ហ៊ឹ​ម សេរី និង សែន រ៉ា​ដេ​ត ត្រៀម​កណ្ដាប់ដៃ​ស្វាគមន៍​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​ថ្ងៃនេះ

រាជធានី​ភ្នំពេញ ៖ ហ៊ឹ​ម សេរី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ត្រូវ​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ខ្វាន់​ភី​ឈី​ត ស​.​ស៊ីសម​ភុង​ស៍ ចំណែក សែន រ៉ា​ដេ​ត មក​ពី​ក្លិប​អប្សរា​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ សង​ឃុំ ស​.​ច​សាយ​បួ នៅ​លើ​សង្វៀន​ស៊ី​ធី​អិន ថ្ងៃ​សៅរ៍​ ទី​១៩ មីនា នេះ​។

អ្នក​ប្រដាល់​ថៃ​ទាំង​២​រូប​នេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​ស្រុក​ខ្មែរ​ម្ដងណា​ឡើយ ប៉ុន្តែ​សម្រាប់​វត្តមាន​ពួក​គេ​ទាំង​២​លើក​នេះ បើ​តាម​ការ​ឱ្យ​ដឹង​ពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ថា កីឡាករ​កម្ពុជា​មិន​អាច​មើល​ស្រាល​ពួក​គេ​បាន​ឡើយ ។ ហ៊ឹ​ម សេរី ទើបតែ​ប្រកួត​បាន​៤៥​ដង​ប៉ុណ្ណោះ ក្នុង​នោះ​ឈ្នះ​៤០​ដង ចាញ់​៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​៨​ដង ។ រីឯ​ខ្វាន់​ភី​ឈី​ត ស​.​ស៊ីសម​ភុង​ស៍ ធ្លាប់​ប្រកួត​បាន​រហូត​ដល់​ទៅ​៧៥​ដង ឈ្នះ​៥០​ដង ចាញ់​២២​ដង និង​ស្មើ​៣​ដង ។ ដូច្នេះ បើ​យោង​តាម​ប្រវត្តិ​ប្រកួត ហ៊ឹ​ម សេរី ប្រហែលជា​យ៉ាប់​បន្តិច​ហើយ ។ ម្យ៉ាង ហ៊ឹ​ម សេរី មួយ​រយៈ​មកនេះ មិនសូវ​ឃើញ​លេចមុខ​នៅ​លើ​សង្វៀន​ញឹកញាប់​ដូច​មុន​ទៀត​ផង ធ្វើ​ឱ្យ​គេ​កាន់​តែ​លែង​ទុកចិត្ត​ថែម​ទៀត ។

ហ៊ឹ​ម សេរី និង សែន រ៉ា​ដេ​ត ត្រៀម​កណ្ដាប់ដៃ​ស្វាគមន៍​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​ថ្ងៃនេះ

ចំណែក សែន រ៉ា​ដេ​ត ដែល​ធ្លាប់​ប្រកួត​បាន​៣៩​ដង ឈ្នះ​៣១​ដង ចាញ់​៨​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​១១​ដង ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​សង​ឃុំ ស​.​ច​សាយ​បួ ដែល​ធ្លាប់​ប្រកួត​បាន​៤៨​ដង ឈ្នះ​៣៥​ដង ចាញ់​១០​ដង និង​ស្មើ​៣​ដងនោះ បើ​តាម​ការ​ស្ទាបស្ទង់​គឺ​អាច​ស៊ីសង​គ្នា​បាន ។ ថ្វី​ដ្បិតតែ សែន រ៉ា​ដេ​ត មាន​ប្រវត្តិ​ប្រកួត​តិច​ជាង​កីឡាករ​ថៃ​បន្តិច​មែន តែ​សមត្ថភាព​ប្រកួត​របស់​គេ​ទាំង​ផ្លែ​កែង និង​ជង្គង់ គឺ​អាច​ទុកចិត្ត​បាន ។ ទោះបី​យ៉ាងណា កីឡាករ​ថៃ​ក៏​មាន​សមត្ថភាព​មិនធម្មតា​ដែរ​ទេ ទើប​ទទួល​បាន​ឱកាស​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ ។ ជាក់ស្ដែង​មួយ​រយៈ​ចុង​ក្រោយ​នេះ សមាសភាព​កីឡាករ​ថៃ​ដែល​គេ​បញ្ជូន​មក​ភាគច្រើន​សុទ្ធតែ​ជា​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ​និង​រមែង​ស្ពាយ​ជ័យជម្នះ​ត្រឡប់​ទៅ​វិញ ។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​មាន​កីឡាករ ព្រឿ​ង សុ​ជាតិ មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ប្រកួត​ជាមួយ​កីឡាករ​ឡូញ វ៉ា​ន់​ឌី មក​ពី​ក្លិប​ពន្លឺ​វិបុល ។ កីឡាករ ឡុ​ង ជិន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ ជ័យ ប៊ុ​ន​សង់ មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ និង​កីឡាករ អ៊ុំ វ​ណ្ណេ​ត មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ប្រកួត​ជាមួយ​កីឡាករ វ៉ា​ន់ ចាន់​វ៉េ​ត មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ ៕