​ប្រាក់​រៀល ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ​ដល់​កម្ពុជា?

ថ្ងៃ ២០ មីនា ខាងមុខនេះ​ ធនាគារ​ជាតិ​នៃ​​កម្ពុជា នឹង​រៀបចំ​ទិវា​អបអរសាទរ​ ការ​ដាក់​ឱ្យ​ចរាចរ​ ប្រាក់​រៀល​ឡើងវិញ ​លើក​ទី ​៣៦ ក្នុង​គោលបំណង​រំឭក​ខួប និង​ ដើម្បី​បង្ហាញ​ការ​គាំទ្រ លើក​ទឹក​ចិត្តឱ្យ​វិស័យ​ឯកជន បង្កើន​ការ​ប្រើប្រាស់​ប្រាក់​រៀល នៅ​ក្នុង​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​ខ្លួន​ ដោយ​ស្មារតី​ស្ម័គ្រចិត្ត។ ការ​ប្រើប្រាស់​ប្រាក់​រៀល ផ្ដល់​​ប្រយោជន៍​អ្វី​ខ្លះ​ដល់កម្ពុជា​?

​ប្រាក់​រៀល ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ​ដល់​កម្ពុជា?
លោក ហ៊ន់ សុរចនា ប្រធានប្រតិបត្តិ

កម្ពុជា​នា​ ពេល​បច្ចុប្បន្ន បាន​អនុវត្ត​វិធី​ដោះដូរ​ ដោយ​ប្រើ​រូបិយប័ណ្ណ​​​បរទេស​លាយឡំ​គ្នា​ច្រើន​ជាង​​ប្រាក់​រៀល ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​ផ្នែក​សេដ្ឋកិច្ច​កម្ពុជា។ ដូច្នេះ​ការ​ប្រើប្រាស់​ប្រាក់​រៀល មិន​ត្រឹម​តែ​ជួយ​ផ្នែក​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ពង្រឹង​អត្តសញ្ញាណ​ជាតិ មោទនភាព​ជាតិ និង​អធិបតេយ្យ​សេដ្ឋកិច្ច។ ការ​រក្សា​អត្តសញ្ញាណ​ជាតិ ជា​កាតព្វកិច្ច​​មូលដ្ឋាន​របស់​ស្ថាប័ន​រដ្ឋ និង​ប្រជាពលរដ្ឋ​​ខ្មែរ​គ្រប់រូប ដើម្បី​លើក​ស្ទួយ​កេរ្តិ៍មរតក និង​កិត្តិនាម​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ។ មិន​តែ​ប៉ុណ្ណោះ ប្រាក់​រៀល បាន​ដើរ​តួនាទី​​ជា​ឧបករណ៍​​គោលនយោបាយ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​សំខាន់​មួយ​ក្នុង​ការ​ពង្រឹង​ភាព​រឹងមាំ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច កាត់​បន្ថយ​ភាព​ក្រីក្រ និង​សំដៅ​រួម​ចំណែក​រក្សា​ស្ថិរភាព​​ម៉ាក្រូ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

អ្វី​ខាងលើ​​ ជា​ការ​លើក​ឡើង​របស់​ លោក ហ៊ន់ សុរចនា ប្រធានប្រតិបត្តិនៃ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​អំពី “ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ក្នុង​ការចូលរួម​លើក​កម្ពស់​ប្រាក់​រៀល​ខ្មែរ” កាល​ពី​ព្រឹកមិញ​នេះ​។

គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​មាន​អាយុ​ជិត ៧ ខែ​​ក្នុង​វិស័យ MFI នៅ​កម្ពុជា​​របស់ លោក ហ៊ន់ សុរចនា បាន​​ប្រកាស​ប្រើប្រាស់​ប្រាក់​រៀល​ ចាប់​ពី​ពេល​នេះ​ទៅ​ហើយ ​ដោយ​ផ្ដល់​​ប្រាក់បៀវត្សរ៍ជា​ប្រាក់​រៀល ដល់​​បុគ្គលិក​គ្រប់​ជាន់​ថ្នាក់​ និង​រាល់​ការ​ចំណាយ​ទូទាត់​ផ្នែក​រដ្ឋបាល និង​លំហូរ​សាច់ប្រាក់​ផ្ទៃក្នុង​របស់​គ្រឹះស្ថាន ដើម្បី​លើក​កម្ពស់​ប្រាក់​រៀល​ខ្មែរ។

លោក​ថ្លែង​ថា៖ “នៅ​ប្រទេស​ភាគ​ច្រើនដែល​មាន​មោទនភាព នៃ​ភាព​រុង​រឿង​របស់​ជាតិ​ខ្លួន ដោយសារ​ប្រជាជន​ភាគច្រើន​ ចូលចិត្ត​ចាយ​ប្រាក់​ដែល​ឆ្លុះ​បញ្ចាំងពី​ប្រវត្តិសាស្ត្រ និង​តម្លៃ​របស់​ខ្លួន។ ប្រាក់​រៀល​មិន​ត្រឹម​តែ​សម្រាប់​ដោះដូរ​ផ្នែក​សេដ្ឋកិច្ច​​ប៉ុណ្ណោះ​ទេ វា​ជា​អត្តសញ្ញាណ​ជាតិ​ខ្មែរ និង​ជា​ឧបករណ៍​សម្រាប់​លើក​ស្ទួយ​សេដ្ឋកិច្ច​ជាតិ បង្កប់​នូវ​សិល្បៈ​យ៉ាង​រស់រវើក។ ជា​ការ​ស្នើ​ របស់​ខ្ញុំ​ផ្ទាល់​សម្រាប់​ប្រជាជន​ទូទៅ ខ្ញុំ​សង្ឃឹម​ថា ក្នុង​​ចំណោម​ក្រដាស​ប្រាក់ ដែល​បង​ប្អូន​ប្រជាពលរដ្ឋ​មាន ប្រាក់​រៀល​ខ្មែរ​នៅ​តែ​ជា​អាទិភាព​មុខ​គេ ក្នុង​ការ​ចាយ​វាយ​របស់​លោក​​អ្នក​ជានិច្ច”។

បើ​ងាក​មក​ការ​កម្ចី​ប្រាក់​​វិញ ប្រធានប្រតិបត្តិ​រូប​នេះ ​​បាន​បញ្ជាក់ថា ការ​ខ្ចី​ប្រាក់រៀល​​ក្នុង​គ្រឹះស្ថាន​របស់​លោក គឺមាន​តិច​បំផុត​ បើ​ធៀប​នឹង​ប្រាក់​ដុល្លារ ប៉ុន្តែ ​យ៉ាងណា​លោក​លើក​ទឹកចិត្ត​ដល់​អតិថិជន ក្នុង​ការ​​ខ្ចី​ប្រាក់​រៀល​ ដើម្បី​​​លើក​កម្ពស់​សេដ្ឋកិច្ច អត្តសញ្ញាណ តម្លៃ និង ​មុខមាត់​ជាតិ។

​​ប្រាក់​​រៀល​ខ្មែរ​បាន​កើត​ដំបូង​ក្នុង​ឆ្នាំ ១៩៥៦ បន្ទាប់​ពី​កម្ពុជា រួច​ផុត​ពី​​អាណានិគមនិយម​បារាំង គឺ​ជំនួស​ដោយ​ការ​ប្រើប្រាស់​ក្រដាស​ប្រាក់​ឥណ្ឌូចិន កម្ពុជា វៀតណាម ឡាវ៕

អត្ថបទ៖ អ៊ុំ សុភក្តិ ​
ប្រភព៖ sabay

  • ​ប្រាក់​រៀល ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ​ដល់​កម្ពុជា?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/18  Category:កំសាន្ត
Tags: