ព្រឹត្តិការណ៍ Inno Tech នឹង​នាំ​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា​កាន់​រីកចម្រើន

មហោស្រព​បច្ចេកវិទ្យា​និង​នវានុវត្តន៍ (Inno Tech) ​ដំបូង​បង្អស់​នៅ​កម្ពុជា ដែល​ធ្វើ​ឡើង​នៅ​វិទ្យស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ពី​ថ្ងៃ​ទី ១៨ និង ១៩​ខែ​មីនា ត្រូវ​​បាន​រៀប​ចំ​ឡើង​​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន​វិទ្យា (NIPTICT) ដោយ​មាន​ការ​សហការ​ជាមួយ សែលកាត ក្នុង​គោល​បំណង ផ្សព្វផ្សាយ​និង​ចូល​រួម​អភិវឌ្ឍ​វិស័យ ICT ក៏​ដូចជា​បង្ហាញ​ពី​ដំណោះ​ស្រាយ​បញ្ហា​ផ្សេងៗ​នៅ​ក្នុង​សង្គម។

 

ព្រឹត្តិការណ៍ Inno Tech នឹង​នាំ​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា​កាន់​រីកចម្រើន

 

Inno Tech ជា​មហោស្រព​និង​ពិព័រណ៍​បច្ចេកវិទ្យា​ច្នៃ​ប្រឌិត​ធំ​ដំបូង​នៅ​កម្ពុជា ដែល​មាន​ការ​បង្ហាញ​នូវ​គំនិត​បច្ចេកវិទ្យា​ច្នៃ​ប្រឌិត​ថ្មីៗ​ក្នុង​ស្រុក ដោយ​មាន​វត្តមាន​បណ្ដា​អង្គការ​សង្គម​ស៊ីវិល ភ្នាក់ងារ​តំណាង​រដ្ឋាភិបាល វិស័យ​ឯកជន និង​សហគមន៍​មូលដ្ឋាន​បច្ចេកវិទ្យា​ជា​ច្រើន​ទៀត ហើយ​ព្រឹត្តិការណ៍​នេះ​រំពឹង​ថា អាច​នឹង​មាន​អ្នក​ចូល​រួម​ទស្សនា​ជាង ៣ពាន់​នាក់។

 

ឯក​ឧត្តម សារ៉ាក់ ខាន់ រដ្ឋ​លេខាធិការ​ក្រសួង ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​មហោស្រព​បច្ចេកវិទ្យា​និង​នវានុវត្តន៍​កម្ពុជា​ដូច្នេះ​ថា មហោស្រព​នេះ​នឹង​ក្លាយ​ជា​កន្លែង​មួយ​ដែល​ស្ថាប័ន​នានា នឹង​អាច​ផ្សារ​ភ្ជាប់​សាធារណៈ​ជន អាជីវករ ក្រុមហ៊ុន អង្គការ និស្សិត​និង​បុគ្គល​ជាមួយ​អ្នក​ដទៃ​ផ្សេង​ទៀត ក្រោម​ទិស​ដៅ​មួយ​ថា “ការ​ប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ភាព​ល្អ​ប្រសើរ” និង​ជំរុញ​សហប្រតិបត្តិការ​ជា​ច្រើន​ផ្សេង​ទៀត។

 

ចំណែក​លោក ឡាស្លូ បារតា នាយក​ផ្នែក​ពាណិជ្ជកម្ម ក្រុមហ៊ុន​ សែលកាត មាន​ប្រសាសន៍​ថា មហោស្រព Inno Tech នេះ​ជា​ឱកាស​ពិសេស​មួយ​អាច​បញ្ជាក់​ថា កម្ពុជា​រីក​ចម្រើន​កម្រិត​ណា ក្នុង​ការ​ជំរុញ​បង្កើត​ដំណោះ​ស្រាយ​សង្គម ផ្អែក​លើ​បច្ចេកវិទ្យា​និង​ការ​ច្នៃ​ប្រឌិត។ លោក​ថា បច្ចេកវិទ្យា​និង​ភាព​ច្នៃ​ប្រឌិត​ជា​គន្លឹះ​សំខាន់​ក្នុង​ការ​នាំ​កម្ពុជា​ឆ្ពោះ​ទៅ​អនាគត ប្រកប​ដោយ​ភាព​រីកចម្រើន។

 

ដោយ​ឡែក លោក ជី សិលា នាយក​ក្រុមហ៊ុន Sabay Digital Corporation និង​ជា​វាគ្មិន​មួយ​រូប​ក្នុង​មហោស្រព​បច្ចេកវិទ្យា​និង​នវានុវត្តន៍ (Inno Tech) បាន​ឱ្យ​ដឹង​ថា លោក​គាំ​ទ្រ​ទាំង​ស្រុង​ចំពោះ​ការ​រៀប​ចំ​មហោស្រព​លើក​មួយ​នេះ ព្រោះ​វា​អាច​ផ្សារភ្ជាប់​ទំនាក់ទំនង​ល្អ​រវាង​បណ្ដា​អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​និង​បណ្ដា​ស្ថាប័ន​នានា និង​ជា​មធ្យោបាយ​មួយ​នាំ​ឱ្យ​មាន​ការ​សហការ​ល្អ​នឹង​គ្នា​ដើម្បី​សម្រេច​បាន​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ជួយ​ដល់​សង្គម។ លោក​សង្ឃឹម​ថា Inno Tech នឹង​ធ្វើ​ឡើង​នៅ​កម្ពុជា​រៀងរាល់​ឆ្នាំ​ ហើយ​ឆ្នាំ​ក្រោយៗ​នឹង​កាន់​តែ​ធំ​ជាង​ឆ្នាំ​នេះ​ទៀត។

 

ព្រឹត្តិការណ៍ Inno Tech នឹង​នាំ​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា​កាន់​រីកចម្រើន

 

មហោស្រព Inno Tech ជា​ព្រឹត្តិការណ៍​ធំ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង៖
១. ចែក​រំលែក​ព័ត៌មាន និង​ចំណេះ​ដឹង​អំពី​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ដើម្បី​ការ​អភិវឌ្ឍ​ដែល​បង្កើត​ឡើង​ដោយ​ស្ថាប័ន អង្គការ​សង្គម​ស៊ីវិល និង​ក្រុមហ៊ុន​ឯកជន​ចំពោះ​អ្នក​ចូល​រួម​ទូទៅ។
២. ផ្តល់​ព័ត៌មាន​ពី​ការ​ប្រមូល​មូលនិធិ​គាំទ្រ​គម្រោង​បច្ចេកវិទ្យា និង​គាំទ្រ​ការ​ប្រែ​ក្លាយ​ខ្លួន​ពី​ស្ថាប័ន​ដែល​មិន​ស្វែងរក​ប្រាក់​ចំណេញ ទៅ​ជា​សហគ្រាស​សង្គម​ដែល​អាច​ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ។
៣. ប្រមូល​ផ្តុំ​អ្នក​ជំនាញ​បច្ចេកវិទ្យា​និង​អ្នក​ដោះ​ស្រាយ​បញ្ហា​សង្គម​នានា និង​ស្វែង​រក​ការ​គាំទ្រ​ការ​វិនិយោគ​ពី​វិស័យ​ឯកជន​ដែល​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ។
៤. បង្កើត​ឱកាស​ដល់​អ្នក​ជំនាញ​បច្ចេកវិទ្យា និង​សហគ្រិន ក្នុង​ការ​ចែក​រំលែក​បទ​ពិសោធន៍​របស់​ខ្លួន​សម្រាប់​ជា​ប្រយោជន៍​ដល់​អ្នក​ចូល​រួម​ទូទៅ។
៥. ធ្វើការ​ពង្រឹង​កិច្ចសហការ​ក្នុង​ចំណោម​វិស័យ​សាធារណៈ សង្គម​ស៊ីវិល និង​វិស័យ​ឯកជន ដើម្បី​ទាញ​ប្រយោជន៍​ពី​បច្ចេកវិទ្យា​ដើម្បី​ការ​អភិវឌ្ឍន៍​កាន់​តែ​ប្រសើរ​ឡើង​ក្នុង​ប្រទេស​កម្ពុជា៕

 

អត្ថបទ៖ ប៉ែត ផាន់និត