អ្វី​ដែល គៀត សុ​វ​ណ្ណា​ឡា​ង ខ្លាច​បំផុត​ក្នុង​អាជីព ?

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​គៀត សុ​វ​ណ្ណា​ឡា​ង បាន​បង្ហាញ​អារម្មណ៍​ស្មុគស្មាញ​ខ្លះ​ក្នុង​ការ​សម្រេចចិត្ត​ឲ្យ​ច្បាស់​សម្រាប់​ការងារ​សិល្បៈ​ប្រចាំ​ថ្ងៃ ។ ជម្រើស​ដែល​ស្រី​ស្អាត​រូប​នេះ​កំពុង​គិត​នោះ គឺ​រវាង​អាជីព​ចម្រៀង និង​សម្តែង ។

មក​ទល់​ពេល​នេះ​តារា​ស្រស់ប្រិមប្រិយ​គៀត សុ​វ​ណ្ណា​ឡា​ង ហាក់​មាន​ពន្លឺ​ឡើង​វិញ​ក្នុង​ពិភព​សិល្បៈ បន្ទាប់​ពី​នាង​រើខ្លួន​មក​ចូល​ក្នុង​ពិភព​សិល្បៈ​ភាពយន្ត​ដូច​គ្រា​ដំបូង​នោះ។ មាន​ភាពយន្ត​មួយ​ចំនួន​ដែល​គៀត សុ​វ​ណ្ណា​ឡា​ង​សម្តែង​បាន​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍ និង​តាម​រោង​ភាពយន្ត ហើយ​ត្រូវ​មហាជន​លើក​សរសើរ​ពី​ទេព​កោសល្យ​សម្តែង​​របស់​នាង ។ ទស្សនិកជន​សរសើរ​ថា​សុ​វ​ណ្ណា​ឡា​ង​សម្តែង​បាន​ល្អ ដូច្នេះ​ប្រសើរ​ជាង​អាជីព​ចម្រៀង​ដែល​កាត់​ផ្តាច់​ភាព​លេចធ្លោ​របស់​នាង​សឹង​ងើបមុខ​មិន​រួច​នោះ ។
តារា​សម្តែង​គៀត សុ​វ​ណ្ណា​ឡា​ង ត្រូវ​ទស្សនិកជន​ស្គាល់​ក្នុង​នាម​ជា​អ្នកសិល្បៈ​គ្រា​ដែល​នាង​ចូលរួម​សម្តែង​ខ្សែ​រឿង​ភាគ​មួយ​ចំនួន​នៅ​ទូរទស្សន៍​ស៊ី​ធី​អិន​ដែល​ជា​ស្នាដៃ​ផលិត​របស់​អ្នកស្រី​ពាន់ ភួង​បុ​ប្ជា ។ គ្រា​ដែល​អាជីព​សិល្បៈ​កំពុង​ងើបឡើង សុ​វ​ណ្ណា​ឡា​ង​បាន​ផ្លាស់​ប្តូរ​ទៅ​ធ្វើ​ជា​តារាចម្រៀង​ជាប់កិច្ចសន្យា​ច្រើន​ឆ្នាំ​របស់​ផលិតកម្ម​ភ្លេង​រី​ខ​ត​ជា​សាខា​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស ។ ធ្វើ​ជា​តារាចម្រៀង​ស្រស់​ស្រី​សុ​វ​ណ្ណា​ឡា​ង​ពុំ​សូវ​ទទួល​បាន​ជោគជ័យ​ដូច​តួនាទី​ជា​តារា​សម្តែង​ទេ ។ រឿង​នេះ​ធ្វើ​ឱ្យ​សុ​វ​ណ្ណា​ឡា​ង​ខកចិត្ត ព្រមទាំង​គិត​ថា​ចប់​កិច្ចសន្យា​នាង​នឹង​វិល​ទៅ​ពិភព​សម្តែង​វិញ ។

បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​កញ្ញា​គៀត សុ​វ​ណ្ណា​ឡា​ង​ឱ្យ​ដឹង​ថា «​នាង​ខ្ញុំ​ជិត​ផុត​កិច្ចសន្យា​ជាមួយ​ផលិតកម្ម​ភ្លេង​រី​ខ​ត​ហើយ ។ នាង​ខ្ញុំ​កំពុង​តែ​ពិចារណា​រឿង​ជ្រើសរើស​យក​មួយ​ណា ម្ខាង​ជា​តារាភាពយន្ត សម្តែង​ទៅ​មាន​អ្នកគាំទ្រ ម្ខាង​ទៀត​ជា​អាជីព​ចម្រៀង​ដែល​នាង​ខ្ញុំ​ស្រឡាញ់ សុទ្ធតែ​ជា​ការងារ​កើត​ចេញពី​សមត្ថភាព​ទាំង​២ ។​នាង​ខ្ញុំ​ទទួលស្គាល់​ថា​ការ​ច្រៀង​របស់​នាង​ខ្ញុំ គឺ​ហាក់​មិន​កក្រើក​ក្នុង​ពិភព​សិល្បៈ​ជាង​ការ​សម្តែង​ឡើយ ។ បើ​និយាយ​ពី​រឿង​សម្តែង​វិញ​មាន​មិត្តភក្តិ​ក៏​ដូច​ជា​មិត្ត​ក្នុង​ហ្វេ​ស​ប៊ុ​ក​នាំ​គ្នា​សរសើរ​ថា​ល្អ បើ​អាច​ទៅ​រួច​ចូល​សម្តែង​ឲ្យ​បាន​ស៊ុប​តែ​ម្តង​ទៅ ព្រោះ​ច្រៀង​ដូច​ជា​មិន​ទៅ​មុខ​សោះ​។ យ៉ាងណាមិញ​នាង​ខ្ញុំ​កំពុង​ពិចារណា​ស្រប​ពេល​ដែល​ខាង​ផលិតកម្ម​ភ្លេង​រី​ខ​ត​គេ​អនុញ្ញាត​ឲ្យ​នាង​ខ្ញុំ​បាន​សម្តែង​ប៉ុន្មាន​រឿង​ដែរ​នោះ មាន​អ្នក​ទាក់ទង​ច្រើន​ណាស់ គេ​ហៅ​ថតកុន អាច​ជា​ជម្រើស​មួយ​ដែល​ល្អ​ក្នុង​ពេល​ដែល​នាង​ខ្ញុំ​ផ្អាក​ពី​ការ​សម្តែង​ប៉ុន្មាន​ឆ្នាំ​មក​ហើយ នៅ​តែ​មាន​អ្នក​ត្រូវការ ។ មាន​អ្នក​ស្គាល់​នាង​ខ្ញុំ​ជា​ច្រើន​ប្រាប់​ថា​សម្តែង​វិញ​ទៅ ហើយ​បើ​សម្តែង​ល្អ រួច​ឡើង​ច្រៀង​បាន​ពីរោះ​ទៀត​នោះ ពិតជា​មាន​គេ​ចាប់អារម្មណ៍​។ ម្យ៉ាងទៀត​ឥឡូវនេះ​ខាង​ផលិតកម្ម​គាត់​ហាក់​បញ្ចូល​នូវ​បទ​ចម្រៀង ថ្មី​ៗ​ដល់​រូប​នាង​ខ្ញុំ​បាន​ច្រៀង​ខុស​ពី​មុន​ច្រើន​ដែល​ជា​មែកធាង​មួយ​ធ្វើ​ឲ្យ​នាង​ខ្ញុំ​ស្មុគស្មាញ​ចិត្ត​សម្រាប់​ការ​ជ្រើសរើស​មួយ​ណា​ល្អ​ជាង​មួយ​ណា​មែន » ។

គាត សុ​វ​ណ្ណា​ឡា​ង ទើបតែ​ត្រូវ​បាន​ផលិតកម្ម​អិ​ល​ឌី​ភី​ក​ឆើ​ឱ្យ​ចូលរួម​សម្តែង​បាន​ប៉ុន្មាន​រឿង​ដែរ ដូច​ជា​រឿង «​ម៉ែ​ដោះ​ក្រមុំ​»​ជា​រឿង​ភាគ​បញ្ចាំង​នៅ​ទូរទស្សន៍​បាយ័ន​ជាដើម។ ការ​សម្តែង​កុន​សុ​វ​ណ្ណា​ឡា​ង​ហាក់ដូចជា​យល់​ដឹង​ច្រើន ព្រោះ​ឆ្លងកាត់​ការ​បង្ហាញ និង​ចង្អុល​ប្រាប់​ពី​រៀមច្បង ក៏​ដូច​ជា​អ្នកដឹកនាំ​រឿង ។

អ្វី​ដែល​តារា​សម្តែង​រូប​នេះ​ខ្លាច​បំផុត​ចំពោះ​ការ​សម្តែង​នោះ គឺ​ការ​ថត​ឈុត​ឆាក​ស្នេហា​ឱប​ថើប នាង​មិនសូវ​ពូកែ​ទេ គឺ​ខ្មាស​អៀន​ខ្លាំង ។ «​ឲ្យ​តែ​មើល​សាច់​រឿង​ឃើញ​មាន​ឈុត​ថើប​ផ្អឹប​មាត់​គ្នា​នាង​ខ្ញុំ​សុំ​គេ​អត់​ថត​ទេ ព្រោះ​យើង​ជា​ស្រី​ខ្លាច​គេ​ថា ។ អីុ​ចឹ​ង​ហើយ​ទើប​នាង​ខ្ញុំ​អរគុណ​ដល់​អ្នក​ផលិត​មួយ​ចំនួន​គាត់​យល់ ហើយ​ចេះ​តែ ចៀស​ៗ​រឿង​ថត​បែប​បឺត​មាត់ និង​ថើប​មាត់​គ្នា​ដល់​រូប​នាង​ខ្ញុំ ។ ប៉ុន្តែ​បើ​ត្រឹមតែ​ឱប ឬ​កាន់​ដៃ​គ្នា​នោះ គឺ​នាង​ខ្ញុំ​ពិតជា​មិន​ថា​អ្វី​នោះ​ទេ តែ​ឈុត​ថើប​បឺត​មាត់​បើ​តារា​ស្រី​ណា​គាត់​ធ្វើ​បាន គឺ​នាង​ខ្ញុំ​សូម​សរសើរ គាត់​ហ៊ាន ប៉ុន្តែ​នាង​ខ្ញុំ​អត់​ទេ ស៊ីថ្លៃ​ប៉ុន្មាន​ក៏​មិន​ហ៊ាន​ហក់​ទៅ​ជាមួយ​ដែរ​» ៕

អ្វី​ដែល គៀត សុ​វ​ណ្ណា​ឡា​ង ខ្លាច​បំផុត​ក្នុង​អាជីព ?
អ្វី​ដែល គៀត សុ​វ​ណ្ណា​ឡា​ង ខ្លាច​បំផុត​ក្នុង​អាជីព ?
អ្វី​ដែល គៀត សុ​វ​ណ្ណា​ឡា​ង ខ្លាច​បំផុត​ក្នុង​អាជីព ?
អ្វី​ដែល គៀត សុ​វ​ណ្ណា​ឡា​ង ខ្លាច​បំផុត​ក្នុង​អាជីព ?

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload