ក្រសួងការបរទេស ប្រកាស​ពី​ការប្រឡង «​កម្មវិធី​វិជ្ជាជីវៈ​វ័យក្មេង​» ២០១៦ របស់ អង្គការសហប្រជាជាតិ​

ភ្នំពេញ:
យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​នា​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹងថា ការិយាល័យ ធនធានមនុស្ស​របស់ អង្គការសហប្រជាជាតិ នឹង​រៀបចំ​ការប្រឡង «​កម្មវិធី​វិជ្ជាជីវៈ​វ័យក្មេង​» ២០១៦ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៦ ដើម្បី​ជ្រើសរើស​បេក្ខជន បេ​ក្ខ​នារី​វ័យក្មេង និង​មាន​សមត្ថភាព ពី​បណ្តា​ប្រទេស​សមាជិក​របស់​អង្គការសហប្រជាជាតិ ទៅ​បម្រើ​ការងារ នៅ លេខាធិការដ្ឋាន​អង្គការសហប្រជាជាតិ​។​

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នោះ​បន្តថា ក្នុ​ករណី​បេក្ខជន​កម្ពុជា លើសពី​១៥​នាក់ ដែល​ត្រូវបាន​ជ្រើសរើស អោយ​ចូលរួម​ប្រឡង ហើយ​មានបំណង​ចង់​ប្រឡង​វិញ្ញាសារ​សរសេរ​នៅ​កម្ពុជា​នោះ រដ្ឋាភិបាល​នឹង​រៀបចំ​អោយមាន​មណ្ឌល​ប្រឡង​នៅ​កម្ពុជា តាម​សំណើរ​របស់​អង្គការ សហប្រជាជាតិ ដើម្បី​សំរួល​ដល់​ការប្រឡង​របស់​បេក្ខជន​/​បេ​ក្ខ​នារី កម្ពុជា​យើង​។  

​សូមបញ្ជាក់ថា «​កម្មវិធី​វិជ្ជាជីវៈ​វ័យក្មេង​» ត្រូវ​បានអនុម័ត​ក្នុងសម័យ​ប្រជុំ​លើក​ទី​៦៥ ឆ្នាំ​២០១០ របស់​មហាសន្និបាត អ​.​ស​.​ប ហើយ​មាន​គោលដៅ កែលំអ «​តំណាង​តាម​ភូមិសាស្ត្រ​» របស់​បណ្តា​ប្រទេស​សមាជិក នៅក្នុង​លេខាធិការដ្ឋាន​។ បច្ចុប្បន្ន​មាន​ពលរដ្ឋ កម្ពុជា ៤​នាក់ (​ប្រុស​២​នាក់ និង​ស្រី​២​នាក់​) កំពុងធ្វើការ​ងារ​នៅក្នុង​លេខាធិការដ្ឋាន អ​.​ស​.​ប នៅ​ទីក្រុង​ញូវយ៉ក​។​

​ចំពោះមុខ​ជំនាញ​ដែល​ត្រូវ​ជ្រើសរើស និង​ព័ត៌មាន​លំអិត អំពី​មណ្ឌល​ប្រឡង អង្គការសហប្រជាជាតិ នឹង​ប្រកាស​ផ្សាយ​នៅ​ដើមខែ​មេសា ឆ្នាំ​២០១៦ ក្នុង​គេហទំព័រ career.un.org/ypp៕​