រុ​ស្ស៊ី​បង្ហើយការ​ដកទ័ព​របស់​ខ្លួន​ពី​ស៊ី​រី​2​ឬ​3​ថ្ងៃ​ទៀត

មេបញ្ជាការ​កងទ័ពអាកាស​រុ​ស្ស៊ី លោក​ឧត្តមសេនីយ៍ វិក​ទ័​រ បុ​ន​ដា​រេ​វ បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៧ ខែមីនា ថា រុ​ស្ស៊ី​នឹង​បង្ហើយការ​ដក​កងឯកភាព​យោធា​មួយ​ផ្នែក​ធំ​ចេញពី​ស៊ី​រី​តាម​បញ្ជា​របស់​ប្រធានាធិបតី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន រយៈពេល​២​ឬ​៣​ថ្ងៃ​ទៀត ។

លោក​ឧត្តមសេនីយ៍ វិក​ទ័​រ បុ​ន​ដា​រេ​វ បាន​ថ្លែង​ទៅ​កាន់​កាសែត​កុំ​សូ​ម៉ូ​ល​ស្កា​យ៉ា ប្រាវ​ដា ថា ខ្ញុំ​គិត​ថា ការ​ដកទ័ព​នឹង​បញ្ចប់​ដោយ​ឆាប់រហ័ស​បំផុត ។ ២​ឬ​៣​ថ្ងៃ​ទៀត យើង​អនុវត្ត​ចប់​សព្វគ្រប់​បេសកកម្ម​កំណត់​ដោយ​លោក​ប្រធានាធិបតី​ពូ​ទី​ន និង​រដ្ឋមន្ត្រី​ការពារ​ប្រទេស​លោក​ស៊ែ​រ​ហ្គេ​យ ឆ​យ​ហ្គូ ។

លោក​ឧត្តមសេនីយ៍​បន្ត​ថា នេះ​ជា​ដក​កងទ័ព ជា​ពិសេស​យន្តហោះ​និង​ឧទ្ធម្ភាគចក្រ តែ​លោក​ពុំ​បាន​បញ្ជាក់​ពី​ចំនួន​យន្តហោះ​ឬ​ឧទ្ធម្ភាគចក្រ​ដែល​ដក​ទៅ​រុ​ស្ស៊ី​វិញ ព្រមទាំង​ចំនួន​យន្តហោះ​ដែល​នឹង​រក្សា​ទុក​នៅ​ស៊ី​រី​ឡើយ ។

ប្រទេស​រុ​ស្ស៊ី បាន​ដាក់​ពង្រាយ​នៅ​ស៊ី​រី​នូវ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ប្រមាណ​ជា​៥០​គ្រឿង បណ្តា​យន្តហោះ​វាយប្រហារ​មក​ដី​ព្រមទាំង​ឧទ្ធម្ភាគចក្រ​ទាំងឡាយ ដែល​ចេញ​ធ្វើការ​វាយប្រហារ​តាម​អាកាស​ជា​ច្រើន​ពាន់​លើក ។

ប្រធានាធិបតី​រុ​ស្ស៊ី បាន​ប្រកាស​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ជា​ទូទៅ កាលពី​យប់​ថ្ងៃ​ទី​១៤ ខែមីនា ថា ភារកិច្ច​របស់​កងកម្លាំង​យោធា​រុ​ស្ស៊ី​នៅ​ស៊ី​រី​ត្រូវ​បាន​បំពេញ​ទាំងស្រុង រួច​ចេញ​បញ្ជា​ឱ្យ​ដក​កងឯកភាព​យោធា​រុ​ស្ស៊ី​មួយ​ផ្នែក​ធំ ។

អាកាសយានិក​ដំបូង​ៗ​របស់​រុ​ស្ស៊ី​បាន​ចាកចេញ​កាលពី​ថ្ងៃ​ទី​១៥ ខែមីនា ពី​មូលដ្ឋាន​អាកាសចរណ៍ HMEIMIM ភាគ​ពាយ័ព្យ​ស៊ី​រី និង​ទៅ​ដល់​ប្រទេស​រុ​ស្ស៊ី​រួច​ហើយ រួច​ក្រុម​ទី​២​បាន​ទៅ​ដល់​ថ្ងៃ​ទី​១៦ ខែមីនា ។

វិមាន​ក្រឹម​ឡាំង​ប្រកាស​នៅ​ថ្ងៃ​ទី​១៦ ខែមីនា ថា លោក វ្ល៉ា​ឌី​មៀរ ពូ​ទី​ន នឹង​បំពាក់​គ្រឿង​ឥស្សរិយយស​នៅ​ថ្ងៃ​ទី​១៧ ខែមីនា ដល់​បណ្តា​ទាហាន​រុ​ស្ស៊ី​ដែល​ចូលរួម​ក្នុង​ប្រតិ​បត្តិការ​នៅ​ស៊ី​រី ។ ទាហាន​និង​នាយទាហាន​ជាង​៧០០​នាក់ របស់​កងទ័ព​រុ​ស្ស៊ី ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ពិធី​មួយ​ដែល​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​១៧ ខែមីនា វេលា​ម៉ោង​១០​ម៉ោង​សាកល ៕