​ពុំទាន់ហ៊ាន​ដាច់ចិត្ត​ដាក់ទុក​លក់នូវ​ផលិតផល​សិប្ប​កម្មអំ​ពី​ឫស្សីបែប​ជាលក្ខណៈ​បើកចំហ​ជាផ្លូវការ​នៅ​ឡើយនោះ​ទេ​ ដោយ​ទំនង​មកពី​មិនទាន់​មាន​អ្នកចាប់អារម្មណ៍ទិញ​ ឬ​ជាវ​ច្រើន​ដោយលោក នួន សុបឿន ថា ​៖​«នៅ​ចាំលក់​តាម​អនឡាញ​មួយរយៈ​សិន ទើបចង់​បើក​ហាង​មួយ​ដែលមាន​ទីតាំង​នៅ​ផ្សារ​ស្ទឹងមានជ័យ​សម្រាប់​ការ​លក់ផលិត​ផល​ឫស្សីទាំងនេះ»៕

ប្រភព៖ ​​postkhmer

  • ផលិត​ផល​សិប្បកម្ម​ ចាន​ស្រាក់​ឫស្សី​ ខ្សត់​អ្នក​ចាប់អារម្មណ៍​ជាវ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/18  Category:កំសាន្ត
Tags: