ញាក់សាច់! ចាប់បានពស់ថ្លាន់យក្សស៊ីមនុស្ស Anaconda វែងបំផុត លើពិភពលោក នៅព្រៃអាម៉ាហ្សូន

អេក្វាទ័រ៖ កាលពីពេលថ្មីៗនេះ ឯកសាររបស់ BBC បានបង្ហាញឲ្យឃើញ ពីការចាប់បាន សត្វពស់ថ្លាន់ មានប្រវែងវែងបំផុត នៅលើពិភពលោក រហូតដល់ទៅ ១៧ហ្វីត (៥.១៨ម៉ែត្រ) ឯណោះ ដែលវារស់នៅយ៉ាងជ្រៅ ក្នុងព្រៃអាម៉ាហ្សូន។

លោក Gordon Buchanan អ្នកផលិតខ្សែភាពយន្ត វ័យ៤៣ឆ្នាំ បានបង្ហាញឯកសារនោះ នៅក្នុងកម្មវិធី «Tribes, Predators and Me» ដែលចេញផ្សព្វផ្សាយ នៅវេលាម៉ោង៩យប់ ថ្ងៃអាទិត្យ លើប៉ុស្តិ៍ «BBC Two»។

លោក Gordon បានចូលរួមជាមួយ ក្រុមកុលសម្ព័ន្ធ «Waorani» នៅតំបន់ដាច់ស្រយ៉ាល ក្នុងប្រទេសអេក្វាទ័រ ដើម្បីស្វែងរក សត្វពស់ថ្លាន់វែងបំផុតលើពិភពលោក។ ការប្រឈមគ្រោះថ្នាក់ ដ៏អស្ចារ្យរបស់ពួកគេនោះ គឺដើម្បីស្វែងរកចាប់ និងប្រលែង សត្វពស់ថ្លាន់យក្សមួយក្បាល ពូជ Anaconda ដែលជាសត្វ ដ៏គ្រោះថ្នាក់បំផុត នៅក្នុងព្រៃអាម៉ាហ្សូន ហើយក៏ជាសត្វ ដែលស៊ីមនុស្សជាអាហារទៀតផង។

ញាក់សាច់! ចាប់បានពស់ថ្លាន់យក្សស៊ីមនុស្ស Anaconda វែងបំផុត លើពិភពលោក នៅព្រៃអាម៉ាហ្សូន
លោក Gordon Buchanan និងក្រុមកុលសម្ព័ន្ធ Waorani

គួរបញ្ជាក់ផងដែរថា សត្វពស់ថ្លាន់យក្ស ដែលមានប្រវែង វែងបំផុតមួយក្បាលនោះ ត្រូវបានចាប់ និងប្រលែងវិញ នៅក្នុងកម្មវិធីនោះ ខណៈក្រុមកុលសម្ព័ន្ធទាំងនោះ មិនមានរងគ្រោះថ្នាក់អ្វីឡើយ។ នេះសបញ្ជាក់ឲ្យឃើញ ពីភាពក្លាហាន និង អំណាចខាងវិញ្ញាណ ដ៏អស្ចារ្យពួកគេ។

យ៉ាងណាមិញ នៅក្នុងកម្មវិធី «Tribes, Predators and Me» លោក Gordon មានរយៈពេលចំនួន ២សប្តាហ៍ ដើម្បីរៀនសូត្រ ពីអាថ៌កំបាំងសម្ងាត់ នៃជីវិតរស់នៅក្នុងព្រៃ ពីបុរាណមក របស់ក្រុមកុលសម្ព័ន្ធ «Waorani» នេះ ដោយពួកគេ គឺជាម្ចាស់ព្រៃ ហើយបានរៀនរស់នៅ ជាមួយនឹង សត្វព្រៃជាច្រើន រួមទាំង សត្វខ្លារខិន និង សត្វពស់ថ្លាន់យក្ស ផងដែរ។

ជាមួយគ្នានេះដែរ លោក Gordon បានចូលរួម ជាមួយក្រុមកុលសម្ព័ន្ធ «Waorani» ក្នុងការប្រមាញ់សត្វជ្រូកព្រៃ ដ៏គ្រោះថ្នាក់ និងស្វែងរកសត្វស្វា នៅលើដើមឈើខ្ពស់ៗ ក្នុងព្រៃដ៏ក្រាស់ ដោយប្រើប្រាស់ បំពង់ផ្លុំព្រួញពិស។

ជាងនេះទៅទៀត លោក Gordon ក៏បានមើលឃើញ ពីរបៀបដែលស្រ្តីកុលសម្ព័ន្ធទាំងនោះ ដាំដើមឈើ ធ្វើជាសួនច្បារនៅក្នុងព្រៃ និងរបៀបដែលពួកគេ ធ្វើជាមិត្តសម្លាញ់ជាមួយសត្វព្រៃ ដូចជា សត្វស្វា សត្វសេក និង សត្វ Tapir ជាដើម៕

ញាក់សាច់! ចាប់បានពស់ថ្លាន់យក្សស៊ីមនុស្ស Anaconda វែងបំផុត លើពិភពលោក នៅព្រៃអាម៉ាហ្សូន
សត្វ Tapir

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត